ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ និងសង្កាត់បានដឹកនាំកំលាំងចំរុះចុះបង្ក្រាបទីតាំងលួចលាក់បើកហ្គេមបាញ់ត្រី និងហ្គេមវៃគ្នាមួយកន្លែងនៅក្បែរសណ្ឋាគារសុខាឃាត់ខ្លួនអ្នកចូលលេង២០នាក់ និងមេការម្នាក់ ដកហូតទូរហ្គេមបាញ់ត្រីមួយ និងទូរហ្គេមកំសាន្តបី។
ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង៣:៣០នាទីរសៀល ថ្ងៃទី១៦ សីហា ស្ថិតនៅអគារលេខ៦៨ ផ្លូវទន្លេសាប ភូមិមួយ សង្កាត់-ខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោកធិ ងិ និងលោកឡេង រ៉ាវង្ស អភិបាលរងខណ្ឌជ្រោយចង្វារ ដោយដកហូតទូហ្គេមបាញ់ត្រីចំនួន១ ហ្គេមប្រណាំងឡាន១ ទូរហ្គេមវៃគ្នាមួយ និងទូរហ្គេមបាញ់កាំភ្លើងមួយ ទូដាក់លុយ១ រួមទាំងថវិកាមួយចំនួន និងឃាត់ក្មេងៗចំនួន២០នាក់។
ក្រោយពេលដកហូតវត្ថុតាងរួចគណៈញ្ជាការខណ្ឌបានដឹកសំភារៈទាំងអស់នេះយកទៅរក្សាទុកនៅសាលាខណ្ឌជ្រោយចង្វារ និងនាំក្មេងៗដែលចូលទៅលេងហ្គេម២០នាក់យកទៅអប់រំឲ្យអាណាព្យាបាលមកធ្វើកិច្ចសន្យារួចឲ្យត្រឡប់ទៅផ្ទះវិញ។
គួរបញ្ជាក់ផងដែរថា ក្នុងខណ្ឌជ្រោយចង្វារដែលមានលោកឃ្លាំង ហូត ជាអភិបាលខណ្ឌ បានប្រាប់ទៅមន្រ្តីក្រោមឱវាទថា នៅក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ គឺមិនឱ្យមានហ្គេមបាញ់ត្រី និងហ្គេមប្រភេទល្បែងសីុសងផ្សេងៗជាដាច់ខាត បើសិនជាមានត្រូវតែបង្ក្រាបជាបន្ទាន់ ព្រោះល្បែងសីុសងគ្រប់ប្រភេទ និងបង្កឲ្យមានសកម្មភាពរចោររកម្ម លួច ឆក់ ប្លន់ ជាដើម៕
ដោយ៖ ជ្រោយពេជ្រ