ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឲ្យឡើងដោយសារតែបុរសម្នាក់បើករថយន្តកាមរីបាឡែនមួយគ្រឿងក្នុងល្បឿនលឿនខ្វះកាប្រុងប្រយ័ត្នហើយបានគេចពីរថយន្តមួយគ្រឿងទៀតបណ្តាលជ្រុលបុកដើមអំពិលបណ្តាលដាច់កង់ខាងស្តាំទៅមុខលែងរួចរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០និង៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ នៅចំណុចផ្លូវលេខ១៧៨ កែងផ្លូវព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែនពណ៌ទឺកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S-6579 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីត្បូងទៅជើងបើកបរក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាកបានធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៧៨បើកបរក្នុងទិសដៅពីលិចទៅកើត ភ្លាមនោះអ្នកបើករថយន្តកាមរីបាឡែន ក៏បានបួងចង្កូតគេចហើយបានជ្រុលទៅបុកដើមអំពិលបណ្តាលឲ្យដាច់កង់ខាងស្តាំទៅមុខលែងរួច ។
សមត្ថកិច្ចបានអោយដឹងថា គ្រោះថ្នាក់នេះបណ្តាលមកពីការបើកបរខ្វះការប្រុងប្រយ័ត្ន និងការប្រើប្រាស់ ល្បឿនលឿនហួសច្បាប់កំណត់ សំណាងល្អ ក្នុងហេតុការណ៍គ្រោះថ្នាក់ច រាចរណ៍មិនបណ្តាលឬក៏បង្កអោយមានអ្នកស្លាប់ និងរងរបួសគ្រាន់តែធ្វើអោយរងកាខូចខាតតែរថយន្តតែប៉ុណ្ណោះ ។
បន្ទាប់ពីបើកបុកដើមឈើរួចភ្លាមមកម្ចាស់រថយន្តបានចុះពីរថយន្តហើយគេចខ្លួនបាត់ស្រមោលតេម្តង ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុត្រូវបានសមត្ថកិច្ច មូលដ្ឋានសហការជាមួយនិងនគរបាលជំនាញស្ទូចយកទៅរក្សាទុកនៅការិយាល័ចរាចរណ៍ជើងគោកដើម្បីរងចាំដោះស្រាយនៅពេលក្រោយ ៕
ដោយ៖ ចាន់ធឿន