ខេត្តពោធិ៍សាត់៖ ស្រ្ដីម្នាក់បានស្លាប់យ៉ាងអាណោចអាធម និងផ្ទះមួយខ្នងបានរលាយក្លាយជាកម្ទេចផេះ ដោយសារតែអំណាចអគ្គិសភ័យមួយ ដែលបណ្ដាលមកពីភ្លើងទានមួយដើម ដែលម្ចាស់ដុតបំភ្លឺផ្ទះ ហើយចូលដេកមិនបានពន្លត់ ទើបបង្កឲ្យមានការរឆាបឆេះឡើយ ។
ហេតុការណ៍អគ្គិភ័យនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ នៅចំណុចភូមិអន្សាក្ដាម ឃុំអន្សា ស្រុកគ្រគរ ខេត្តពោធិ៍សាត់ ។
ស្រ្ដីរងគ្រោះដែលបាត់បង់ជីវិតដោយសារឧបទ្ទវហេតុអគ្គិភ័យនេះ ត្រូវបានគេស្គាល់ថា ឈ្មោះយ៉ែម ភឿន អាយុ៣២ឆ្នាំ ជាស្រ្ដីមេម៉ាយរស់នៅតែឯងក្នុងភូមិ-ឃុំកើតហេតុខាងលើ ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មូលហេតុដែលបង្កឲ្យមានអគ្គិភ័យខាងលើកើតឡើង គឺបណ្ដាលមកពីម្ចាស់ផ្ទះដែលជាស្រ្ដីខាងលើ បានផឹកស្រាស្រវឹងពីខាងក្រៅ ។
បន្ទាប់មកក៏បានចូលផ្ទះហើយក៏អុចទៀនបំភ្លឺផ្ទះ រួចក៏បានដេកលក់បាត់ ដោយមិនបានពន្លត់ភ្លើងទៀននោះ ទើបបណ្ដាលឲ្យមានការឆាបឆេះលំនៅដ្ឋានខ្ទេចអស់ក្លាយជាផេះ។ ចំណែកឯស្រ្ដីនោះវិញ ក៏ត្រូវអគ្គិភ័យឆាបឆេះខ្លោចសល់តែគ្រោងឆ្អឹងតែប៉ុណ្ណោះ ៕
ដោយ៖ វិបុល