តារាល្បីៗនៅក្នុងប្រទេសចិននិងហុងកុងបានប្រមូលប្រាក់ជួយដល់ជនរងគ្រោះនៅក្នុងហេតុការផ្ទុះយ៉ាងខ្លាំងនៅទីក្រុងTianjinដែលមានកម្លាំងផ្ទុះស្មើនិងរំសេវTNT24 តោន ឬស្មើគ្រាប់បែកបរម៉ាណូមួយគ្រាប់ ដែលអាមេរិកទម្លាក់នៅប្រទេសជប៉ុន។ ការបំផ្ទុះនោះបានបំផ្លាញទ្រព្យសម្បត្តិនិងអាយុជីវិតជាច្រើនមហាសាល។
នៅក្នុងពិធីបង្ហាញខ្សែភាពយន្តថ្មី«ស្នេហ៍ទី៣» តារាល្បីៗនៅក្នុងខ្សែភាពយន្តដូចជាSong Seung Heon បានបង្ហាញការសោកសៅ និងបួងសួងដល់ជនរងគ្រោះមានសំណាងអាក្រក់ទៅកាន់សុគតិភព។ ការផ្ទុះកាលពីថ្ងៃទី១២ខែសីហានៅTianjinបានធ្វើឲ្យពលរដ្ឋនៅក្នុងប្រទេសចិននិងនៅលើពិភពលោកទាំងមូលមានការតក់ស្លុតយ៉ាងខ្លាំង។ សហគមន៍អន្តរជាតិបានចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះក្នុងហេតុការផ្ទុះជាទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រប្រទេសចិន។ ក្នុងពេលជាមួយគ្នានោះក្រុមតារាC-Biz បានរួមគ្នាបរិច្ចាគប្រាក់ជាច្រើនជួយដល់ជនរងគ្រោះ។
តារាស្រីដ៏ល្បីល្បាញមួយរូបក្នុងចំណោមតារានៅក្នុងប្រទេសចិននាងBingbingបានចំណាយប្រាក់១ពាន់លានយ៉េន ជិត២០មឺុនដុល្លារដល់គ្រួរសារជនរងគ្រោះពិសេសក្រុមពន្លត់អគ្គិភ័យដែលបានពលីជីវិតពេលបំពេញការងារ។ ក្នុងពេលនេះដែរមិត្តប្រុសរបស់នាងគឺតារាសម្តែង Li Shenក៏បានចំណាយប្រាក់៥សែនយ៉េន ជិត១០មឺុនដុល្លារជួយដល់ជនរងគ្រោះផងដែរ។
ក្នុងពេលជាមួយគ្នានេះគូស្នេហ៍ Huang Xiaoming – Angelababyបានចំណាយប្រាក់២លានយ៉េន ជាង៣០មឺុនដុល្លារ ជួយដល់គ្រួសារក្រុមពន្លត់អគ្គិភ័យស្លាប់នៅក្នុងហេតុការនោះ។
ចំណែកកំពូលតារាវាយតប់លោកចាកគីចាន់ (ឈិនឡុង)កាលពីរសៀលថ្ងៃទី១៣ខែសីហាបានប្រកាសជួយដល់គ្រួសារជនរងគ្រោះក្នុងហេតុការផ្ទុះខាងលើនៅទឹកប្រាក់៣លានយ៉េន ជិត៥០មឺុនដុល្លារ។ ការបរិច្ចាគ លើកនេះមានទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានរបស់ក្រុមតារានៅក្នុងប្រទេសចិន។ បន្ទាប់ពីតារាល្បីៗលំដាប់ពិភពលោកនៅមានតារានៅក្នុងស្រុកក៏បានបរិច្ចាគប្រាក់ផ្ទល់ខ្លួនជាច្រើនជួយដល់ជនរង្គ្រោះក្នុងហេតុការខាងលើ៕
ប្រែសម្រួល៖ ម៉ែវ សាធី