កីឡាករជនពិការ ឈឺន ឆវិន ពិការ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកព្រៃឈរ

ចែករំលែក៖

ភ្នំពេញ៖ កីឡាករ ឈឺន ឆវិន ជាជនពិការដោយគ្រោះថ្នាក់ចរាចរណ៍ បច្ចុប្បន្ន ស្នាក់នៅក្នុងមជ្ឈមណ្ឌជាតិ ជនពិការកម្ពុជា ស្ថិតនៅភូមិ ជ្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានហ្វឹកហាត់ប្រភេទកីឡាអត្តពលកម្ម លើ៤វិញ្ញាសា ជាលោកគ្រូផៃ សុខអស់រយៈពេលជិត១ឆ្នាំកន្លងទៅដើម្បីទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាហ្គេមលើកទី៨នៅប្រទេសសឹង្ហបុរីនាដើមខែធ្នូឆ្នាំ២០១៥ខាងមុខ ចំពោះការស្នាក់នៅទទួលបានការជួយឧបត្ថម្ភ ពីគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា របស់ សម្តេច តេជោ ហ៊ុន សែន ជាប្រធាន។

IMG_5137

ដំបូងឡើយកីឡាករ ឈឺន ឆវិន វ័យ៣០ឆ្នាំ ជាយុវជនម្នាក់មានកាយសម្បទា ដូចយុវជនដទៃទៀត ដោយគ្រោះ អកុសល ឈឺន ឆវិនត្រូវរថយន្តដឹកដីបើក បុកបណ្តាលឲ្យរូបគេដាច់ដៃម្ខាង ជាប់ជាមួយម៉ូតូ និងមិត្តភក្តិរួមដំណើរជាមួយ ដាច់១កំណាត់ខ្លួនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នៅក្នុងភូមិសាស្ត្រ ស្រុកព្រៃឈរខេត្តកំពង់ចាម ខណៈម្តាយប្រើឲ្យ ទៅស៊ីការឱពុកមារបស់ខ្លួនក្នុងស្រុកព្រៃឈរនោះ។

កីឡាករ ឈឺន ឆវិន បានប្រាប់ឲ្យដឹងថា កាលពីខ្ញុំមិនទាន់ពិការដៃម្ខាងនេះ ខ្ញុំធ្លាប់ជាសិស្ស រៀននៅវិទ្យាល័យ ហោណាំង ហុងស្រុកបាធាយ ហើយមានបងប្អូនចំនួន៤នាក់ ក្នុងនោះបងស្រី២នាក់បងប្រុសម្នាក់រីឯខ្ញុំជាកូនទី៤ មានម្តាយចាស់ ជរាឈ្មោះឈឺន រីម អាយ៨២ឆ្នាំស្នាក់នៅជាមួយកូនស្រី ក្នុងភូមិអណ្តូស្នា ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាមឱពុក ស្លាប់តាំងពីខ្លួននៅតូច។

កីឡាកររូប បានបន្តទៀតថា ក្រោយពីរូបគេធ្លាប់ខ្លួនពិការដៃម្ខាងនេះមក ខ្ញុំធ្លាប់ចូរួមធ្វើជាអ្នកស្ម័គ្រចិត្តភូមិ ឲ្យអង្គការស៊ីម៉ាក់ ដើម្បីចុះស្រងសថិតិជនពិការក្នុងភូមិឃុំរបស់ខ្ញុំ។ ការងារមនុស្សធម៌ របស់យុវជន ឈឺន ឆវិន បាននាំឲ្យ រូបគេ បានស្គាល់ មជ្ឈមណ្ឌជាតិ ជនពិការកម្ពុជា តាមរយៈនាំបងប្អូន ជនពិការដូចគ្នា មកស្វែងរកសេវាសាធារណ ផ្សេងៗ ពីមជ្ឈមណ្ឌជាតិ ជនពិការកម្ពុជា នៅរាជធានីភ្នំពេញឥតបង់ថ្លៃ។

