ភ្នំពេញ ៖ គណបក្សខ្មែររួបរួមជាតិ បានសម្រេចធ្វើការចងសម្ព័ន្ធភាព និងធ្វើកិច្ចសហប្រតិបត្តិការជាផ្លូវការជាមួយគណបក្សយុត្តិធម៌ជាតិខ្មែរ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារ សាន់វ៉េ ។
ការចុះហត្ថលេខាចងសម្ព័ន្ធភាពរវាងគណបក្សទាំងពីរ គឺត្រូវធ្វើឡើងរវាងលោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ជាមួយលោកហ៊ាង រិទ្ធី ប្រធានគណបក្សយុត្តិធម៌ជាតិខ្មែរ។
មន្ត្រីជាន់ខ្ពស់គណបក្សខ្មែររួបរួមជាតិបានឲ្យដឹងថា ការសម្រេចធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាជាមួយគណបក្សយុត្តិធម៌ជាតិខ្មែរគឺដើម្បីឈានទៅដល់ការធ្វើសម្ព័ន្ធភាពជាមួយគ្នា និងរួមគ្នាតែមួយ ក្រោមដំបូលគណបក្ស ខ្មែររួបរួមជាតិ ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅឆ្នាំ២០១៨ ខាងមុខនេះ។
មន្ត្រីដដែលបានបន្តថា ការសម្រេចចងសម្ព័ន្ធភាពជាមួយគណបក្ស យុត្តិធម៌ជាតិខ្មែរ គឺក្នុងចំណោមគណបក្សនយោបាយចំនួន០៦ ដែលទើបតែបង្កើតថ្មី។ ហើយនៅពេលខាងមុខគណបក្សខ្មែររួបរួមជាតិ និងចងសម្ព័ន្ធភាពជាមួយគណបក្សនយោបាយផ្សេងទៀតផងដែរ។
ជាមួយនឹងការសម្រេចចងសម្ព័ន្ធភាពជាមួយគណបក្សយុត្តិធម៌ជាតិខ្មែរ ត្រូវបានលោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បញ្ជាក់អំពីបញ្ហាប្រឈមខ្លាំង និងគ្មានធនធានគ្រប់គ្រាន់។ ប៉ុន្តែលោកមានជំនឿថា ដោយស្មារតីទទួលខុសត្រូវ និងឆន្ទៈស្នេហាមោះមុតចំពោះគណបក្សខ្មែររួបររួមជាតិ នឹងជំនះរាល់បញ្ហាស្មុគស្មាញ និងឧបសគ្គគ្រប់បែបយ៉ាងជាក់ជាពុំខាន។
លោកបានបន្តថា ជោគជ័យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គឺជាមូលដ្ឋានសម្រាប់ឈានទៅរកជ័យជំនះរបស់គណបក្សខ្មែររួបរួមជាតិ នៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨។
លោកញឹក ប៊ុនឆៃ បានបន្តទៀតថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ គណបក្សខ្មែររួបរួមជាតិ នឹងចូលរួមប្រកួតប្រជែងការបោះឆ្នោត ដោយប្តេជ្ញាចិត្តមោះមុតឲ្យទទួលបានជោគជ័យ ពោលគឺឲ្យមានអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ នៅគ្រប់ឃុំសង្កាត់ ទូទាំងប្រទេស។ ដោយលោកបានបញ្ជាក់ថា “ខ្ញុំសូមរម្លឹកជូនថា នេះគឺជាឱកាសដ៏សំខាន់ណាស់សម្រាប់គណបក្សយើង ពីព្រោះជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គឺជាមូលដ្ឋានសម្រាប់ទៅរកជ័យជំនះជាស្ថាពររបស់គណបក្សខ្មែររួបរួមជាតិ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណារាស្ត្រនៅឆ្នាំ២០១៨ ខាងមុខនេះ”។
ប្រធានគណបក្សខ្មែររួបរួមជាតិ បានលើកឡើងថា មូលដ្ឋានគ្រឹះ នៃគណបក្សខ្មែររួបរួមជាតិ គឺប្រមូលផ្តុំខ្មែរគគ្រប់និន្នាការនយោបាយនៅក្រោមដំបូល នៃគណបក្សមួយដែលស្មោះត្រង់ជានិច្ចជាកាលចំពោះរបបរាជានិយម និងបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរ។ ហើយមានគណបក្សនយោបាយចំនួន០៦គណបក្ស បានទាក់ទងជាមួយគណបក្សខ្មែររួបរួមជាតិ ក្នុងគោលបំណងធ្វើសហប្រតិបត្តិការជាមួយគ្នា និងឈានទៅធ្វើសម្ព័ន្ធភាព និងឈានទៅបង្រួបបង្រួមគ្នាតែមួយ ដើម្បីចូលរួមបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០១៨ ខាងមុខនេះ។ហើយគណៈកម្មាការនាយករបស់គណបក្សខ្មែររួបរួមជាតិ បានសម្រេចជាចុងក្រោយ គឺក្នុងចំណោម៦គណបក្ស គឺអាចឲ្យធ្វើសម្ព័ន្ធភាព និងសហប្រតិបត្តិការគ្នា មានតែចំនួន០២គណបក្សសិន។ ហើយនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ នឹងមានការប្រជុំគ្នាជាមួយគណបក្សនយោបាទាំងពីរនោះ ដើម្បីឈានទៅចុះហត្ថលេខារួមគ្នាពីកិច្ចសហប្រតិបត្តិការរួមគ្នា និងឈានទៅធ្វើសម្ព័ន្ធភាពជាមួយគ្នា និងរួមគ្នាតែមួយ ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ ខាងមុខនេះ។
សូមជម្រាបថា លោកហ៊ាង រិទ្ធី គឺជាអតីតប្រធានអង្គការ ស៊ីអិនរ៉ូ ហើយបានបង្កើត គណបក្សយុត្តិធម៌ជាតិខ្មែរ។ បន្ទាប់ពីបង្កើតគណបក្សរួចលោកហ៊ាង រិទ្ធី បានទៅចូលរួមជាមួយគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ របស់លោកម៉ម សូណង់ដូ ដោយបានតួនាទីជាអនុប្រធានគណបក្ស។ ប៉ុន្តែដោយសារការមិនចុះសម្រុងគ្នា លោកហ៊ាង រិទ្ធី បានចាកចេញពីគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។ ហើយមកចងសម្ព័ន្ធភាពជាមួយគណបក្សខ្មែររួបរួមជាតិ ៕