ភ្នំពេញ៖ តារាសម្តែងសិង្ហបូរីចំនួន៤រូប ដែលបានសម្តែងក្នុងខ្សែភាពយន្តភាគល្បីល្បាញរឿង “ពន្លកស្នេហ៍ក្នុងភ្លើងសង្គ្រាម” បានធ្វើដំណើរមកកម្ពុជាដើម្បីជួបអ្នកគាំទ្ររបស់ពួកគេ ក៏ដូចជាការស្វែងយល់អំពីចំណង់ចំណូលចិត្តរបស់ប្រជាជន កម្ពុជាលើវិស័យភាពយន្ត ។ កម្មវិធីជួបជុំអ្នកគាំទ្រនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ នៅរោងភាពយន្ត Major Cineplex ផ្សារទំនើបAEON ជាមួយនឹងវត្តមានអ្នកគាំទ្រជាច្រើនរូប ។
សិល្បករទាំង៤រូប ដែលមានវត្តមានក្នុងកម្មវិធីនេះ មាន លោក Shaun Chen លោក Chen Hanwei កញ្ញា Felicia Chin និងកញ្ញា Rebecca Lim ដែលពួកគេបានសម្តែងក្នុង ខ្សែភាពយន្តភាគរឿង ”ពន្លកស្នេហ៍ក្នុងភ្លើងសង្រ្គាម” រដូវកាលទី១ និង “ពន្លកស្នេហ៍ក្នុងភ្លើងសង្គ្រាម” រដូវកាលទី២ ។ កម្មវិធីនេះដែរ គឺកើតមានឡើងក្រោមកិច្ចផ្តួចផ្តើមពី ទូរទស្សន៍ My TV និងសហការពី Media Corp របស់សិង្ហបូរី ។ ក្នុងជំនួបអ្នក គាំទ្រ ពួកគេនៅកម្ពុជានេះ អ្នកផលិតកម្មវិធីបានរៀបចំឲ្យមានកម្មវិធីលេងល្បែងកម្សាន្ត ពិសេសអ្នកគាំទ្រអាចសួរសំណួរដោយផ្ទាល់ និងថតរូបជាអនុស្សាវរីយ៍ជាមួយតារាក្នុងដួងចិត្តពួកគេផងដែរ ។
ប្រធានកម្មវិធីនៃទូរទស្សន៍ My TV លោក គុជ ចាន់វិសាល បាននិយាយថា My TV តែងតែនាំនូវអ្វីដែលថ្មី និងល្អជូនប្រជាជនកម្ពុជា ។ លោកបានបន្ថែមទៀតថា ទូរទស្សន៍នេះ នឹងនៅតែបន្តចាក់បញ្ចាំងខ្សែភាពយន្តថ្មីៗ និងល្អជូនអ្នកទស្សនា ។ លោកបញ្ជាក់ថា រឿង “ពន្លកស្នេហ៍ក្នុងភ្លើងសង្គ្រាម” រដូវកាលទី១ បាននឹងកំពុងចាក់បញ្ចាំងលើទូរទស្សន៍ My TV រាល់ថ្ងៃច័ន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង៧យប់ ហើយសម្រាប់រឿង “ពន្លកស្នេហ៍ក្នុងភ្លើងសង្គ្រាម” រដូវកាលទី២ នឹងចាក់បញ្ចាំងបន្តចាប់ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ តាមពេលវេលា និងម៉ោងដដែល ។
កញ្ញា Felicia Chin បានបញ្ជាក់ថា នាងពិតជាភ្ញាក់ផ្អើលនឹងការគាំទ្រខ្សែភាពយន្ត “ពន្លកស្នេហ៍ក្នុងភ្លើងសង្គ្រាម” ។ នាងក៏បានសរសើរអំពីភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជាដែលធ្វើឲ្យមានដក់ជាប់នៅក្នុងចិត្ត ។ នាងបញ្ជាក់ដែរថា កន្លងមក នាងធ្លាប់បានឃើញអំពីការរួមសហការផលិតខ្សែភាពយន្តរវាងអ្នកផលិតកម្ពុជា នឹងសិង្ហបុរីដែរ ហើយនាងរំពឹងថា កិច្ចសហការផលិតនេះ នឹងកើតមានបន្តទៀតនៅពេលខាងមុខ ។
លោក Chen Hanwei ដែលជាតារាសម្តែងក្នុងរឿងខាងលើបានបញ្ជាក់ថា នេះគឺជាលើកទី១ ដែលលោកបានមកទស្សនានៅកម្ពុជា ហើយបានជួបនូវស្នាមញញឹម ភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ។ លោកបញ្ជាក់ថា ការមកកម្សាន្ត និង ជួបអ្នកគាំទ្រនៅកម្ពុជានេះ អាចនឹងធ្វើឲ្យបានស្វែងយល់កាន់តែច្បាស់ពីទំហំនៃការគាំទ្ររបស់ប្រជាជនកម្ពុជា ចំពោះរូបលោក ។ លោកបញ្ជាក់ដែរថា លោកពិតជាភ្ញាក់ផ្អើលសម្រាប់ការគាំទ្ររបស់ប្រជាជនកម្ពុជាសម្រាប់ខ្សែភាពយន្តខាងលើ ៕
ដោយ៖ វឌ្ឍនា