ឈឺន ឆវិន បន្តថា នៅក្នុងការងារជាអ្នកស្ម័គ្រភូមិនោះដែរ ខ្ញុំធ្លាប់នាំជនពិការ មកចុះបញ្ជីឈ្មោះ និងសុំការជួយ សង្គ្រោះ ពីមជ្ឈមណ្ឌជាតិ ជនពិការកម្ពុជាច្រើនលើកច្រើនសារ ដូចជាស្ត្រីពិការមានផ្ទៃពោះ ជនពិការចាស់ជរា ជនពិការ ក្រីក្រ សិស្សពិការខ្វះលទ្ធភាពបង់ថ្លៃសក្សាជាដើម បាននាំពួកគាត់មកសុំការជួយសម្រួល ពីមជ្ឈមណ្ឌជាតិ ជនពិការកម្ពុជា រាល់ បញ្ហារបស់បងប្អូនជនពិការដែលសំណោមពរ។

កីឡាកររូបនេះប្រាប់ថា នៅថ្ងៃមួយ ខ្ញុំបានមកស្នាក់នៅ ហ្វឹកហាត់ប្រភេទកីឡាអត្តពលកម្ម ក៏ដូចជាស្នាក់នៅហោបចុកដោយ ឥតបង់ថ្លៃ ពីមជ្ឈមណ្ឌជាតិ ជនពិការកម្ពុជានេះ គឺបានលោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា បានណែនាំខណៈខ្ញុំបានមកសុំចុះបញ្ជីឈ្មោះក្នុងមជ្ឈមណ្ឌជាតិ ជនពិការកម្ពុជាកាពីឆ្នាំ២០១៤កន្លងទៅ ដោយលោកសួរខ្ញុំថា តើ ឆវិន ឯងចូលចិត្តលេងកីឡាដែរទេ? ភ្លាមនោះខ្ញុំឆ្លើយយ៉ាងលឿនថា ខ្ញុំចូលចិត្តប៉ុន្តែគ្មានឱកាសសោះ។ ឮបែបនេះលោក យី វាសនា ក៏សម្រេច ឲ្យឈឺន ឆវិន ស្នាក់នៅហ្វឹកហាត់ កីឡាអត្តពលកម្មជាមួយ លោកគ្រូ ផៃ សុខ ព្រោះសម្លឹងឃើញ កាយសម្បាទា ឈឺន ឆវិន អមណោយផលក្នុងហ្វឹកហាត់ កីឡាប៉ារ៉ាឡាំពិក ផ្នែកកីឡាអត្តពលកម្ម បានផ្តល់កន្លែងស្នាក់នៅ ហោបចុកក្នុងមជ្ឈមណ្ឌជាតិជនពិការកម្ពុជា ក៏ស្របពេល គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា កំពុងស្វែងរកយុវជនពិការដែលមានសម្ថភាពផ្នែកកីឡាជនពិការ ដើម្បី យកមកហ្វឹក ហាត់ត្រៀមចេញទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់នៅប្រទេសសឹង្ហបរីនាពេលខាងមុខ។

បច្ចុប្បន្នកីឡាករ ឈឺន ឆវិន ហ្វឹកហាត់ចំនួន៤វិញ្ញាសា មានរតល្បឿនចម្ងាយ១០០ម៉ែត្រ ២០០ម៉ែត្រ ៤០០ម៉ែត្រនិងអាច លេងវិញ្ញាសារតចម្ងាយ១,៥០០ម៉េត្រក៏បានដែរ។ អស់រយៈពេលជិត១ឆ្នាំកន្លងទៅនេះ ឈឺន ឆវិន តែងតែហ្វឹកហាត់ជាប្រចាំ ដោយ១សប្តាហ៍ហាត់៦ថ្ងៃ១ថ្ងៃហាត់២ម៉ោង រៀងរាលព្រឹកនៅក្នុងទីលានពហុកីឡដ្ឋានជាតិ។ ឈឺន ឆវិន ពេលទំនេរពីការហ្វឹកហាត់ តែងតែឈ្លៀត ដុំបន្លែរួមផ្សំផ្សេងៗដូចជា ស្ពៃ ឆៃផាវ ត្រកួន ត្រសក់ ត្រឡាច់ ទុកគ្រាន់ធ្វើបន្លែប្រចាំថ្ងៃ។

