ល្ងីល្ងើ៖ ប្រជាធិបតេយ្យក្មេងខ្ចីអីតែខ្មែរ? បិតាប្រជាធិបតេយ្យអីតែអាមេរិក?

ចែករំលែក៖

បានជួបអ្នកព្រោក និងអ្នកប្រាជ្ញនៅតូបកាហ្វេដើមក្រខុបព្រឹកមិញធ្វើឲ្យអ្នកផឹក កាហ្វេខ្មៅ និងកាហ្វេទឹកកកមិនតិចជាង១០នាក់នាំគ្នាជជែកអំពីស្ថានការណ៍នយោ បាយនៅប្រទេសបិតាប្រជាធិបតេយ្យគឺសហរដ្ឋអាមេរិក ខណៈដែលលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិក បន្តវេនពីលោក បារ៉ាក់ អូបាម៉ា ។

ដើមចមដែលនាំឲ្យមានការជជែកពីបញ្ហានេះគឺដំបូងឡើយពូម៉ូតូឌុបម្នាក់ដែល អង្គុយផឹកកាហ្វេខ្មៅសុខៗស្រាប់តែយកដៃទះទ្រូង និងនិយាយខ្លាំងថា ពុទ្ធោ! ខូចការអស់ភ្លេចអីមិនភ្លេចមកភ្លេចអារឿងហ្នឹង? មានសំបុត្រអញ្ជើញសោះហេតុអីខ្ញុំភ្លេច?

បានឮសម្តីនេះធ្វើឲ្យលោកតាចំណាស់អត់ធ្មេញម្នាក់មានចង្កាវែងដែលកំពុងផឹកកាហ្វេខ្មៅក្បែរនោះមានចម្ងល់ក៏សួរទៅពូម៉ូតូឌុបថា មានរឿងអីក្មួយ? សំបុត្រអញ្ជើញ ក្មួយទៅណា?

ពូម៉ូតូឌុបធ្វើមុខក្រៀមហាក់ដូចជាព្រួយចិត្តខ្លាំងណាស់។ ទាំងគេទាំងខ្ញុំពេលឃើញ ដូច្នេះកាន់តែឆ្ងល់ក៏នាំគ្នាសួរពូម៉ូតូឌុបម្តងទៀត តើមានរឿងសំខាន់ឬបានជាមានលិខិត អញ្ជើញគាត់មិនទៅចូលរួម? ពេលនោះពូម៉ូតូឌុបងាកឆ្វេងងាកស្តាំរួចឆ្លើយទាំងកំបុត ថា ស្តាយលោក ត្រាំ ហៅខ្ញុំទៅចូលរួមទទួលតំណែងគាត់ធ្វើជាប្រធានាធិបតីថ្មីទី៤៥ របស់អាមេរិកដែរ មិនគួរណាត្រចៀកខ្ញុំភ្លេចយ៉ាងនេះសោះ។ និយាយរួចពូម៉ូតូឌុប យកដៃមួលត្រចៀកស្តាំស្ទើរដាច់រួចលើកកែវកាហ្វេផឹកធ្វើព្រងើយ។ ទាំងអស់គ្នាក្រៅពីខំយកត្រចៀកស្តាប់ចំហមាត់នាំគ្នាផ្ទុះសំណើចគឹល ហួសចិត្តនឹងសម្តីមិនបានការ របស់លោកពូម៉ូតូឌុប ។

ពេលនោះបំណាច់រឿងនេះរាលដាលដល់រឿងអាមេរិកទៅហើយពូអ្នករត់រ៉ឺម៉កម៉ូតូម្នាក់ដែលអង្គុយផឹកកាហ្វេទឹកដោះគោនៅចុងតុម្ខាងលាន់មាត់ថា ឥឡូវនេះដល់វេន បិតាប្រជាធិបតេយ្យហើយពីមុនបន្ទោសថា កម្ពុជារំលោភសិទ្ធិមនុស្ស រំលោភលទ្ធិប្រជា
ធិបតេយ្យក្រោយពេលបោះឆ្នោតចប់មនុស្សមួយចំនួនមិនទទួលស្គាល់លទ្ធផលនៃ ការបោះឆ្នោតនាំគ្នាធ្វើបាតុកម្មប្រឆាំងតវ៉ាភ្លូកទឹកភ្លូកដីនិងរហូតមានប្រើអំពើហិង្សាទៀតផង ។

ឥឡូវនេះឮថា គ្រាន់តែលោកត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីភ្លាមប្រជាពលរដ្ឋ ប្រទេសបិតាប្រជាធិបតេយ្យមួយនេះមានភាពរង្គោះរង្គើរវាងអ្នកគាំទ្រនឹងអ្នកមិនគាំទ្រលោកត្រាំនាំគ្នាធ្វើបាតុកម្មរហូតមានប្រើអំពើហិង្សាដុតសម្ភារហុយផ្សែងទ្រលោម របួសមនុស្សជិត១០នាក់ និងជិត៣០០នាក់ទៀតត្រូវបានអាជ្ញាធរចាប់ខ្លួនដោយមិនទាន់គិតពីវិបត្តិផ្សេងទៀតដែលនេះមិនខុសពីស្រុកខ្មែរទម្លាប់ធ្វើបាតុកម្មដុតកង់ឡាននោះឡើយ។ គិតទៅកម្ពុជាបានដើរមុននិងមានគំរូបែបនេះច្រើនឆ្នាំមកហើយមិនគួរណាប្រទេសមហាអំណាចអាមេរិកយកគំរូតាមនោះទេ ព្រោះកម្ពុជាជាប្រទេសកាន់ លទិ្ធប្រជាធិបតេយ្យក្មេងខ្ចីជាង២០ឆ្នាំប៉ុណ្ណោះខុសពីអាមេរិកជាប្រទេសបិតាប្រជាធិបតេយ្យជិត២សតវត្សមកហើយ។ ដូច្នេះទេសូមលោកអ្នកដែលអួតខ្លួនថាអ្នកប្រជាធិបតេយ្យពេញលេញនោះមេត្តាពិចារណាឲ្យវែងឆ្ងាយផង សុំសួរថា ប្រជាធិបតេយ្យក្មេង ខ្ចីអីតែខ្មែរ បិតាប្រជាធិបតេយ្យខ្លាំងអីតែអាមេរិកបើមានវិបត្តិហើយចៀសមិនផុតប្រជាពលរដ្ឋតវ៉ាដូចតែគ្នានោះទេ ។

បានឮពូរត់រ៉ឺម៉កម៉ូតូរ៉ាយរ៉ាប់ពីរបបប្រជាធិបតេយ្យប្រៀបធៀបកម្ពុជា និងអាមេរិក បែបនេះនាយជាលខ្ញុំគ្មានវាចានឹងថ្លែងក៏ហៅចិនគិតលុយកាហ្វេរួចទាញកង់កញ្ចាស់ជិះទៅផ្ទះទុកឲ្យអ្នកព្រោក និងអ្នកប្រាជ្ញពិចារណារៀងៗខ្លួនចុះ៕ នាយជាល

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print