ខេត្ដកំពង់ឆ្នាំង៖ ព្រះសង្ឃ ឌិត ប៉ែន ដែលជាគ្រូសូត្រស្ដាំ និងជាអ្នកបានប្រើ ហិង្សាទៅលើនេនតូចនោះ ត្រូវបានធ្វើ សង្ឃកម្មជម្រះទោសហើយដោយសន្យាមិនប្រព្រឹត្ដរឿងបែបនេះសាជាថ្មីទៀត នោះទេ ។ ការធ្វើសង្ឃកម្មជម្រះទោសនេះ គឺបានធ្វើឡើងនៅចំពោះមុខព្រះមេគណខេត្ដកំពង់ឆ្នាំង ព្រះសង្ឃវង្សាធិបតី សុខ ថាន និងមានមន្ដ្រីសង្ឃថ្នាក់ខេត្ដ ស្រុក ១៣អង្គផង កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ ។
ពិធីធ្វើសង្ឃកម្មជម្រះទោសនេះ គឺ ធ្វើឡើងទៅតាមព្រះធម៌វិន័យនៃព្រះពុទ្ធសាសនាដែលឱ្យភិក្ខុសង្ឃអង្គនោះដែល ប្រព្រឹត្ដខុសជម្រះទោសកំហុសរបស់ព្រះអង្គ ។ ក្រោយពីធ្វើកិច្ចនៃសង្ឃកម្មជម្រះ ទោសរួចមកព្រះអង្គឌិត ប៉ែន បានសន្យា បញ្ឈប់ធ្វើសកម្មភាពបែបនេះតទៅ ទៀត ។
មជ្ឈដ្ឋាននានាបានលើកឡើងថា ទោះបីនេនតូចវ៉ាន់ វីរៈ ខិលខូចរហូត ដល់លួចគរុភ័ណ្ឌក្នុងវត្ដក៏ដោយតែព្រះ អង្គដែលជាគ្រូសូត្រស្ដាំគួរតែរម្ងាប់ចិត្ដ ដោយប្រើធម៌អហិង្សាអប់រំណែនាំដោយដោយព្រះធម៌ទើបល្អ ។
បើទោះបីការសម្របសម្រួលរវាង គ្រួសារនេនតូចជាមួយព្រះសង្ឃថ្នាក់ ខេត្ដ ស្រុកនិង មន្ដ្រីមន្ទីរធម្មការក៏ដោយ ប៉ុន្ដែទិដ្ឋភាពនៃច្បាប់មិនរំលងបាននោះ ទេ ដែលនេះជាការប្រើហិង្សាយ៉ាងធ្ងន់ ធ្ងរទៅលើសង្ឃដែលមានព្រះជន្មជាអនីតិជននៅឡើយ ។ នៅក្នុងសិទ្ធិរបស់កុមារ ដែលមិនអាចអ្នកណារំលោភបំពានបានឡើយ ។
ទាក់និងករណីនេះនគរវត្ដមិនអាចសុំការពន្យល់បន្ថែមពីលោកយូ ទិត្យវឌ្ឍនៈ ដែលជាព្រះរាជអាជ្ញាអមសាលាដំបូង ខេត្ដកំពង់ឆ្នាំងបានទេនៅថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០១៥ ដោយទូរស័ព្ទរបស់ លោកចូលតែគ្មានអ្នកលើក ។
រីឯលោក ហុង គឹមសាន ព្រះរាជអាជ្ញា រងអមសាលាដំបូងខេត្ដកំពង់ឆ្នាំងបាន មានប្រសាសន៍ឱ្យដឹងថា កាលណាបទល្មើស កើតឡើងហើយអ្នកបង្កត្រូវតែទទួលទោស តាមច្បាប់ប៉ុន្ដែដោយសារពេលនេះព្រះ សង្ឃជាអ្នកបង្កទុកឱ្យមន្ដ្រីសង្ឃនិងមន្ដ្រី មន្ទីរធម្មការជាអ្នកដោះស្រាយជាមុន សិន។
ពុទ្ធបរិស័ទចំណុះជើងវត្ដ ពិសេស ប្រជាពលរដ្ឋដែលបានតាមដានរឿងគ្រូ សូត្រស្ដាំប្រើខ្សែភ្លើងវាយធ្វើទារុណកម្ម ទៅលើនេនតូចព្រះជន្ម១១វស្សារហូត បែកឈាមបានរិះគន់ថា ការដាក់វិន័យ ទៅលើព្រះសង្ឃព្រះនាម ឌិត ប៉ែន ត្រឹម សុំខមាទោសចំពោះព្រះមេគណខេត្ដ ដោយសារតែការប្រើអំពើហិង្សានោះវា ហាក់បីដូចជាស្រាលពេកហើយ។ បើទោះ បីជាញោមប្រុសស្រីរបស់នេនតូចដក ពាក្យបណ្ដឹងមិនចង់វែងឆ្ងាយជាមួយនឹង ព្រះសង្ឃ ឌិត ប៉ែន នេះក៏ដោយ។
