ភ្នំពេញ៖ ផឹកស្រាសអស់១លីត្រកន្លះចង់សាកកម្លាំងគ្នាបបួលគ្នាកាច់ដៃក្លាយជាទំនាស់អ្នកចាញ់មិនសុខចិត្តយកកាំបិតបុ័ងតោកាប់មួយកាំបិតរយះក្បាលដេរអស់១២ថ្នេរបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខផ្ទះជួលជនរងគ្រោះស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុពួកគេបានបបួលគ្នា៥-៦នាក់អង្គុយផឹកស្រាស ជាមួយគ្នាដែលជាអ្នករស់នៅជិតគ្នា ខណៈពេលផឹក ស្រាសអស់១លីតកន្លះ អ្នកដែលអង្គុយផឹកជាមួយគ្នាបានទៅផ្ទះអស់៣នាក់ហើយនៅសល់តែជនរងគ្រោះនិងក្រុមជនបង្ក២នាក់ដែលជាមិត្តភក្កិនៅភូមិជាមួយគ្នាដែលទើបមករកការងារធ្វើពេលនោះជនរងគ្រោះនិងជនបង្កបានបបួលគ្នាសាកកម្លាំងគ្នាដោយកាច់ដៃគ្នាតែមិនទាន់បានកាច់ផងស្រាប់តែឈ្លោះទាស់សម្តីគ្នាចុះឡើងជនដៃដល់ឈ្មោះហ៊ុច បានរត់ចូលទៅក្នុងផ្ទះយកកាំបិតបុ័ងតោចេញមកហើយឈ្មោះចាន់ រិទ្ធិ បានចាប់ជនរងគ្រោះឲ្យជនដៃដល់កាប់១កាំបិតបុ័ងតោចំក្បាលហូរឈាមជោកខ្លួនដេរអស់១២ថ្នេរ ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា ជនរងគ្រោះឈ្មោះ រាជ ក្រិត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិរោងស្នោរ ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង ចំណែកបក្ខពួកជនដៃដល់ត្រូវឃាត់ខ្លួនឈ្មោះ សាន ចាន់ រិទ្ធិ អាយុ២៦ឆ្នាំ មុខរបរធ្វើស្រែ មករកការងារធ្វើ មានស្រុកកំណើតនៅជាមួយគ្នា និងជន ដៃដល់ឈ្មោះ ហ៊ុច អាយុ២៣ឆ្នាំ នៅស្រុកជាមួយគ្នា រត់គេចខ្លួន ។
ក្រោយពេលកើតហេតុជនដៃដល់រត់គេចខ្លួនបាត់នៅសល់តែបក្ខពួកម្នាក់នៅកន្លែងកើតហេតុត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលចោមចៅ ។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះចាន់ រិ ទ្ធិ បានឲ្យដឹងថា រូបគេជាអ្នកជួយឃាត់មិនមែនជាអ្នកបង្កទេ ប៉ុន្តែជនរងគ្រោះអះអាងថា ជនខាងលើ នេះជាបក្ខពួករបស់ជនដៃដល់និងជាអ្នកចាប់រូបគាត់ដើម្បីឲ្យជនដៃដល់មានឱកាសកាប់រូបគាត់ហើយត្រូវបានជនរងគ្រោះប្តឹងទាមទារថ្លៃព្យាបាលរបួសចំនួន៥០០ដុល្លារ ចំណែកជនដៃដល់ដែលរត់គេចខ្លួនពេលនេះសមត្ថកិច្ចកំពុងតែស្រាវជ្រាវរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ៕ សុខាសែនជ័យ