ភ្នំពេញ៖ ក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក Neil Bush នាយកក្រុមហ៊ុនSing Heiyi Group និងជានាយក American Pacific International Capitalបានមានប្រសាសន៍ថា នេះជាលើកទីមួយដែលរូបលោក បានអញ្ជើញមកកាន់ប្រទេសកម្ពុជា ។
រូបលោកមានការសប្បាយរីករាយខ្លាំងណាស់ ដោយឃើញព្រះរាជាណាចក្រកម្ពុជាមានស្ថិរភាព មានការអភិវឌ្ឍ និងមានកំណើនសេដ្ឋកិច្ច ក្នុងន័យនេះរូបលោកមានចំណាប់អារម្មណ៍យ៉ាងខ្លាំងដើម្បីស្វែងយល់និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ។
លោក អ៊ាង សុផល្លេត ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានប្រាប់ឲ្យដឹងនៅក្រោយជំនួបថា លោកប្រធានក្រុមហ៊ុនបានមានប្រសាសន៍បែបនេះនារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រីក្នុងឱកាសដែលលោកបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ស្វាគមន៍ និងបានជម្រាបជូនលោក Neil Bush អំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញអ្នកវិនិយោគមកកាន់ព្រះរាជាណាចក្រកម្ពុជានិងការស្វែងរកទីផ្សារទៅកាន់ខាងក្រៅប្រទេស សម្រាប់កសិផលកម្ពុជា ។
ក្នុងជំនួបពិភាក្សានេះផងដែរសម្តេចបានជម្រាបជូនលោកនាយកក្រុមហ៊ុនអំពីនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មរបស់កម្ពុជាដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឲ្យកាន់តែមានការរីកចម្រើនទ្វេឡើងថែមទៀត ៕