ខេត្តបាត់ដំបង៖ រថយន្តធុនធំ១គ្រឿងដឹកផ្ទុកអង្ករ៣៥តោនលើសទម្ងន់បែកកង់មុខចុះពីលើភ្នំព្រឹកបុករះម៉ូតូអ្នកភូមិចតលចិញ្ចើមថ្នល់១គ្រឿងហើយជ្រុលបុកផ្ទះប្រជាពលរដ្ឋ១ខ្នងទៀតទើបធ្វើឱ្យរថយន្តក្រឡាប់ជះអង្កររាយប៉ាយពេញថ្នល់ជាតិ នឹងបណ្តាលឱ្យអ្នកជិះក្នុងរថយន្ត២នាក់ស្លាប់ម្នាក់និងរងបួសធ្ងន់ម្នាក់ចំណែកម្ចាស់ផ្ទះវិញគេចផុតពីគ្រោះថ្នាក់ ។
ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៥៩B ស្ថិតនៅចំណុចភ្នំព្រឹក ភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
ជរងគ្រោះទាំង២នាក់ដែលរងរបួសនិងស្លាប់ត្រូវគេរាយការណ៍ឱ្យដឹងថាជាតៃកុងនិងព្រូ ហើយអ្នកដែលបាត់បង់ជីវិតមានឈ្មោះ សន ចំរើន ភេទប្រុសអាយុ២៥ឆ្នាំ ជាព្រូ រស់នៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ចំណែកអ្នករងរបួសធ្ងន់ជាតៃកុង មានឈ្មោះ ឃាង រាំងសី ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅស្រុកបាទី ខេត្តតាកែវ ។ រថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខភ្នំពេញ៣D ០៦៦៣ ។
ជុំវិញនៃហេតុការណ៍គ្រោះថ្នាក់ចរារចណ៍នេះ បើតាមប្រភពព័ត៌មានពីលោកអធិការរង ទទួលការងារសណ្តាប់ធ្នាប់ចរាចរណ៍ស្រុកភ្នំព្រឹកប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តដឹកអង្ករខាងលើបានធ្វើដំណើរក្នុងទិសដៅជើងទៅត្បូងចេញពីខេត្តតាកែវឆ្លងកាត់ស្រុកសំពៅលូន ទៅកាន់ស្រុកភ្នំព្រឹក លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ រថយន្តបែកកង់មុខផ្នែកខាងស្តាំ ហើយក៏រេចង្កូតទៅខាងស្តាំដៃមុនដំបូងបុកម៉ូតូអ្នកភូមិ១គ្រឿងចតលើចិញ្ចើមថ្នល់ រថយន្តបានជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋ១ខ្នងទៀតបណ្តាលឱ្យរថយន្តក្រឡាប់តែម្តង។ នៅពេលនោះធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ច ហើយគេឃើញអ្នកនៅក្នុងរថយន្ត២នាក់ ត្រូវបានគាបជាប់ក្នុងរថយន្ត ។
ប្រជាពលរដ្ឋនិងសមត្ថកិច្ចចូលទៅសង្រ្គោះចាប់ទាញជនរងគ្រោះចេញពីក្នុងរថយន្ត គេឃើញព្រូម្នាក់បានស្លាប់បាត់ទៅហើយចំណែកតៃកុងវិញទទួលរងបួសបែកក្បាលហូរឈាមបុកក្បាលនិងកញ្ចក់មុខ ទទួលរងរបួសធ្ងន់ ។ ភ្លាមនោះអ្នករងបួសត្រូវបានគេដឹកតាមតាមរថយន្ត ពេទ្យយកទៅសង្រ្គោះជីវិតនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ។
ក្នុងហេតុការណ៍នេះម្ចាស់ផ្ទះគេចផុតពីគ្រោះថ្នាក់ ដោយរងការខូចខាតផ្ទះផ្នែក ខាងមុខធ្ងន់ធ្ងរ និងខូចខាតម៉ូតូ១គ្រឿង ។ សាកសពជនរងគ្រោះបន្ទាប់មកត្រូវបានសមត្ថកិច្ចទំនាក់ទំនងខាងក្រុមគ្រួសារដើម្បីមកទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
ចំណែករថយន្តសមត្ថកិច្ចរក្សាទុកកន្លែងកើតហេតុនោះសិនរង់ចាំម្ចាស់ចូលមកដោះស្រាយ សងថ្លៃខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋ ទើបអនុញ្ញាតឱ្យស្ទូចយកទៅជួសជុល។
គ្រោះថ្នាក់ចរាចរណ៍ខាងលើត្រូវបានប្រជាពលរដ្ឋនិយាយថាបណ្តាលមកពីដោយរថយន្តដឹកផ្ទុកអង្ករលើសទម្ងន់និងរថយន្តគ្មានការត្រួតពិនិត្យបច្ចេកទេសត្រឹមត្រូវ ៕
ដោយ៖ សំ វិច្ឆិកា