ខេត្តរតនគិរី៖ រថយន្តម៉ាកកាម៉ារីស្វិតពណ៌សអត់ស្លាកលេខមួយគ្រឿងផ្ទុកឈើប្រណិតប្រភេទធ្នង់ពេញមួយរថយន្ត ដឹកជញ្ជូនចេញពីស្រុកកោះញ៉ែកខេត្តមណ្ឌលគិរីក្នុងគោលដៅឆ្ពោះមកខេត្តរតនគិរីដោយឆ្លងកាត់ស្រុកលំផាត់តាមផ្លូវជាតិលេខ៧៦ តែចៃដន្យត្រូវបាននគរបាលប៉ុស្តិ៍ឃុំជ័យឧត្តមស្ទាក់ឃាត់យកបានភ្លាមៗ។
តាមការអោយដឹងពីលោក ចាន់ ណារិទ្ធ នាយប៉ុស្តិ៍ឃុំជ័យឧត្តម បានអោយដឹងថាប្រតិបត្តិការស្ទាក់ចាប់បានរថយន្តដឹកបទល្មើសខាងលើនេះបានធ្វើឡើងកាលពីវេម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ នៅត្រង់ចំណុចទល់មុខអធិការស្រុកតែម្តង ស្ថិតក្នុងភូមិលំផាត់ ឃុំជ័យឧត្តម ។
លោកបន្តទៀតថា ម្ចាស់រថយន្តដឹកបទល្មើសត្រូវបានស្គាល់ឈ្មោះ ពុធ រ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្រុងបានលុងមិនត្រូវបានឃាត់ខ្លួននោះទេ ចំណែកឈើប្រណិតនិងរថយន្តបានរក្សាទុកនៅប៉ុស្តិ៍រងចាំប្រគល់ឲ្យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តនៅថ្ងៃទី១៥ ខែសីហានេះចាត់ការបន្ត ។
លោកនូវ ដារ៉ា ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានអោយដឹងថា វត្ថុតាងនិងរថយន្តដឹកបទល្មើសកំពុងធ្វើសំណុំបែបបទដើម្បីប្រគល់ទៅអោយជំនាញរដ្ឋបាលព្រៃឈើខេត្តនៅរសៀលម៉ោង២និង៣០ថ្ងៃទី១៥ ខែសីហាឆ្នាំ២០១៥នេះ ៕