ខេត្តប៉ៃលិន ៖ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ មានករណីផ្ទុះមីន បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅចំណុចអូរតាផៃ ស្ថិតក្នុងភូមិបរហ៊ុយជើង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
សេចក្តីរាយការណ៍បានឲ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះ លឿង រស្មី ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរបុគ្គលិកអង្គការ HALLO រស់នៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បណ្តាលអោយស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតឈ្មោះ ងុយ ថានី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកអង្គការ HALLO រស់នៅភូមិអូរសំរិល ស្រុកសំឡូតខេត្តបាត់ដំបង រងរបួសធ្ងន់ត្ដឹកតាមឧទ្ធម្ភាគចក្រទៅសង្គោះបន្ទាន់នៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា នៅវេលាម៉ោងកើតហេតុខាងលើ ឈ្មោះ លឿង រស្មី (ស្លាប់) បានរាវរកឃើញ មីនប្រភេទ GYATA រួចក៏ធ្វើការដោះមីនខុសបច្ចេកទេសក៏បណ្តាលអោយផ្ទុះស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងតែម្តង និងបណ្តាលអោយឈ្មោះ ងុយ ថានី ភេទស្រី រងរបួសធ្ងន់ ដែលធ្វើការរុករកមីននៅក្បែរគ្នានោះ ។
សពត្រូវបានរក្សាទុកនៅទីស្នាក់ការរបស់អង្គការ ដើម្បីរង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស សារ៉េត