កំពង់ឆ្នាំង៖ សាកសពបុរសម្នាក់ដែលហើមទៅហើយនោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងព្រៃ ដែលមានស្នាមរិតក និង រងរបួសផ្នែកក្បាល ។ ហេតុការណ៍ដ៍ភ្ញាក់ផ្អើលនេះគឺបានកើតឡើងកាលពីវេលាម៉ោងជាង១២ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ នៅចំណុចស្តុំស្ថិតក្នុងភូមិក្រោលជី ឃុំពពេល ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា សាកសពនេះនៅមិនទាន់បានស្គាល់អត្តសញញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា សាកសពនេះមានសម្បុរស្រអែម សក់ស្លូត ពាក់អាវឆ្នូតស និងស្លៀកខោជើងវែងពណ៌ខ្មៅ ដែលមានអាយុប្រមាណជា៣០ឆ្នាំ ។ សាកសពនេះត្រូវបានប្រជាពលរដ្ឋប្រទះឃើញក្នុងពេលដែលពួគគាត់ទៅស្ទូងស្រូវ ។
សមត្ថកិច្ចបន្តអោយដឹងទៀតថា សពនេះស្លាប់ក្នុងចន្លោះម៉ោង៩ទៅ១១យប់ថ្ងៃទី១៦សីហា២០១៥ ដោយរហូតមកដល់ពេលដែលប្រជាពលរដ្ឋប្រទះឃើញនេះ សាកសពមានសភាពហើមនឹងមានក្លិនខ្លះហើយ ។ នៅលើខ្លួនសាកសពរកឃើញមានស្នាមរិតកនិងមានស្នាមបែកក្បាលខាងក្រោយ ក្រៅពីនេះគឺនៅមានខ្សែចង្កធ្វើពីប្រាក់មួយខ្សែ ចិញ្ចៀនដាំត្បូងមួយវង់ ។
ក្រោយការពិនិត្យសាកសពរួចសមត្ថកិច្ចបានធ្វើការសន្និដ្ឋាននៅជំហានដំបូងថា ជារឿងគំនុំ ឬ ជាករណីប្លន់សម្លាប់យកមកទំលាក់ចោល ។ ក្រោយពីធ្វើការពិនិត្យរួចរាល់សមត្ថកិច្ចបានប្រគល់សាកសព ទៅអាជ្ញាធមូលដ្ឋានធ្វើការកប់នៅជិតកន្លែងសាកសពបច្ចុប្បន្ន នៅពេលនេះសមត្ថកិច្ចកំពង់ធ្វើការស្រាវជ្រាវរកអត្តសញ្ញាណក្រុមជនដៃដើម្បីផ្តន្ទាទោសទាមផ្លូវច្បាប់ផងដែរ ។ ក្នុងនោះផងដែរសមត្ថកិច្ចក៏បានធ្វើការអំពាវដល់បងប្អូនប្រជាពលរដ្ឋណា ដែលមានបាត់សមាជិកក្រុមគ្រួសារដែលមានភិនភាគដូចខាងលើនេះសូមមកធ្វើការទំនាក់ទំនងជាមួយសមត្ថកិច្ចមូលដ្ឋាននៅក្នុងស្រុកបរិបូរណ៍ ៕
ដោយ៖ ចន្ថា