បាច​អង្កាម​​បញ្ច្រាស​​ខ្យល់​​​

ចែករំលែក៖

អង្គ​ហេតុ​ចំបង​​នៃការ​ចាប់​ខ្លួន​ លោក ហុង សុខហួរ​ សមាជិកព្រឹទ្ធសភា​ មក​ពី​កូតា​គណបក្ស​ សម រង្ស៊ី​ ត្រូវ​បាន​អ្នក​វិភាគ​យល់ឃើញ​​ថា​ អាច​មាន​សេណារីយោ​ គូស​វាស​ ដោយ​ក្រុម​អ្នក​នយោបាយជាន់​ខ្ពស់​មួយ​ចំនួន​​ផ្សេងទៀត​ នៅក្នុង​គណបក្ស​សង្គ្រោះជាតិជាអ្នក​បញ្ជា​​​ ដោយ​​ហេតុ​ថា​ ព្រឹត្តិការណ៍នោះ​បាន​កើត​ឡើង​ជា​របៀប​រៀប​ចំទុក​ជាមុន​ និង​មាន​តំណាក់​កាល​ច្បាស់​លាស់​​​ ។

ក្រុម​អ្នក​វិភាគ​បញ្ហា​នយោបាយ​ បាន​កត់​សម្គាល់​ថា​ នៅ​ថ្ងៃ​ទី​១១ ខែសីហា​ ឆ្នាំ២០១៥ ​ជា​ថ្ងៃ​​ដែល​​​គណបក្ស​សង្គ្រោះជាតិ​ បាន​រៀប​ចំ​ពីធី​ប្រគល់​ផែន​ទី​ដែល​ខ្លួន​មាន​ ទៅស្ថាប័ន​​រាជ បណ្ឌិត្យ​​សភា​កម្ពុជា​​​​ ​ដែល​ជាក្រុម​ស្រាវជ្រាវ​ និង​ផ្ទៀង​ផ្ទាត់​ផែន​ទី​នោះ​ គឺ​បាន​ធ្វើ​ឡើងជាផ្លូវ​ការ​​នៅ​ក្នុង​​ទីស្នាក់​ការ​​របស់​គណបក្ស​សង្គ្រោះជាតិ​ នៅចាក់​អង្រែ​លើ​ ដែល​នៅ​ក្នុង​រយៈ​ពេល​នោះ​គឺ​មាន​លោក កឹម សុខា​ ជាប្រធាន​ស្តី​ទី​គណបក្ស​ និង​ជា​អ្នក​ទទួល​ខុសត្រូវ​ទាំង​ស្រុង​ចំពោះ​មុខ​ច្បាប់​ នូវ​​រាល់​ព្រឹត្តិការ​ណ៍​នានា​ដែល​គណបក្ស​បាន​សម្រេច​ធ្វើ ​។

នៅថ្ងៃនោះ​ លោក ហុង​ សុខ​ហួរ​ ច្បាស់​​ជា​មាន​​ការ​ចាត់​តាំង​យ៉ាង​ត្រឹម​ត្រូវ​ និង​ច្បាស់​លាស់​ពី​ប្រធាន​ស្តីទី​គណបក្ស​ ដើម្បី​​ធ្វើ​ការ​ពន្យល់​ និង​បកស្រាយលើ​បញ្ហា​ផែនទី​ និង​បញ្ហា​ព្រំដែន​យ៉ាង​ប្រាកដ​ ព្រោះ​មាន​ការ​ថត​ វីដេអូ​ ទុក​​ជាឯកសារ​​សម្រាប់​ផ្សព្វ​ផ្សាយ និង​មាន​ការ​អញ្ជើញ​អ្នក​សារព័ត៌មាន​ជាផ្លូវ​ការ​​ផង​​​​ ។

មួយថ្ងៃ​បន្ទាប់​ពី​ពិធី​​ប្រគល់​ផែន​ទី​​ហើយ​ គឺ​នៅ​ថ្ងៃ​ទី​១២ ខែសីហា​ ឆ្នាំ​២០១៥ ទាំង​ប្រជា ពលរដ្ឋ​ និង​ក្រុម​អ្នក​វិភាគ បាន​នាំ​គ្នា​ជ្រួល​​​ច្របល់ និង​ជជែក​គ្នាពីរឿងនយោបាយ​នៅតាម​ហាង​កាហ្វេ​​នយោបាយ យ៉ាង​ផុស​ផុល​ អំពី​វីដេអូឃ្លីប​មួយដែល​និយាយ​អំពី​​​ ​ការ​រំលាយ​ព្រំដែនរវាង​កម្ពុជា​ និង​វៀតណាម​​ ដែល​បាន​បង្ហោះ​ផ្សព្វផ្សាយ​​នៅ​ក្នុង​​ទំព័រហ្វ៊េសប៊ុក​ផ្លូវការ​របស់​លោក​ ​​​​សម រង្ស៊ី​ ដែល​​​មាន​រយះពេល​ប្រមាណ ១១ នាទី​ ហើយ​វីដេអូនេះ​ បាន​បន្ត​ផ្សព្វផ្សាយ​រហូត​ដល់​ព្រឹក​ថ្ងៃទី​១៣ ខែសីហា​ ឆ្នាំ២០១៥​។ ​ក្រោយ​មក​បន្តិច​ ​​ក៏​មាន​ការ​ដក​វីដេអូឃ្លីប​​ចេញ​វិញពី​ក្នុង​ទំព័រ​ហ្វ៊េសប៊ុក​​នោះ​​ក្នុង​ចេតនា​​បំបិទភស្តុតាង​ បន្ទាប់​ពី​មាន​ការ​ជ្រួល​ច្របល់​ពី​មហាជន ​​។

