ទីភ្នាក់ងារសង្គ្រោះ និងស្រាវជ្រាវជាតិ( BASARNAS) បានថ្លែងថា យន្តហោះដឹកអ្នកដំណើរក្នុងស្រុកមួយគ្រឿងរបស់ឥណ្ឌូនេស៊ី ដែលមានអ្នករួមដំណើរទាំងអស់៥៤នាក់បានបាត់ខ្លួនពីប្រព័ន្ធរ៉ាដា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅតំបន់ដាច់ស្រាយាល់ ភាគខាងកើត Papua ។
លោក Bambang Soelystyo ប្រធានទីភ្នាក់ងារ BASARNAS បានថ្លែងតាមទូរស័ព្ទប្រាប់ប្រភពរ៉យទ័រថា បាត់ការទំនាក់ទំនងជាមួយយន្តហោះនោះហើយ ។
យោងតាមមន្ត្រីទីភ្នាក់ងារ BASARNAS បានបញ្ជាក់នៅតាមប្រព័ន្ធទំនាក់ទំនងសង្គមធ្វីធើថា យន្តហោះ ATR 42 ប្រភេទយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Trigana Air Service បានដឹកអ្នកដំណើរវ័យជំទង់៤៤នាក់ អាកាសយានិក៥នាក់ ក្មេង និងកុមារ៥នាក់បានបាត់ពីប្រព័ន្ធរ៉ាដា ។
ប្រភពបន្តថា យន្តហោះនេះបានបាត់ការទំនាក់ទំនងនៅវេលាមុនម៉ោង៣រសៀល ម៉ោងនៅក្នុងតំបន់ បន្ទាប់ពីចាកចេញពីអាកាសយានដ្ឋាន Sentani ស្ថិតនៅក្នុងរដ្ឋធានី Jayapura ក្នុងដំណើរឆ្ពោះទៅកាន់ទីក្រុង Oksibil ។
អ្នកនាំពាក្យក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ី លោក J A Barata បានបញ្ជាក់ផងដែរអំពីការបាត់ទំនាក់ទំនងពីប្រព័ន្ធរ៉ាដារបស់យន្តហោះខាងលើនេះ ដោយលោកបញ្ជាក់ថា បើគ្មានការប្រែប្រួលនោះ យន្តហោះនេះចុះចតនៅអាកាសយានដ្ឋាន Oksibil នៅមុនម៉ោង៣រសៀលមកម្ល៉េះ ។
លោកបន្តថា យើងនៅមិនទាន់ច្បាស់នៅឡើយទេថា តើមានរឿងអ្វីកើតឡើងឲ្យប្រកដទៅលើយន្តហោះនេះ ។ យើងកំពុងសហការជាមួយអាជ្ញាធរក្នុងតំបន់ ។ អាកាសធាតុនៅពេលបច្ចុប្បន្ននេះមិនសូវល្អប្រសើរនោះទេ វាងងឹត និងមានពពកទៀតផង ៕
ប្រែសម្រួល៖ ម៉ែវ សាធី