២គូស៊ុតបញ្ចូលទីគ្នា១៤គ្រាប់យ៉ាងអស្ចារ្យនៅ Champions League

ចែករំលែក៖

គ្រាប់បាល់ចំនួន១៤គ្រាប់បានកើតឡើងគួរឲ្យចាប់អារម្មណ៍បំផុតក្នុងការប្រកួតចំនួន២គូនៃកម្មវិធីពានរង្វាន់ Champions League វគ្គ១៦ក្រុមចុងក្រោយជើងទី១កាល ពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ។

ក្រុមយក្សអង់គ្លេស Manchester City បានវាយបកតាមពីក្រោយយកឈ្នះលើក្រុមខ្លាំង Monaco ដោយលទ្ធផល 5-3។ ចំណែកជើងខ្លាំងអេស្ប៉ាញ Atletico Madrid សំពងក្រុម Bayer Leverkusenដោយ លទ្ធផល 4-2 នៅក្នុងប្រទេសអាល្លឺម៉ង់។

ការប្រកួតក្នុងកីឡដ្ឋាន Etihad ទឹក ដីរបស់ Manchester City ម្ចាស់ផ្ទះបាននាំមុខ១គ្រាប់មុនដោយ Sterling នៅនាទី ២៦ ក្រោយការបញ្ជូនបាល់ឲ្យពីសំណាក់មិត្តរួមក្រុម Leroy Sané។ ប៉ុន្តែនៅនាទី ៣២ Falcao តែតឲ្យ Monaco បានស្មើវិញ មុនពេលដែល Mbappe ស៊ុតបាន១គ្រាប់ទៀតនៅចុងម៉ោងតង់ទីមួយ ។

ឈានចូលដល់តង់ទីពីរ Sterling បាន បញ្ជូនបាល់ឲ្យ Aguero ស៊ុតតាមស្មើ ២-២ ត្រឹមនាទី៥៨ ប៉ុន្តែ Man City ត្រូវភ្លាត់ ស្នៀតឲ្យ Monaco នាំមុខសាជាថ្មីនៅនាទី ៦១ ក្រោយពេល Falcao ចុចបាល់រំលង អ្នកចាំទី Caballero បញ្ចូលទីបានយ៉ាងល្អ។

ទោះបីយ៉ាងនេះក្តីម្ចាស់ផ្ទះពុំបានបាក់ទឹកចិត្តឡើយខណៈ Monaco នាំមុខបាន តែប៉ុន្មាននាទីប៉ុណ្ណោះ Silva បានលើក បាល់ជ្រុងឲ្យ Agüero កាប់មួយជើងបញ្ចូល ទីតាមស្មើសាជាថ្មីនៅនាទី៧១ ហើយ ខ្សែការពារ John Stones និង ខ្សែបម្រើ Leroy Sané ស៊ុតម្នាក់មួយគ្រាប់បន្ថែមឲ្យក្រុមលោក Pep Guardiola យកជ័យជម្នះនៅជើងទី១ក្នុងលទ្ធផល៥-៣។

ចំណែកមួយគូទៀតនៅទឹកដីអាល្លឺម៉ង់Atletico Madrid បានប្រកួតឈ្នះ Bayer Leverkusen ៤-២ ។ ប៉ុន្តែអ្វីដែលពិសេសនៅក្នុងជ័យជម្នះរបស់Atletico Madrid គឺខ្សែប្រយុទ្ធសញ្ជាតិបារាំង Antoine Griezmann បានបំបែកកំណត់ត្រារយៈ ពេល៤៣ឆ្នាំរបស់ក្លិប ដោយក្លាយជាអ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រក្លិបក្នុងពានរង្វាន់កំពូលអឺរ៉ុបឬហៅថា Champions League។

កីឡាករវ័យ២៥ឆ្នាំនេះស៊ុតបាល់បានមួយគ្រាប់នៅនាទីទី២៥តែវាគឺជាគ្រាប់បាល់ ទី១៣របស់គេក្នុងពានរង្វាន់Champions Leagueនិងបំបែកកំណត់ត្រាវីរបុរសក្លិប Atletico Madrid លោក Luis Aragones ដែលធ្លាប់ស៊ុតបាន១២គ្រាប់នៅចន្លោះ ឆ្នាំ១៩៦៤-១៩៧៤ ៕

...

champion (1) champion (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print