ចំណុច​នេះ​ ក្រុម​អ្នក​វិភាគ​យល់​ថា​ វាអាច​នឹង​មាន​ការ​ណែនាំជាមុន​ ​ពី​លោក​ កឹម​ សុខា​ ដែល​​ជា​​ប្រធាន​​ស្តីទី​​គណបក្ស​ ​ដល់​លោក ហុង សុខហួរ​ ក្នុង​ការ​និយាយ និង​បង្ហាញ​​អំពីខ្លឹមសារ​ក្លែង​នៃ​សន្ធិសញ្ញា​​រវាងកម្ពុជា​ និង​វៀតណាម​នៅឆ្នាំ១៩៧៩​នោះ​ ទើប​លោក​ ហុង សុខហួរ​ ហ៊ាន​ធ្វើការ​​បក​ស្រាយ​​អះអាង​ថាលោក ហេង សំរិន​ ដែល​ជាប្រមុខ​រដ្ឋ​​នៅពេល​នោះ​ បាន​ចុះ ហត្ថលេខា​​ ជាមួយ​ប្រមុខ​រដ្ឋ​របស់​ប្រទេស​វៀតណាម​ នៅថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ១៩៧៩​ ថា​ ប្រទេស​ទាំងពីរ​ឯកភាព​គ្នា​រំលាយ​​ព្រំដែន​​រដ្ឋ​ទាំងពីរ​ ព្រម​ទាំង​​​ហ៊ានធ្វើ​អត្ថាធិប្បាយ និង​​​លើកយក​អត្ថបទ​​នៃ​សន្ធិសញ្ញា​នោះ​ដាក់​បញ្ចូល​ក្នុង​វីដេអូ​ឃ្លីប​នោះ​ទៀត​ ។​​

ដោយ​សារ​ការផ្សព្វ​ផ្សាយ​វីដេអូឃ្លីបមួយ​នេះ​ បាន​​បង្ហោះ​នៅលើ​​ទំព័រហ្វ៊េសប៊ុក​ផ្លូវ​ការ​​របស់​លោក សម រង្ស៊ី​ ក្រុម​អ្នក​វិភាគ​ក៏យល់​ផង​ដែរ​ថា​ អាច​មានការ​​ពាក់​ព័ន្ធ​ជាមួយ​នឹង​ការ​ចូល​រួម​គំនិត​ និង​យោបល់​ពី​លោក សម រង្ស៊ី​ ផង​ដែរ​ បើទោះបី​ជា​នៅក្នុង​រយៈ​ពេល​នោះ​លោក សម រង្ស៊ី​ មិន​នៅ​ក្នុង​​ប្រទេស​​ក៏ដោយ​ព្រោះ​ការ​គ្រប់​គ្រង​​ទំព័រ​​របស់​​អ្នក​លេង​ហ្វ៊េសប៊ុកនីមួយៗ ​​​គឺ​បុគ្គល​ម្នាក់ៗ​​​​​ ជាម្ចាស់​ ជា​អ្នក​គ្រប់​គ្រង​ និង​បញ្ជាការ​ផ្សព្វ​ផ្សាយ​​​​ដោយ​ផ្ទាល់ខ្លួន​​។ ម្យ៉ាង​ទៀត​ លោក សម រង្ស៊ី​ ពិត​ជាបាន​មើល​វីដេអូឃ្លីប​នេះ​រួច​ហើយ​ ទើប​លោក​ហ៊ាន​ធ្វើការ​ផ្សព្វ​ផ្សាយ​បែប​នេះ ​។​

