ខេត្តមណ្ឌលគិរី៖ អាជ្ញាធរដែនដី មន្ត្រីរដ្ឋបាលព្រៃឈើ រួមនិងមន្ត្រីប្រចាំការក្នុងតំបន់អភិរក្សជីវចំរុះសីមា នៅម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី១៧ សីហា២០១៥ បានដុតកម្ទេចចោលនូវសាច់សត្វព្រៃមួយចំនួន ក្រោយការចាប់ បង្ក្រាបបាននៅទឹកដី ស្ថិតនៅឃុំស្រែឈូក ស្រុកកែវសីមា ។
លោក មាគ វុឌ្ឍី ប្រធានគំរោងរបស់អង្កការអភិរក្សជីវចម្រុះសីមា( WCS)បានអោយដឹងថា មន្ត្រីជំនាញបានដុត កម្ទេចចោល សាច់សត្វ២ ប្រភេទ ក្នុងនោះសាច់ជ្រូកព្រៃ២ក្បាល ស្មើនិង៧៦គីឡូក្រាម សាច់សត្វ ឈ្លូស២ក្បាល ស្មើ និង ២៤ គីឡូក្រាម។ សំរាប់សត្វអន្សង រស់២ក្បាលទម្ងន់៣គីឡូក្រាមកន្លះ បានត្រូវដោះលែងវិញ ក្នុងព្រៃការពារមណ្ឌលគិរី ។
លោកបញ្ជាក់ថា សាច់ សត្វដែលត្រូវដុតបំផ្លាញលើកនេះ ជាសាច់ដែល សមត្ថកិច្ចមេព្រៃ និងអាវុធហត្ថ លើផ្ទៃប្រទេស ចាប់ បង្ក្រាប កាលពី១៦សីហាកន្លង ទៅនៅចំនុចប៉ោដើមស្វាយ ស្ថិតក្នុងទឹកដី ឃុំស្រែឈូក ស្រុកកែវ សីមា ហើយបានរឹបអូសវត្ថុ តាងរួមមានម៉ូតូ៣គ្រឿង សាច់សត្វទម្ងន់ ១០៣គីឡូក្រាមកន្លះ។ ចំណែក ជន សង្ស័យ បានរត់គេចខ្លួនពេល ឃើញសមត្ថកិច្ចពួនស្ទាក់ចាប់ ។
គួររំលឹកថាកាលពីវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី១២ សីហាកន្លងទៅ សាច់សត្វព្រៃប្រមាណជាង ១០០គីឡូក្រាមរួម និងជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញបង្ក្រាប ព្រមទាំងរឹបអូសរថយន្ត១ គ្រឿង ខណៈដែល សមត្ថកិច្ចប្រចាំការក្នុង តំបន់ព្រៃកាពារអភិរក្ស ជីវចំរុះសីមា កំពុងតែដាក់កុងត្រូលត្រួត ពិនិត្យ បទ ល្មើស ព្រៃឈើ តាមដងផ្លូវជាតិលេខ៧៦ ហើយជនសង្ស័យទាំង៣ នាក់នោះក៏ត្រូវបាន បញ្ជួនទៅកាន់សាលា ដំបូងខេត្ត មណ្ឌលគិរីរួចរាល់ផងដែរ ៕
ដោយ៖ ឦសាន