ខេត្តកណ្តាល៖ សាកសពស្ត្រីម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតលើផ្ទៃទឹក ទន្លេបាសាក់កាលពីវេលាម៉ោង១៦ និង៥០នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ ទៅទើនៅមាត់ច្រាំង ស្ថិតក្នុងភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកតាខ្មៅបានឲ្យដឹងថា សាកសពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ មានអាយុប្រមាណ២០ឆ្នាំ សម្បុរសណ្តែកបាយ សក់ក្បាលមានចងកៅស៊ូ មានកម្ពស់១.៥៣ម៉ែត្រ ស្លៀកសារ៉ុងផ្កា ពណ៌ឈាមជ្រូកលាយខ្មៅ ពុំមានពាក់អាវក្រៅនោះទេ ពោលគឺពាក់តែអាវទ្រនាប ពណ៌ខ្មៅ ។ នៅក្បែរសាកសពអណ្តែតទឹកសមត្ថកិច្ចបានប្រទះឃើញមានអាវយឺដៃវែង ពណ៌បៃតងចាស់ និងស្បោងអេតចាយចំនួនមួយផងដែរ ។
ប្រភពដដែលបានបន្តថា ក្រោយពីពិនិត្យពីសំណាក់នគរបាលជំនាញបច្ចេកទេស និងវិទ្យាសាស្ត្ររួចមក បានបញ្ជាក់ថា ជនរងគ្រោះទំនងជារអីលជើងធ្លាក់ចូលទៅក្នុងទឹកហែលមិនរួចទើបលង់ស្លាប់តែម្តង ។
បន្ទាប់ពីពិនិត្យចប់សព្វគ្រប់ហើយនោះសមត្ថកិច្ចនគរបាលក្រុងតាខ្មៅបានប្រគល់សាកសពជនរងគ្រោះទៅឲ្យអាជ្ញាធរចាត់ចែងបូជានៅកន្លែងកើតហេតុយក ធាតុទៅតម្កល់ទុកនៅវត្ត ៕
ដោយ៖ ស្អាងជ័យ