មន្ត្រីអាមេរិកបានថ្លែងប្រាប់ប្រភពព័ត៌មាន ABC ហើយត្រូវប្រភពព័ត៌មានប៊ីប៊ីស៊ីដកស្រង់មកផ្សព្វផ្សាយបន្តនៅថ្ងៃទី១៥ ខែសីហាឆ្នាំ២០១៥ថា ស្ត្រីជាបុគ្គលិកផ្នែកមនុស្សធម៌សញ្ជាតិអាមេរិកត្រូវបានសម្លាប់កាលពីខែកុម្ភៈ ឆ្នាំ២០១៥ ខណៈដែលត្រូវចាប់ធ្វើជាចំណាប់ខ្មាំងដោយក្រុមរដ្ឋអិស្លាម (IS) ស្ថិតនៅក្នុងប្រទេសស៊ីរី ។ នាងទទួលរងការរំលោភបំពានផ្លូវយ៉ាងធ្ងន់ពីសំណាក់មេដឹកនាំក្រុមឧទ្ទាមរដ្ឋអិស្លាម ។
ប្រភពបន្តថា ស្ត្រីបុគ្គលិកផ្នែកមនុស្សធម៌ Kayla Mueller អាយុ២៦ឆ្នាំ ត្រូវបុរសមេដឹកនាំក្រុមរដ្ឋអិស្លាម Abu Bakr al-Baghdadi ធ្វើសកម្មភាពចាប់រំលោភជាច្រើនដង ។ មន្ត្រីប្រឆាំងក្រុមភេរវកម្មបានផ្តល់ព័ត៌មាននេះជូនក្រុមគ្រួសាររងគ្រោះបានដឹងកាលពីខែកក្កដា ឆ្នាំ២០១៥ ។
ជនរងគ្រោះ Mueller ត្រូវចាប់ជំរិតខណៈកំពុងបំពេញការងារនៅក្នុងទីក្រុងអាឡេប៉ូ ប្រទេសស៊ីរី ក្នុងឆ្នាំ២០១៣ ។ ក្រុមរដ្ឋអិស្លាមIS បានប្រកាសថា នាងត្រូវបានសម្លាប់នៅក្នុងហេតុការណ៍វាយប្រហារតាមដែនអាកាសរបស់កងទ័ពហ្ស៊កដង់ ប៉ុន្តែសហរដ្ឋអាមេរិកបានបន្ទោសថា ក្រុមរដ្ឋអិស្លាមគឺជាអ្នកដែលសម្លាប់នាងដោយផ្ទាល់ ។
ថ្លេងទៅកាន់ទីភ្នាក់ងារព័ត៌មាន ABC News ឪពុកម្តាយរបស់នាងរងគ្រោះ គឺ Carl និង Marsha បញ្ជាក់ថា «យើងខ្ញុំទទួលបានព័ត៌មានថា កូនរបស់ពួកយើង Kayla ត្រូវបានគេធ្វើទារុណកម្ម ហើយថា នាងជាទ្រព្យរបស់ Baghdadi ។ យើងទទួលព័ត៌មាននេះពីរដ្ឋាភិបាលកាលពីខែកក្កដា» ។
មន្ត្រីអាមេរិកត្រូវប្រភពABC បន្តដកស្រង់សម្តីមកចុះផ្សាយថា Baghdadi ជាឯកឯងបាននាំយកបុគ្គលិកជំនួយមនុស្សធម៌ឆ្ពោះទៅកាន់លំនៅឋានសមាជិកជាន់ខ្ពស់របស់ក្រុមរដ្ឋអិស្លាមម្នាក់ ឈ្មោះ Abu Sayyaf ដែលទទួលបន្ទុកប្រេង និងឧស្ម័នរបស់ក្រុមIS រហូតទាល់តែមានការបាត់បង់ជីវិតកាលពីខែមេសា ដោយសារប្រតិបត្តិការរបស់កងកម្លាំងពិសេសអាមេរិក ។ កងកម្លាំងពិសេសរបស់អាមេរិកធ្វើប្រតិបត្តិការវាយឆ្មក់សម្លាប់ Abu Sayyaf ។
តាមប្រភពដដែលបញ្ជាក់ថា Baghdadi តែងតែទៅកាន់ទីនោះជានិច្ច ទីដែលនាងរងគ្រោះត្រូវបានគេឃុំខ្លួន និងបំពានផ្លូវភេទទៅលើរូបនាងរងគ្រោះ ។
មន្ត្រីដដែលបានបញ្ជាក់ថា ពួកគេទទួលបានព័ត៌មានទាំងនេះពីក្មេងស្រីជំទង់២នាក់ដែលត្រូវក្រុមរដ្ឋអិស្លាមចាប់ធ្វើចំណាប់ខ្មាំង និងបង្ខំឲ្យធ្វើទាសករផ្លូវភេទនៅក្នុងបរិវេណគ្រប់គ្រងរបស់ Sayyaf ក្នុងអំឡុងពេលដែលអាមេរិកបើកយុទ្ធនាការវាយប្រហារនៅទីនោះ ៕
ប្រែសម្រួល៖ យ៉ាត