ចាប់រថយន្តដឹកកូនត្រីរ៉ស់បានចំនួន១០ម៉ឺនក្បាល ប្រគល់ឱ្យមន្ត្រីរដ្ឋបាលជលផល ដើម្បីយកទៅប្រលែងនៅរមណីយដ្ឋានបារាយណ៍ទឹកថ្លា ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដឹកនាំបញ្ជាផ្ទាល់ ដោយលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងលោកវរសេនីយឯក សឿន សេន នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ឃាត់រថយន្តម៉ាកហាយឡែនឌ័រពណ៌ទឹកប្រាក់មួយគ្រឿង ឆែកឆេរ ឃើញកូនត្រីរ៉ស់ជាច្រើនក្បាលនៅក្នុងរថយន្ត ទើបកម្លាំងជំនាញធ្វើការឃាត់ខ្លួនបានជនសង្ស័យ២នាក់និងវត្ថុតាងបញ្ជូនមកកាន់ការិយាល័យប្រឆាំងបទល្មើសខេត្ត ដើម្បីធ្វើការសួរនាំ រួចប្រគល់ឱ្យមន្ត្រីជលផលដើម្បីយកទៅប្រលែងនៅរមណីយដ្ឋានបារាយណ៍ទឹកថ្លា ប៉ែកខាងលិចចំនួន១០ម៉ឺនក្បាល ។

S1260004

ហេតុការចុះប្រត្តិបត្តិការឃាត់រថយន្តដឹកកូនត្រីរ៉ស់ចំនួន១០ម៉ឺនក្បាលនោះធ្វើឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៦ខែសីហាឆ្នាំ២០១៥ស្ថិតនៅចំនុចភូមិវត្តឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ខណៈជនសង្ស័យបំរ៉ុងដឹកឆ្លងយកទៅលក់នៅប្រទេសវៀតណាម ព្រោះនៅទីនោះមានតម្លៃខ្ពស់ ។

លោក សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានប្រាប់ថា ក្នុងប្រត្តិបត្តិការចុះបង្រ្កាបករណីដឹកកូនត្រីរ៉ស់បំរ៉ុងឆ្លងយកទៅលក់នៅប្រទេសវៀតណាមនេះ កាលពីយប់ថ្ងៃទី១៦ខែសីហា ឆ្នាំ២០១៥ កម្លាំងជំនាញដោយមានការសង្ស័យឃើញរថយន្តម៉ាក ហាយឡែនឌ័រពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ ២.M.៤៦៧៨ ខុសប្លែកក៏ហៅឈប់ ដើម្បីត្រួតពិនិត្យ ឆែកឆេរ ក៏ឃើញកូនត្រីរ៉ស់ជាច្រើនក្បាលនៅក្នុងរថយន្ត ក៏សួររកច្បាប់ តែអ្នកបើកបរប្រាប់ថា ដឹកឱ្យគេគ្មានច្បាប់ទេ ។

លោកបន្តទៀតថា ក្រោយពីកម្លាំងជំនាញបានធ្វើការត្រួតពិនិត្យនិងឆែកឆេររួចមកថា គ្មានច្បាប់ (បទល្មើសដឹកជញ្ជូនផលិតផល ជលផលគ្មានលិខិតអនុញ្ញាតិ) ដាក់តាមរថយន្តម៉ាកហាយឡែនឌឺពណ៌ទឹកប្រាក់មួយគ្រឿងចេញមកពីភូមិសាស្ត្រ ស្រុកសូទ្រនិគម ដើម្បីឆ្លងកាត់យកទៅលក់នៅប្រទេសវៀតណាម រួចបញ្ជូនមកកាន់ការិយាល័យនគរបាលប្រឆាំងបទល្មើសខេត្តដើម្បីធ្វើការសួរនាំ ។លោកបន្ថែមថា ជនសង្ស័យទាំង២នាក់មាន ទី១/ឈ្មោះ លី ប៊ុនហ៊ាង ភេទប្រុសអាយុ៥០ឆ្នាំមុខរបរអ្នកនេសាទ ជាជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្នភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប និងម្នាក់ទៀតជាកម្មកររបស់ឈ្មួញត្រូវបានសមត្ថកិច្ចប្រាប់ថាមិនបាច់ដាក់ឈ្មោះវាទេ ។

លោកបញ្ជាក់ទៀតថា ក្រោយពីធ្វើការសួរនាំ ជនសង្ស័យបានសារភាពនៅចំពោះមុខសមត្ថកិច្ចជំនាញនិងមន្ត្រីជលផលថា ពួកខ្លួនពិតជាបានដឹកកូនត្រីរ៉ស់ចំនួន១០ម៉ឺនក្បាលចេញពីតំបន់ស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីយកទៅលក់ឱ្យម៉ូយនៅប្រទេសវៀតណាមតាមរថយន្តពិតប្រាកដមែន ។

បច្ចុប្បន្នកម្លាំងជំនាញធ្វើការចាប់យកបានវត្ថុតាងកូនត្រីរ៉ស់ចំនួន១០ម៉ឺនក្បាល និងរថយន្តម៉ាកហាយឡែនឌ័រពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2-M4678 មួយគ្រឿងឆ្នាំ២០០៣ ប្រគល់ទៅឱ្យលោក ពោត វ៉ាន់ដេត អនុប្រធានផ្នែកវិវាទខណ្ឌរដ្ឋបាលជលផលសៀមរាបនិងជានាយរងផ្នែករដ្ឋបាលជលផលចុងឃ្នៀស នៅព្រឹកថ្ងៃទី១៧ខែសីហាឆ្នាំ២០១៥ដើម្បីយកទៅប្រលែងនៅរមណីយដ្ឋានបារាយណ៍ទឹកថ្លា ប៉ែកខាងលិចនិងធ្វើការផាកពិន័យអន្តរកាលតាមច្បាប់បទល្មើសជលផល(១ក្បាលx២០០រៀល)X២ដងនៃតម្លៃទីផ្សារ ។

រីឯម្ចាស់និងរថយន្តត្រូវបានមន្ត្រីជលផលឱ្យត្រឡប់ទៅវិញ ប្រសិនបើម្ចាស់រឹងទទឹង មិនព្រមឱ្យផាកពិន័យទៅតាមច្បាប់បទល្មើសជលផលទេ ខាងមន្ត្រីជំនាញនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមច្បាប់ ៕

S1260003

S1260002

S1260001

...

ដោយ៖ ឡាំសុធា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print