គេ​ក៏​នៅមាន​ការ​ងឿង​ឆ្ងល់​ផង​ដែរ​ថា​ តើ​ឯកសារ​ក្លែង​សន្ធិសញ្ញា​រវាង​កម្ពុជា​ និង​វៀតណាម​ ឆ្នាំ១៩៧៩​ នោះ​ ជារបស់​អ្នកនយោបាយដៃដល់​​មួយណាទៅដែល​ហ៊ាន​កែ​ក្លែង​ឯកសារ​​សន្ធិសញ្ញាឆ្នាំ​១៩៧៩​ ​នៅក្នុង​គណបក្ស​សង្គ្រោះជាតិ​​នោះ​ និងជាអ្នក​​ផ្តើម​គំនិត​​​​យក​មក​បំពុល​​បរិយាកាស​​នយោបាយ​នៅកម្ពុជា​ពេល​នេះ ​?​

បើ​តាម​ប្រភព​ស្និទ្ធ​នឹង​មន្ត្រី​ក្នុង​គណៈកម្មាធិការ​នាយក​របស់​គណបក្ស​សង្គ្រោះជាតិ​ បាន​លួច​ខ្សឹប​ប្រាប់​ថា​ ឯកសារ​ដែល​ធ្វើ​ឲ្យ «​វ៉ល់វ៉ល់»​ ក្នុង​​គណបក្ស​​ប្រឆាំង​ និង​សង្គម​កម្ពុជា​ នាពេល​នេះ​ អាច​​បញ្ចេញ​ដោយ​លោក​តំណាង​រាស្ត្រ​ អ៊ុំ សំអាន​ ដែល​កន្លង​មក​លោក​តែង​តែ​សកម្មក្នុង​​រឿង​​ព្រំ​ដែន​តាម​របៀប​ខុសច្បាប់​ និង​​ខុស​រឿង​ជាញយដង​​ ហើយ​ដែល​ក្រុម​តំណាង​រាស្ត្ររបស់​បក្សប្រឆាំងគ្នាឯង​​លួច​ចំអក​ និង​ឲ្យ​ឈ្មោះ​ថា​ «អាជោរ​» ខាង​យក​ «បុង» ជាមួយលោក​ប្រធាន​។​​ យោង​តាម​ប្រភព​នេះ​ ក្រុម​អ្នក​វិភាគ​ បាន​ចាប់​អារម្មណ៍​ថា​ ​វា​ពិត​ជា​អាច​ទាក់​ទង​នឹង​លោក​ អ៊ុំ​ សំអាន​​ និង​​​ការ​សម្រេច​​ឲ្យ​​ផ្សព្វ​ផ្សាយ​របស់​លោក កឹម សុខា​ មែន ព្រោះអី​ពេល​នេះ​តំណាង​រាស្ត្រ​​រូប​នេះបាន​ដាក់​មេប្រូច​ជិះតាក់​ស៊ី​ទៅ​ប្រទេស​ថៃ​បាត់​ទៅ​ហើយ​ ចំណែក​លោក កឹម សុខា​ រឹតតែ​រត់​បាន​លឿន និង​ឆ្ងាយ​ជាង​លោក អ៊ុំ​ សំអាន​ តាម​ជើង​យន្ត​ហោះ​ទៅអូស្ត្រាលី​ដែរ ដែល​សុភាសិត​​​បុរាណ​បានពោល​​ថា​៖​ « គោដំបៅខ្នង​​ ក្អែក​ហើររំលង​​ រសាយ​កន្ទុយ​ » ឬគេហៅ​ថា​​ « តំរិះ​ជិះកឯង​ » ​។​​​​​

ដូច្នេះ​ រឿង​លោក​ ហុង សុខហួរ​ ដែល​ត្រូវ​បាន​​អយ្យការ​អម​សាលា​ដំបូង​រាជធានី​សម្រេច​ចោទ​ប្រកាន់​​ចំនួន​៣បទល្មើស​ ពីបទ​ក្លែង​បន្លំ​ឯកសារសាធា​រណៈ បទប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ និង​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹក​វរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម​នោះ​ អាច​នឹង​មាន​​អ្នក​ជាប់​ពាក់​ព័ន្ធជា​​​​​​មេក្លោង ​​​​​ច្រើន​​​​ទៀត ​​នៅពីក្រោយ​​ប្រសិន​បើ​លោក​ ហុង សុខហួរ​ ​ឆ្លើយ​​សារភាព​ នៅ​ចំពោះ​មុខ​​តុលាការ ​​។​

...

តើ​រឿង​ក្តី​មួយ​នេះ​នឹង​មាន​មនុស្ស​ប៉ុន្មាន​នាក់ទៀត​​​​ពាក់​ព័ន្ធដូច​សម្លរកំពឹស​​នោះ​​?​ ក្រុម​អ្នក​វិភាគ​នឹង​​បន្ត​​​តាម​ដាន​​ ហើយសង្ឃឹម​ថា​​​តុលាការ​នឹង​អនុវត្ត​យ៉ាង​ត្រឹម​ត្រូវ​ទៅ​​តាម​យុត្តិសាស្ត្រ​ ( Jurise Prudence )​ របស់​​ខ្លួន ​​៕​​​​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print