ភ្នំពេញ៖ មន្ត្រីគណៈកម្មការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនៅខេត្តព្រះសីហនុបាននិយាយថា តួលេខ នៃអ្នករត់ហាក់នៅទ្រឹងមួយកន្លែងអស់ រយៈពេល៦ថៃ្ងហើយ ដោយសារខេត្តព្រះសីហនុមិនទាន់មានចំនួនជើងហោះហើរត្រង់ពីបណ្តាប្រទេសនានាមកខេត្តសីហនុនោះ ។ ការលើកឡើងរបស់មន្ត្រីគណៈ កម្មការបែបនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅទីស្នាក់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
លោក សែម ផល្លា សមាជិកគណៈកម្មការបច្ចេកទេសនៃព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងកម្ពុជាបានឲ្យដឹងថា បញ្ហាប្រឈមមួយចំនួនបានរាំងខ្ទប់ ភ្ញៀវទេសចរនៅបណ្តាប្រទេសនានាមិនអាចមកចូលរួមរត់ក្នុងព្រឹត្តិការណ៍អន្តរជាតិនេះឲ្យច្រើនដូចនៅខេត្តសៀមរាប។ បញ្ហាទាំងនោះមានដូចកង្វះការចូលរួមដោយស្មារតីទទួលខុសត្រូវពីអាជ្ញាធរមូលដ្ឋានប្រព័ន្ធ ផ្លូវរត់ខ្លះនៅមានលក្ខណៈមិនល្អប្រសើរ ពិសេសសេវាហោះហើរត្រង់ចូលទៅខេត្តព្រះសីហនុមានចំនួនតិចនៅឡើយ ។
លោកបានបន្តទៀតថា ចំពោះព្រឹត្តិការណ៍ រត់ប្រណាំងនៅខេត្តព្រះសីហនុមិនអាចធៀបនឹងព្រឹត្តិការណ៍នៅខេត្តសៀមរាបបានទេ ព្រោះខេត្តសៀមរាបយើងធ្វើបានជាង២០ឆ្នាំរួចហើយ ចំណែកឯខេត្តព្រះសីហនុទើបធ្វើបានចំនួន៦លើកប៉ុណ្ណោះ ដូច្នេះយើងត្រូវការពេលវេលាច្រើនឆ្នាំទៅមុខទៀត ។
លោកបានកត់សម្គាល់ឃើញថា ប្រសិន បើយើងមានជើងហោះហើរត្រង់ច្រើនដូចនៅខេត្តសៀមរាបបូកបញ្ចូលទាំងផ្លូវរត់ ប្របតាមឆ្នេរសមុទ្រដ៏ស្រស់ត្រកាលទៀត ធ្វើឲ្យអ្នករត់អាចគយគន់ទេសភាពឆ្នេរ វាលស្រែ ទីប្រជុំជន ព្រៃព្រឹក្សា និងបានស្រូប យកខ្យល់បរិសុទ្ធធម្មជាតិនិងមានការផ្សព្វផ្សាយទូលំទូលាយពីសំណាក់ស្ថាប័នព័ត៌មានក្នុងស្រុកនិងក្រៅស្រុកនោះលោក សង្ឃឹមថា ថ្ងៃអនាគតអាចមានអ្នករត់កើនពី៦ទៅ៧ពាន់នាក់។ ពាក់ព័ន្ធនឹងបញ្ហា ខាងលើលោក វ៉ាត់ ចំរើន អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានទទួលស្គាល់ថា ខេត្តព្រះសីហនុពិតជាខ្វះជើងហោះហើរត្រង់មែន។
លោកបានបញ្ជាក់ថាកាលពីខែធ្នូឆ្នាំ ២០១៦កន្លងទៅក្នុងពិធីបុណ្យសមុទ្រ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុបានសម្ពោធដាក់ឲ្យដំណើរការជើងហោះហើរ១បន្ថែមទៀតហើយដូច្នេះលោកសង្ឃឹមថា នឹងមានជនបរទេសមកចុះឈ្មោះរត់ ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិខេត្តព្រះសីហនុបានច្រើនជាងឆ្នាំកន្លងទៅ។ លោកបានបញ្ជាក់បន្ថែមថា បច្ចុប្បន្នគណៈកម្មការទទួលបានអ្នកចុះឈ្មោះរត់ ប្រមាណជិត២០០០នាក់ក្នុងនោះគណៈ កម្មការនៅតែបន្តបើកទ្វារស្វាគមន៍ការចុះឈ្មោះរបស់កីឡាករកីឡាការិនីនិងបងប្អូនប្រជាពលរដ្ឋខ្មែររហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០១៧។ ចំណែកឯកាលបរិច្ឆេទនៃ ព្រឹត្តិការណ៍ធ្វើឡើងនៅមុខឆ្នេរអូរឈើ ទាល់ដដែលនាព្រឹកថ្ងៃអាទិត្យ ទី៥ ខែ មិនាឆ្នាំ២០១៧ ។ ការចូលរួមរបស់ប្រជា ពលរដ្ឋគឺផ្តល់តម្លៃដល់អ្នករៀបចំព្រឹត្តិការណ៍ ការគាំទ្រគឺផ្តល់តម្លៃឲ្យប្រទេសជាតិរបស់ យើងទាំងអស់គ្នា ។ ដូច្នេះគណៈកម្មការ រៀបចំការប្រកួតសង្ឃឹមថាការចូលរួម របស់ពលរដ្ឋ គឺជាចំណែកមួយជួយជំរុញ ឲ្យភ្ញៀវទេសចរមកកម្សាន្តព្រះរាជាណា ចក្រកម្ពុជាបានកាន់តែច្រើនពិសេសតំបន់ឆ្នេរសមុទ្រកម្ពុជា៕ សារីម