សហគមន៍អន្តរជាតិ ក្នុងនោះមាន សហភាពអឺរ៉ុប អាមេរិក និងអង្គការសហប្រជាជាតិផងដែរបានថ្លែងថ្កោលទោស និងសម្ដែងមរណៈទុក្ខចំពោះជនរងគ្រោះដែលរង ការវាយប្រហារគ្រាប់បែកដ៏ឃោរឃៅនៅកណ្តាលទីក្រុងបាងកក កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ បណ្តាលឲ្យស្លាប់ និងរងរបួសមនុស្សរាប់រយនាក់។
អ្នកនាំពាក្យសហភាពអឺរ៉ុប បានសម្ដែងមរណៈទុក្ខដល់ក្រុមគ្រួសារ ជនរងគ្រោះ ហើយទទូចឱ្យជួយពន្លឿនការព្យាបាលមុខរបួស ដល់ជននៅរស់រានមានជីវិត ។
អង្គការសហប្រជាជាតិក៏បានចេញសេចក្ដីថ្លែងការណ៍ចូលរួមសោកស្ដាយ និងរំលែកមរណៈទុក្ខដល់គ្រួសារជនរងគ្រោះ និងរដ្ឋាភិបាលថៃផងដែរ ។
សេចក្ដីថ្លែងការណ៍របស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា ទាំងលោក បាន គីមួន អគ្គលេខាធិការអង្គការសហប្រជាជាតិ និងមន្ត្រីអង្គការសហប្រជាជាតិទាំងអស់ មានការក្ដុកក្ដួលរន្ធត់ចិត្តជាពន់ពេកនៅពេលទទួលព័ត៌មានអំពីការវាយប្រហារសម្លាប់រង្គាលនេះនេះ។
មិនខុសគ្នានេះដែរ ស្ថានទូតអាមេរិកប្រចាំនៅក្រុងបាងកក ក៏បានទទូចឱ្យពលរដ្ឋអាមេរិកដែលកំពុងនៅក្នុងប្រទេសថៃមានការប្រុងប្រយ័ត្ន ហើយចៀសវាង ការធ្វើដំណើរទៅកាន់ទី កន្លែងដែលជួបឧបទ្ទវហេតុនេះ។
សូមបញ្ជាក់ថា លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃបានណែនាំឱ្យមន្ត្រីសន្តិសុខ ស៊ើបអង្កេតករណីនេះជាបន្ទាន់។ អ្នកនាំពាក្យប៉ូលិសជាតិប្រទេសថៃ លោក Prawut Thavornsiri បានថ្លែងថា អ្នកស្លាប់មកដល់ថ្ងៃទី១៨ ខែសីហា កើន២២នាក់ហើយ ។ រីឯអ្នករងរបួសវិញមាន១២០នាក់ ។
លោក Prawith Thavornsiri អ្នកនាំពាក្យនគរបាលជាតិថៃ បានបញ្ជាក់ថា វាពិតជាមានករណីផ្ទុះកើតមានឡើងមែន ហើយគេសន្និដ្ឋានថា វាជាការបំផ្ទុះគ្រាប់បែក។ មន្ត្រីម្នាក់នេះមិនបានបញ្ជាក់ទេថា តើគ្រាប់បែកប្រភេទណាដែលជនល្មើសប្រើប្រាស់នៅក្នុងការបំផ្ទុះចំកណ្តាលទីក្រុងបាងកកនាពេលនេះឡើយ ។
បន្ទាប់ពីហេតុការណ៍បានកើតឡើងភ្លាមគេឃើញមានមនុស្សដេករណូករណែលតាមផ្លូវ និងឃើញម៉ូតូដេកដួលពេញផ្លូវផងដែរ។ មន្ត្រីប៉ូលិសបានចាប់ផ្តើមជម្លៀសប្រជាជននៅជិតៗនោះដើម្បីបញ្ចៀសគ្រោះថ្នាក់។ ម្យ៉ាងតំបន់ខាងលើជាតំបន់ទេសចរណ៍ ដែលមានទេសចរឆ្លងកាត់ទៅមកច្រើនផងដែរ។ ចំពោះអ្នកស្លាប់ និងរបួស គេនៅមិនទាន់អាចទទួលព័ត៌មានច្បាស់លាស់នៅឡើយ ។
ប្រភពព័ត៌មានបរទេសបានបញ្ជាក់ថា គ្រាប់បែកដែលបំផ្ទុះនេះត្រូវបានធ្វើឡើងនៅមិនឆ្ងាយប៉ុន្មានពីចំណុចប្រសព្វ Rajprasong ដែលធ្លាប់ជាទីតាំងក្រុមបាតុករប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលកាលពីប៉ុន្មានឆ្នាំមុនឡើយ។ ចំពោះករណីវាយប្រហារដោយគ្រាប់បែកនេះ គេនៅមិនទាន់អាចសន្និដ្ឋានបាននៅឡើយទេថា វាជាករណីភេរវកម្ម ឬជាការបង្កអស្ថិរភាពនិងអសន្តិសុខនៅក្នុងប្រទេសថៃដោយក្រុមណាមួយឡើយ។ ប៉ុន្តែចាប់តាំងពីរដ្ឋប្រហារយោធាកើតមានឡើងកាលពីខែឧសភា ឆ្នាំ២០១៤ ស្ថានភាពនៅក្នុងប្រទេសថៃមានភាពល្អប្រសើរ ពោលគឺគ្មានភាពចលាចល គ្មានបាតុកម្ម គ្មានការវាយប្រហារឬហិង្សាកើតឡើង ហើយបញ្ហាសេដ្ឋកិច្ចទៀតសោត កំពុងតែងើបឡើងបន្តិចម្តងៗ មិនគួរណា នៅពេលនេះ បែរជាមានករណីវាយប្រហារគ្រាប់បែកសម្លាប់រង្គាលយ៉ាងដូច្នេះសោះ ហើយក្នុងចំណោមអ្នកដែលបាត់បង់ជីវិតមានអ្នកទេសចរណ៍បរទេសផងដែរ ៕
ប្រែសម្រួល៖ យ៉ាត