ខេត្តកំពង់ចាម៖ នៅថ្ងៃទី 14 ខែសីហា ឆ្នាំ 2015 នេះ លោក ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារក្រសួង ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវនៅក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ។
ថ្លែងនៅក្នុងការចុះពិនិត្យនេះ លោករដ្ឋលេខាធិការ បានបញ្ជាក់ថា គិតមកដល់ពេលនេះការងារបង្កបង្កើនផលស្រូវវស្សានៅក្នុងខេត្តកំពង់ចាម សម្រេចបាន 68.600ហិកតា ស្មើនឹង 79,27% នៃផែនការដែលបានដាក់ចុះ។
ឯនៅខេត្តត្បូងឃ្មុំសម្រេចបាន 62.408ហិកតា ស្មើនឹង 79,79% នៃផែនការ ពោលគឺមានស្ថានភាពប្រហាក់ប្រហែលទៅនឹងការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ 2014 កន្លងមកដែរ។ ស្រូវដែលបានបង្កបង្កើនផលហើយ បច្ចុប្បន្នគឺមានទឹកគ្រប់គ្រាន់ មិនមានបញ្ហាអ្វីគួរឱ្យព្រួយបារម្ភទេ។
លោក រដ្ឋលេខាធិការ ក៏បានណែនាំដល់ប្រធានមន្ទីរនៃខេត្តទាំងពីរ ត្រូវយកចិត្តទុកដាក់នៅក្នុងការថែរក្សាទឹកទុក ព្រោះថាក្នុងរយៈពេល 2-3ថ្ងៃខាងមុខ ទឹកទន្លេមេគង្គ អាចចាប់ផ្តើមស្រកចុះវិញបន្តិច ដូចនេះបណ្តាព្រែកមួយចំនួនធំ ដែលបានទទួលរបបទឹកទន្លេមេគង្គរួចហើយ មន្ទីរត្រូវប្រឹងប្រែងឱ្យអស់លទ្ធភាព ពិសេសគឺការប្រើប្រាស់សំបកបាវ ដែលក្រសួងបានផ្តល់ជូននាពេលកន្លងមក រៀបចំធ្វើជាទំនប់ដើម្បីទប់ទឹករក្សាទុកក្នុងតួព្រែក សម្រាប់ប្រើប្រាស់ក្នុងការងារបង្កបង្កើនផល ៕