រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក ចន ឃើរី បានអំពាវនាវកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ ឲ្យមានរបបលទ្ធិប្រជាធិបតេយ្យប្រកបដោយពិសិដ្ឋមួយនៅក្នុងប្រទេសគុយបា ខណៈដែលទង់ជាតិអាមេរិកបាននិងកំពុងបក់រវិចៗឡើងវិញនៅពីលើស្ថានទូតអាមេរិកប្រចាំនៅទីក្រុង Havana ជាលើកដំបូងក្រោយរយៈពេលអាក់ខាន៥៤ឆ្នាំកន្លងមក ។
ប្រធានាធិបតីអាមេរិក លោកបារ៉ាក អូបាម៉ា និងសមភាគីមេដឹកនាំគុយបា គឺលោក រ៉ាអ៊ូល គាស្ត្រូ (Raul Castro) មេដឹកនាំទាំងពីរបានត្រួសត្រាយផ្លូវឲ្យមានទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ ហើយឈានដល់ប្រកាសបើកស្ថានទូតឡើងវិញនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ ។ លោកអូបាមា បានប្រកាសពីគម្រោងចងភ្ជាប់ទំនាក់ទំនងល្អប្រសើរជាប្រវត្តិសាស្ត្ររវាងអាមេរិក នឹងគុយកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ ។
លោកចន ឃើរី ជារដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកដែលបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសគុយបាជាលើកដំបូង ចាប់តាំងពីឆ្នាំ១៩៤៥ រៀងមកដែលមិនធ្លាប់មានរដ្ឋមន្ត្រីការបរទេសអាមេរិកណាមួយបានធ្វើដំណើរទៅកាន់ប្រទេសគុយបានោះឡើយ ។ លោកចន ឃើរី អះអាងថា ការផ្លាស់ប្តូរនយោបាយរបស់អាមេរិក មិនមែនមានន័យថា ទីក្រុងវ៉ាស៊ីនតោនបញ្ឈប់គ្រប់យ៉ាងមិនអើពើចំពោះសកម្មភាពរបស់ប្រទេសកុម្មុយនីស្តនេះទេ ។
លោកឃើរី បានបញ្ជាក់ថា មេដឹកនាំទាំងឡាយរបស់គុយបា និងប្រជាជនទាំងមូល គួរតែដឹងហើយថា សហរដ្ឋអាមេរិកនៅតែជាជើងឯកក្នុងការកែទម្រង់គោលការណ៍លទ្ធិប្រជាធិបតេយ្យ ។ យើងនៅតែបញ្ចុះបញ្ចូលពលរដ្ឋគុយបាឲ្យដើរក្នុងផ្លូវលទ្ធិប្រជាធិបតេយ្យដ៏ពិសិដ្ឋមួយ ពលរដ្ឋអាចជ្រើសរើសមេដឹកនាំដោយសេរីតាមដែលគេពេញចិត្ត ជាមួយការប្តេជ្ញាចិត្តលើកស្ទួយសេដ្ឋកិច្ច និងយុត្តិធម៌សង្គម ៕
ប្រែសម្រួល៖ យ៉ាត