តាមផ្លូវច្បាប់ការបង្ករបួសស្នាមទៅលើអ្នកដទៃឬជនណាមួយក៏ដោយជាបទ ព្រហ្មទណ្ឌ ហើយអ្នកដែលប្រព្រឹត្ដត្រូវ តែមានទោសទោះជាមិនមានបណ្ដឹងតែ ជនដែលប្រព្រឹត្ដត្រូវជាប់បណ្ដឹងអាជ្ញា ក្នុងបទបង្ករបួសស្នាម ។ ម្យ៉ាងទៀតបើ និយាយពីវិន័យនៃព្រះពុទ្ធសាសនាបើទោះ បីជាគ្រូសូត្រស្ដាំភិក្ខុ ឌិត ប៉ែន មាន ការសុំធ្វើសង្ឃកម្មជម្រះទោសក៏ដោយ ព្រោះថា ព្រះសង្ឃត្រូវប្រកាន់យកនូវ ខន្ដីធម៌ព្រោះខន្ដីធម៌ជាគ្រឿងអលង្ការរបស់ អ្នកប្រាជ្ញមិនមានសេចក្ដីក្រេវក្រោធ ទោសៈកើតមាននៅក្នុងសន្ដានចិត្ដ ទោសៈ មោហៈ ហើយបើវាកើតមាន ហើយនាំឱ្យកាត់លាភ កាត់សេចក្ដីសុខ របស់យើង ។ ការដាក់វិន័យស្រាលៗបែប នេះមិនអាចពង្រឹងវិន័យដល់ព្រះសង្ឃ មួយចំនួនតូចទៀតកុំឱ្យយកគំរូតាមគ្រូសូត្រស្ដាំព្រះនាម ឌិត ប៉ែន នេះបានទេ ។ មួយវិញទៀតការពង្រឹងវិស័យព្រះពុទ្ធ សាសនាក៏មិនរីកចម្រើននោះដែរ ។
គួររំឭកថានេនតូចមួយអង្គដែលមានព្រះជន្ម១១វស្សាកំពុងគង់ស្នាក់នៅរៀន ធម៌នៅវត្ដធម្មវ័នបានរងរបួសបែកឈាមពេញទាំងព្រះកាយ បន្ទាប់ពីព្រះគ្រូឧបជ្ឈាយ៍ បានយកខ្សែភ្លើងវាយធ្វើបាបយ៉ាងដំណំ ។ ហេតុការណ៍នេះបានកើតឡើងកាលពី ល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ នៅ ក្នុងវត្ដធម្មវ័ន ស្ថិតនៅក្នុងភូមិ ត្រញំង អញ្ចាញ ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ។
នេនតូចដែលរងគ្រោះដោយគ្រូ ឧបជ្ឈាយ៍វាយធ្វើទារុណកម្មនោះមាន ព្រះនាមវាន់ វរៈ ព្រះជន្ម១១វស្សា មាន ស្រុកកំណើតនៅភូមិត្រញំងអំពិលឃុំ ប្រស្នឹបស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង ។ ដោយឡែកព្រះគ្រូឧបជ្ឈាយ៍ដែលរងការ ចោទប្រកាន់ថាបានវាយធ្វើបាបនេនតូច នោះមានព្រះនាមឌិតប៉ែនជាគ្រូបង្រៀន អក្សរក្នុងវត្ដធម្មវ័ននេះ ។
នៅក្នុងមន្ទីរពេទ្យនេនតូចអង្គនេះ បានរៀបរាប់ឱ្យដឹងថា នៅមុនពេលកើត ហេតុព្រះអង្គបានយកសៀវភៅមួយ ក្បាលដែលអត់ទាន់សរសេររបស់លោក គ្រូឌិត ប៉ែន ដោយមិនបានប្រាប់លោក គ្រូដើម្បីយកមកសរសេរ ។ ប៉ុន្ដែនៅពេល ដែលយកមកពុំទាន់បានសរសេរផង ស្រាប់តែលោកគ្រូទាន់ក៏ហៅមករួច វាយធ្វើទារុណកម្មដោយយកខ្សែភ្លើង បត់ជាពីរវាយមកលើព្រះកាយរបស់ព្រះអង្គរហូតដល់រងរបួសបែកឈាមពេញ ខ្នងនិងកំប៉េះគូទ ។ ដោយសារតែរបួសខ្លាំង ពេកញោមប្រុសស្រីរបស់លោកនេនតូចក៏បានដឹកមកព្យាបាលនៅមន្ទីរពេទ្យ បង្អែកខេត្ដ ។
សមត្ថកិច្ចនគរបាលស្រុករលាប្អៀរ បានឱ្យដឹងថា បើតាមថេរដីការបស់ព្រះ គ្រូឧបជ្ឈាយ៍ទទួលស្គាល់ថាពិតជាបាន វាយទៅលើនេនតូចពិតប្រាកដមែន ដោយសារតែកន្លងមកនេនតូចអង្គនេះ និយាយមិនសូវស្ដាប់ ច្រើនតែលួចរបស់ របរឬលុយចេញពីកុដិ តែលើកនេះដោយ សារតែតាមទាន់នេនតូចអង្គនេះបានលួចលុយចេញពីកុដិរបស់ព្រះអង្គ ហើយយក ទៅរាប់នៅក្រោមដើមឈើក្នុងបរិវេណ វត្ដទើបព្រះអង្គទ្រាំមិនបានក៏វាយទៅលើ នេនតូចនេះតែម្ដងទៅ ។
យ៉ាងណា ក៏ដោយនៅក្នុងករណីគ្រូសូត្រស្ដាំ ឌិត ប៉ែនដែលបានវាយទៅលើនេនតូចសមត្ថកិច្ចនិងស្ថានប័នពាក់ព័ន្ធត្រូវតែមាន វិធានការទៅតាមផ្លូវច្បាប់ដើមី្បជាគំរូដល់ព្រះសង្ឃមួយចំនួនទៀតកុំឱ្យប្រើអំពើ ហិង្សានិងដើមី្បប្រយោជន៍វិស័យព្រះពុទ្ធ សាសនាជាសាសនារបស់រដ្ឋ ហើយត្រូវ បានប្រជាពលរដ្ឋទូទាំងប្រទេសគោរពបូជានោះ ៕
ដោយ៖ សហការី