ពោធិ៍សាត់៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្ដពោធិ៍សាត់ ធ្វើការឃាត់ខ្លួនបុរសម្នាក់ ក្រោយពីទទួលពាក្យបណ្ដឹងពីស្ដ្រីម្នាក់ថា បុរសខាងលើបានលួចលុយ ពេលសមត្ថកិច្ចឆែកឆេរថែមទាំងរកឃើញថ្នាំញៀន និងដាវសាមូរ៉ៃ ។
ប្រតិបត្ដិការខាងលើប្រព្រឹត្ដឡើងកាលពីវេលាម៉ោង ២:៤៥នាទីរសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ នៅចំណុចមុខផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិ.សង្កាត់ស្វាយអាត់ ក្រុង.ខេត្ដពោធិ៍សាត់ ។
លោកនាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឱ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួន ត្រូវបានគេស្គាល់ឈ្មោះ សុខ សុភា ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិ.សង្កាត់កើតហេតុ។
ហើយការឃាត់ខ្លួនបុរសសង្ស័យខាងលើ ក្រោយពីទទួលពាក្យបណ្ដឹងពីស្ដ្រីម្នាក់ឈ្មោះ ឈួន ធឿន អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិ.សង្កាត់ជាមួយគ្នា (ជនសង្ស័យ) ថាបុរសខាងលើបានឡើងលើផ្ទះរបស់គាត់លួចលុយចំនួន ១លានរៀល និង ១០០ដុល្លារ កាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃដដែល ខណៈរូបគាត់មកផ្សារឱ្យកូនតូចៗនៅផ្ទះ ។
លោកបន្ដថា ក្រោយពីសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមដាន អស់ជាច្រើនម៉ោងទើបធ្វើការឃាត់ខ្លួនជនសង្ស័យបាន នៅពេលសមត្ថកិច្ចរបស់លោកធ្វើការឆែកឆេរ រកឃើញវត្ថុតាងលុយទាំងអស់ ដែលជនសង្ស័យបានលួចព្រមទាំង រកឃើញឧបករណ៍ជក់សារធាតុញៀនមួយកំផ្លេរ ថ្នាំញៀន ១កញ្ចប់តូច និងដាវសាមូរ៉ៃ ១ដើមផងដែរ ហើយជនសង្ស័យបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានប្រព្រឹត្ដពិតមែន ។
លោកនាយការិយាល័យបន្ដទៀតថា វត្ថុតាងលុយត្រូវបានប្រគល់ឱ្យម្ចាស់វិញ ចំណែកជនសង្ស័យរួមទាំងវត្ថុតាងសារធាតុញៀន កំពុងបំពេញបែបបទបញ្ជូនទៅសាលាដំបូងខេត្ដពោធិ៍សាត់ ដើម្បីបន្ដតាមនីតិវិធី ៕
ដោយ៖ ប៉ឹម ពិន