ភ្នំពេញ ៖ គម្រោង “អច្ឆរិយៈទន្លេមេគង្គ” ដើម្បីលើកតម្កើងនិរន្តរភាពទន្លេនៅតំបន់អាស៊ីអាគ្នេយ៍ នឹងប្រកាសអនុវត្តនៅកម្ពុជានៅថ្ងៃទី៧ កុម្ភៈវេលាម៉ោង៣រសៀល នៅ សណ្ឋាគាររ៉ាហ្វលឡឺរ៉ូយាល់។ ពិធីប្រកាសគម្រោងនេះនឹងមានការថ្លែងសុន្ទរកថាពីលោកស្រី Polly Dunfordនាយិកាបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) ប្រចាំនៅ កម្ពុជា លោក ណៅ ធួក រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងបណ្ឌិត Zeb Hogan សាស្ត្រាចារ្យ សាកលវិទ្យាល័យ Nevada-Reno ។
គម្រោង អច្ឆរិយៈទន្លេមេគង្គនេះ ត្រូវ បានរៀបចំឡើងដើម្បីលើកកម្ពស់ការយល់ដឹងពីសារសំខាន់នៃទន្លេមេគង្គនិងប្រព័ន្ធអេកូឡូស៊ីរបស់វាដែលជាផ្នែកដ៏សំខាន់ដល់សេដ្ឋកិច្ចនិងសុខភាពសង្គមនៃតំបន់អាស៊ីអាគ្នេយ៍ ។ ដោយប្រើប្រាស់បណ្តាញសង្គមនិងមធ្យោបាយផ្សេងៗនៃប្រព័ន្ធផ្សព្វផ្សាយគម្រោង អច្ឆរិយៈទន្លេមេគង្គ នឹងចែករំលែករឿងរ៉ាវជាច្រើនអំពីរបៀបដែលប្រជាជនក្នុងតំបន់ប្រើប្រាស់ និងទាញយកប្រយោជន៍ពីទន្លេមេគង្គនិងដៃទន្លេរបស់វា ។ អច្ឆរិយៈ ទន្លេមេគង្គពឹងផ្អែកលើជំនាញពីស្ថាប័នស្រាវជ្រាវជាតិនិងអន្តរជាតិដែលឈានមុខគេរួមទាំងវិទ្យាស្ថានស្រាវជ្រាវជលផលនិងអភិវឌ្ឍន៍។ គម្រោងនេះនឹងកសាងភាពជាដៃគូស្ថាប័ននិងបង្កើតសម្ភារៈអប់រំដើម្បីជំរុញការស្រាវជ្រាវពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូសុីនិងជីវចម្រុះទន្លេមេគង្គ។
អ្នកអនុវត្តសំខាន់សម្រាប់គម្រោងនេះគឺបណ្ឌិត Zeb Hogan ដែលមានបទ ពិសោធន៍ជិត២០ឆ្នាំ រស់នៅនិងធ្វើការនៅ តំបន់ទន្លេមេគង្គ។ បណ្ឌិត Hogan ត្រូវបានគេស្គាល់តាមរយៈការធ្វើជាម្ចាស់កម្មវិធី ត្រីយក្ស នៃកម្មវិធីទូរទស្សន៍ Nat Geo Wild ដែលធ្វើដំណើរជុំវិញពិភពលោកស្រាវជ្រាវរកប្រភេទត្រីចម្លែកៗ។ អ្នកអនុ វត្តគម្រោងមួយទៀតនោះគឺបណ្ឌិតSudeep Chandra នៃសាកលវិទ្យាល័យ Nevada-Reno។ ការងាររបស់បណ្ឌិត Sudeep Chandra ផ្តោតទៅលើការអភិរក្សនិងការស្តារប្រព័ន្ធអេកូឡូស៊ីក្នុងទឹកដោយមានគោលបំណងធ្វើឲ្យគោលនយោបាយ បរិស្ថានបានប្រសើរឡើង។ វាគ្មិននឹងឆ្លើយសំណួរអ្នកសារព័ត៌មាន បន្ទាប់ពីកម្មវិធី បញ្ចប់ ។
សមាជិកអ្នកសារព័ត៌មាន ដែលមាន បំណងចូលរួមកម្មវិធីនេះ សូមចុះឈ្មោះជាមួយនឹងផ្នែកកិច្ចការសាធារណៈនៃស្ថានទូតអាមេរិក តាមរយៈទូរស័ព្ទលេខ ០២៣ ៧២៨ ២៥៨ ឬអីុមែ៉ល [email protected]ឲ្យបានមុនម៉ោង១១ព្រឹក ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ ៕