មានរឿងហេតុស្រដៀងគ្នាជាមួយកីឡាករ ឈឺន ឆវិននេះដែរ គឺ កីឡាករជនពិការ ធឹក ចន្ថា វ័យ៣១ឆ្នាំ ជនពិការដោយគ្រោះថ្នាក់ចរាចរណ៍ នៅខណ្ឌសែនសុខ កាលពី៣ឆ្នាំមុន បច្ចុប្បន្នស្នាក់នៅជាមួយកីឡាករឈឺន ឆវិនដែរ។ កីឡាករ ធឹក ចន្ថា បានប្រាប់អ្នកយកព័ត៌មាននគរវត្តថា ដៃរបស់ខ្ញុំពិការ ដោយគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុក ខណៈ ខ្ញុំជិះម៉ូតូក្នុងស្ថានភាពស្រវឹងស្រា ចាប់ពីពេលនោះមក ខ្ញុំហាក់បីដូចជាត្រូវជិតខាងមួយចំនួនរើសអើង ដោយមិនសូវនិយាយ ស្តីរក ឬក៏និយាយទៅរកពួកគាត់ត្រូវពួកគាត់ដើរចេញមិនឆ្លើយតបក៏មាន ជាពិសេសនោះ នៅពេលទៅចូលក្នុងពិធីបុណ្យ ទានផ្សេងៗ ក៏ដូចចូលទៅទិញទំនេញក្នុងផ្សារជាដើម។

ចំពោះបញ្ហាការរើសអើងពីសំណាក់មហាជន ឬក៏ក្រុមមនុស្សមានកាយសម្បទាពេញលក្ខណៈ មកលើជនពិការ ខាងលើ នេះដែរ លោកយី វាសនា អគ្គលេខាធិកា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា រូបលោកក៏ជាជនពិការម្នាក់ដែរ លោក ធ្លាប់លើកឡើងថា កន្លងទៅខ្ញុំធ្លាប់ទទួលរងនូវការរើសអើងពីមហាជនដែរ។នៅពេលចូលក្នុងអាហារដ្ឋាន ឬក៏ចូលរួម ពិធីអ្វីមួយនោះ ប៉ុន្តែយូៗវាក្លាយទៅជាទំលាប់ចង់នរណាគេនិយាយអីក៏និយាយទៅធ្វើធម្មតាៗចប់ហើយ។

គួររំលឹកថា បច្ចុប្បន្ន កីឡាករឈឺន ឆវិននិងកីឡាករធឹក ចន្ថាស្នាក់នៅក្នុងផ្ទះមួយ ទំហំ៦ម៉ែត្រគុណ៤ម៉ែត្រ សងពីដែក ប្រកស័ង្កសី ពណ៌ខៀវនៅពីក្រោយអាគារ មជ្ឈមណ្ឌជាតិជនពិការកម្ពុជា និងជាទីស្នាក់ការ គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា ជាមួយមិត្តភក្តី ប្រមាណ៤ទៅ៦នាក់ទៀត។

កីឡាករ ឈឺន ឆវិន និងកីឡាករ ធឹក ចន្ថា បានផ្តាំផ្ញើដល់បងប្អូនជនពិការ ទូទាំងប្រទេស សូមកុំអស់សង្ឃឹម ក្នុងជីវិត ត្រូវតែព្យាយាមរស់នៅជាមនុស្សម្នាក់ក្នុងសង្គមដូច អ្នកដែលកមានកាយសម្បទាគ្រប់គ្រាន់ដែរ ពីព្រោះជនពិកា រក៏មាន ទឹកចិត្តនិងបេះដួងដូចមនុស្សផ្សេងទៀត ។ បន្ថែមពីលើនេះកីឡាករ ទាំង២នាក់ បានផ្ញើសារផ្តាំ ដល់យុវជនខ្មែរ ទូទាំង ប្រទេសថា សូមបងប្អូនមេត្តាកុំបើកបរ ពេលផឹកគ្រឿងស្រវឹង ប្រយ័ត្នក្លាយជាជនពិការដូចពួកខ្ញុំដែរ ៕

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print