ខេត្តរតនគិរី៖ បន្ទាប់ពីភាគីទាំងសងខាងរវាងក្រុមហ៊ុនហេង ដារ៉ា និងក្រុមហ៊ុន គីម ជ្រា ពាក់មុខយក្សដាក់គ្នាពាក់ព័ន្ធករណីគំនរសំរាមគរលើផ្លូវសាធារណៈចំពីមុខផ្សារក្រុងបានលុងធ្វើឲ្យកកស្ទះចរាចរណ៍ប៉ះពាល់ដល់បរិស្ថានពេញ ពីរថ្ងៃ ដែលបង្កឡើងដោយភាគីក្រុមហ៊ុន គីម ជ្រានោះអាជ្ញាធរខេត្តក៏បានកោះហៅ តំណាងក្រុមហ៊ុន លោកជា គួង ទៅបំភ្លឺនិងធ្វើការសម្របសម្រួល។ តែផ្ទុយទៅវិញ លោក ជា គួង មិនបានអនុវត្តតាមការស្នើសុំពីអាជ្ញាធរនោះឡើយ ហើយថែមទាំងផ្គើនធ្វើផ្គរ ធ្វើភ្លៀងមករារាំង ដំណើរការចុះប្រតិបត្តិការផ្ទាល់របស់ក្រុមអាជ្ញាធរខេត្តក្រុងថែមទៀតផង ដូច្នេះមានបំណងចង់ឲ្យក្រុមការងាររបស់លោកប្រមូលសំរាម មកបែនទម្លាក់សំរាមបន្ថែម ឲ្យលិចផ្សារបានលុងតែម្តង ធ្វើឲ្យអាជ្ញាធរ វិលក្បុងចលាចល់ ដោយសារស្នាដៃរបស់លោក ជា គួង។
ចាប់ពីម៉ោង៦ រហូតដល់ម៉ោង៩ល្ងាច ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ រំខានដល់អាជ្ញាធរខេត្តចុះមកដល់កន្លែងកើតហេតុ ក្នុងនោះ វត្តមានដែលចូលរួមមាន៖ លោក គិត ទ្រី អភិបាលរងខេត្ត លោក ញ៉ែម សំអឿន អភិបាលរងខេត្ត លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្ត លោក ងិន ណែល អភិបាលក្រុងបានលុង លោក អ៊ុន សុី ដេត អភិបាលរងក្រុងបានលុង លោក ហួត បូរី នឹងលោក អធិការក្រុងបានលុងនិង លោក ហៃ វណ្ណារ៉ា មេបញ្ជាការកងរាជអាវុធហត្ថក្រុងបានលុងនឹងកម្លាំងនគរបាលខេត្ត នឹងសម្របសម្រួល ដោយលោក ជា សុភ័ក្រ្ត ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្ត ចុះប្រតិបត្តិការផ្ទាល់ ដុតដៃដុតជើងជួលរថយន្តបែន និង អេស្កាវ៉ាទ័រ មកជូកយកសំរាមសំអាតមុខផ្សារ ទៅទីលានចាកសំរាម ។
ខណៈនោះលោក ជា គួង ស្រាប់តែមានប្រតិកម្មភ្លាមៗ បញ្ជាឲ្យក្រុមការងាររបស់លោកយករថយន្តបែនដឹកសំរាមធំៗចំនួនបីគ្រឿងមកចោតទទឹងផ្លូវធ្វើវិធាំងស្នា រារាំងរថយន្តអន្តរាគមន៍ពីអាជ្ញាធរធ្វើឲ្យអាជ្ញាធរក្រពុលមុខធ្វើការឃាត់ខ្លួនតៃកុងរថយន្តបែនម្នាក់ភ្លាមៗ និងនាំយករថយន្តបែនទាំងបីគ្រឿង ទៅកាន់ស្នងការដ្ធាននគរបាលខេត្តរងចាំដោះស្រាយជាក្រោយ។
ទាក់ទងលើបញ្ហាខាងលើនេះ លោក ងិន ណែល អភិបាលក្រុងបានលុងបានឲ្យដឹងថា៖ រឿងចំណាត់ការយ៉ាងណានោះចំពោះបុគ្គលមករារាំងដំណើរការចុះបោសសំអាតពីក្រុមអាជ្ញាធរលោកមិនអាចបកស្រាយបាននោះទេ លោកមានតួរនាទី និងភារកិច្ចចុះមកសំអាតផ្ទាល់ជាសាធារណៈឲ្យស្អាតស្អំ ទីកន្លែងណាដែលស្មុគស្មាញ ប៉ុណ្ណោះ។
លោកបន្តថា ដូចក្រុមសាព័ត៌មានឃើញស្រាប់ហើយ កំពុងតែអនុវត្តការងារ ស្រាប់តែមានការរារាំង នេះជាទង្វើមិនល្អ របស់លោក ជា គួង។
មតិប្រជាពលរដ្ឋទូទាំងខេត្តរតនគិរី កំពុងទន្ទឹងរង់ចាំមើល ពីការវិវត្តន៍របស់អាជ្ញាធរខេត្តថាតើមានចំណាត់ការយ៉ាងណាទៅលើភាគីក្រុមហ៊ុន គីម ជ្រាដែលផ្គើនទៅលើការអនុវត្តច្បាប់ពីអាជ្ញាធរខេត្ត ?? ៕ វុទ្ធឦសាន