ប៉ោយប៉ែត៖ ទុស្សចរន្តអគ្គិសនីបណ្ដាលឲ្យផ្ទះ១ខ្នងសង់អំពីថ្មក្រោមឈើលើ ទំហំ ទទឹង៨ម៉ែត្រ គុណនឹង៩ម៉ែត្រ ដំបូលប្រក់សង្កសីឆេះអស់គ្រឿងឈើ សល់តែថ្ម តែសំណាងគ្មានអ្នករងរបូស ឬស្លាប់នោះទេ ។
ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៣និង៤០នាទីទាបភ្លឺ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ឋិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉េត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ម្ចាស់ផ្ទះឈ្មោះសោម ឡាន់ ភេទស្រីអាយុ៦២ឆ្នាំ រស់នៅក្នុងភូមិ កើតហេតុ ជាស្រ្តីមេម៉ាយប្ដីស្លាប់ មានកូនក្នុងបន្ទុក៣នាក់ និងចៅ២នាក់ ។
នៅកន្លែងកើតហេតុ គេសង្កេតឃើញកម្លាំងនគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអ៊ុំ សុផល អធិការក្រុង រួមទាំងអាជ្ញាធរមូលដ្ឋាន ជួយអន្តរាគមន៍ប្រើប្រាស់អស់ទឹក២រថយន្ត មានរថយន្តស្នងការដ្ឋានខេត្តបន្ទាយមានជ័យ និងរថយន្តពន្លត់អគ្គិភ័យរបស់កាស៊ីណូហ្រ្គេនដាយអ៊ីម៉ិនស៊ីធី ទើបអគ្គិភ័យរលត់ទៅវិញនៅម៉ោង៥និង២៥នាទីព្រឹក ថ្ងៃដដែល តែមិនបណ្ដាលឆេះដល់អ្នកជិតខាងឡើយ ។
ស្រ្តីម្ចាស់ផ្ទះបានប្រាប់ថា ការឆាប់ឆេះផ្ទះរបស់គាត់នេះគីបណ្ដាយមកពីទុស្សចរន្តអគ្គិសនីនៅកន្លែងមុខអាសនៈ(កន្លែគោរព) ព្រោះនៅទីនោះមានស្បៃក្រណាត់ ។ ប្រភពបន្តថា ដោយពួកគាត់ដេកនៅផ្ទះថ្មខាងក្រោម ដូច្នេះពេលដែលគាត់ភ្ញាក់ដឹងខ្លួនឡើងភ្លើងឆេះកាន់តែខ្លាំងមិនអាចពន្លត់បានឡើយ ហើយសំភារៈដែលបាត់បង់ដោយសាអគ្គិភ័យនោះរួមមានប្រាក់បាតចំនួន៣ម៉ឺនបាត និងខ្សែកផ្លាទីនចំនួយ១តំឡឹង និងសំភារៈប្រើប្រាស់១ចំនួនទៀត ។
លោកអ៊ុំ សុផល អធិការក្រុងប៉ោយប៉ែតបានប្រាប់ថា ករណីអគ្គិភ័យឆាបឆេះនេះមិនទាន់បានសរុប ការខូចខាតនៅឡើយ ព្រោះសមត្ថកិច្ចជំនាញកំពុងតែសាកសួរ ៕
ដោយ៖ វណ្ណា