កម្លាំងទាហានជើងទឹកអាមេរិកបាន បញ្ជូននាវាចម្បាំងដ៏ទំនើបបំផុតទៅ កាន់កូរ៉េខាងត្បូង ដោយនៅលើនាវានោះ មានបំពាក់កាំជ្រួចមីស៊ីលនាំផ្លូវទៀតផង។ នាវាចម្បាំងដែលបញ្ជូនទៅនោះប្រភេទ USS Zumwalt (DDG1000) មានតម្លៃជាង ៤ពាន់លានដុល្លារឯណោះ។
សារព័ត៌មាន Korea Herald បាន ផ្សាយថា ការបញ្ជូននាវាចម្បាំងដ៏ទំនើបធ្វើឡើងតាមសំណើរបស់មេបញ្ជាការកងទ័ពអាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិកនេះបើយោងតាមលោកឧត្តមសេនីយ៍ Harry Harris បានលើកឡើងនៅក្នុងជំនួបពិភាក្សា ជាមួយមន្ត្រីកូរ៉េខាងត្បូង។
តាមការបញ្ជាក់របស់លោក Harris ថា នាវា USS Zumwalt មានចំណុះ១៦ពាន់ តោន នឹងដាក់ពង្រាយនៅទីតាំងទាហានជើងទឹកកោះ Jeju ស្ថិតនៅភាគខាងត្បូង កូរ៉េខាងត្បូង។ ប៉ុន្តែមកទល់ពេលនេះរដ្ឋាភិបាលអាមេរិកមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេ។
បើទោះបីគម្រោងបញ្ជូននាវាខាងលើ មិនទាន់ប្រកាសជាផ្លូវការ តែនោះជា សកម្មភាពសម្រាប់ទប់ទល់នឹងការគំរាម កំហែងរបស់កូរ៉េខាងជើងទៅលើកូរ៉េខាងត្បូង។
នាវានេះបានដាក់ឲ្យប្រើប្រាស់នៅក្នុងជួរកងទ័ពជើងទឹកអាមេរិកកាលពីខែតុលា ឆ្នាំ២០១៦ ដោយបានបំពាក់កាំជ្រួចមី ស៊ីលនាំផ្លូវ SM-1 SM-2 និង SM-6 អាច វាយស្ទាក់កាំជ្រួចមីស៊ីលរបស់សត្រូវបានគ្រប់ពេល។ មិនត្រឹមតែប៉ុណ្ណោះ នាវាខាងលើបានបំពាក់អាវុធឡាស៊ែរផងដែរ។
ចំណែកភាគីចិនវិញបានបញ្ជាក់ថា ការបញ្ជូននាវារបស់អាមេរិកមកកាន់កូរ៉េខាងត្បូងនឹងធ្វើឲ្យស្ថានការណ៍ក្នុងតំបន់កាន់តែតានតឹងថែមទៀត ។
នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀត ចិនក៏បានបង្កើនសកម្មភាពតាមដានរាល់ការមកដល់របស់កម្លាំងទាហានអាមេរិក ដោយចិនបង្កើនចំនួនយន្តហោះគ្មាន មនុស្សបើកបរដើម្បីយាមល្បាត និងឈ្លប យកការណ៍។
នៅពេលនេះដែរចិនមានគ្រោងធ្វើ តេស្តការហោះហើររបស់ drone ដើរដោយថាមពលព្រះអាទិត្យដ៏ធំបំផុតនៅក្នុង បរិយាសកាសរបស់ផែនដីដែលមានរយៈ កម្ពស់ចន្លោះពី៥០ ទៅ៨០គីឡូម៉ែត្រ។
យោងតាមក្រសួងការពារជាតិចិននៅថ្ងៃពុធសប្តាហ៍នេះបានឲ្យដឹងថា ក្រុមហ៊ុន China Academy of Aerospace Aerodynamics គ្រោងនឹងធ្វើតេស្ត drone ដែល មានប្រវែងស្លាបប្រហែល ៤០ម៉ែត្រ នៅ ក្នុងបរិយាកាសខាងលើរបស់ផែនដី។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង បានរាយការណ៍ថា drone ដើរដោយថាមពលព្រះអាទិត្យនេះអាចហោះហើរក្នុង រយៈកម្ពស់ដ៏ខ្ពស់អស់រយៈពេលដ៏វែង ព្រមទាំងងាយស្រួលក្នុងការថែទាំទៀតផង៕
ប្រែសម្រួល៖ ម៉ែវ សាធី