ប្លន់យកម៉ូតូគេបាន២ថ្ងៃសមត្ថកិច្ចតាមទាន់ចាប់ដាក់ខ្នោះ

ចែករំលែក៖

ខេត្តព្រះវិហារ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១៧ ខែសីហា​ ឆ្នាំ២០១៥ បន្ទាប់ពីគេបានធ្វើសកម្មភាពប្លន់សម្លាប់អ្នករត់ម៉ូតូឌុបម្នាក់ ដើម្បីយកម៉ូតូមួយគ្រឿងកាលពីថ្ងៃទី១៥ ខែសីហា​ ឆ្នាំ២០១៥ ត្រង់ចំណុចព្រៃមួយកន្លែង ស្ថិតក្នុងភូមិប្រើសក្អក ឃុំម្លូព្រៃ២ ស្រុកឆែប ខេត្តព្រះវិហារ ។

p2

ប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ឈ្មោះសួន សុរិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅក្នុងភូមិ-ឃុំកើតហេតុ ខាងលើ។ ចំណែកជនរងគ្រោះជាអ្នករត់ម៉ូតូឌុប ដែលត្រូវបានជនសង្ស័យប្លន់សម្លាប់នោះឈ្មោះ គង់ លន់ ភេទប្រុស​ អាយុ៤៨ឆ្នាំ រស់នៅក្នុង​ភូមិ​ឡឥដ្ឋ ក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ។

តាមសម្ដីរបស់ស្រ្ដីម្នាក់ឈ្មោះសួង ស ជាប្រពន្ធរបស់បុរសរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ គាត់បានបាត់ប្ដីដែលទៅរត់ម៉ូតូឌុបនៅទីរួមខេត្តព្រះវិហារ តែមិនឃើញមកវិញ ។ ពេលនោះគាត់មានការបារម្ភ​យ៉ាង​ខ្លាំងណាស់ នៅពុំដែលសុខស្រួលទេ។ លុះមកដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ គាត់ក៏បានទទួលដំណឹងមកថា មានគេប្រទះឃើញសពរបស់ប្ដីគាត់ ដេកស្លាប់ក្នុងព្រៃមួយកន្លែងក្នុងភូមិ-ឃុំកើតហេតុខាងលើ ដោយសារអំពើឃាតកម្ម​ទើបគាត់រូតរះទៅមើល ក៏ប្ដីស្លាប់យ៉ាងអាណោចអាធម ។

ដោយឡែកប្រភពពីសមត្ថកិច្ចបានឲ្យដឹងដែរថា ក្រោយពីប្រទះឃើញសាកសពជនរងគ្រោះ​ និងដោយពឹកផ្អែក​លើការធ្វើកោសល្យវិច័យ រួមទាំងសម្ដីរបស់ស្រ្ដីជាប្រពន្ធជនរងគ្រោះ​ សមត្ថកិច្ចនគរបាលក៏សន្និដ្ឋានថា ជនរងគ្រោះ​ខាងលើស្លាប់ដោយសារ ការប្លន់សម្លាប់ សមត្ថកិច្ចក៏បានចេញកម្លាំងស្រាវជ្រាវ ដើម្បីរកមុខសញ្ញា។ បន្ទាប់មកក៏​បានរកឃើញ​បុរសម្នាក់ កំពុងតែជិះម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ1D-2061 លើដងផ្លូវក្នុងភូមិ-ឃុំកើតហេតុ ក៏តាមចាប់ខ្លួនទៅកាន់បុស្ដិ៍រដ្ឋបាលដើម្បីសួរនាំតែម្ដង។

ក្រោយពីត្រូវសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យក៏បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពវាយប្លន់​យកម៉ូតូជនរងគ្រោះ​ពិតមែន ជាមួយនឹងបក្ខពួកម្នាក់ទៀតឈ្មោះតុលា ហៅញាក់ ប៉ុន្តែគេបានរត់គេចខ្លួនបាត់ហើយ។ ជនសង្ស័យបានបន្តទៀតថា ការប្លន់ជនសង្ស័យនោះ គឺគេបានប្រើខ្សែក្រវាត់រឹតកជនរងគ្រោះ ហើយប្រើដែកឆែកចាក់ និងដុំថ្មវាយក្បាលសម្លាប់ចោលក្នុងព្រៃតែម្ដង ។

ក្រោយពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនខ្លួន​ទៅកាន់ តុលាការដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

ដោយឡែកចំពោះជនសង្ស័យខាងលើនេះ មានប្រភពក្រៅផ្លូវការមួយចំនួនបានឲ្យដឹងដែរថា ជាជនសេពគ្រឿង​ញៀនដ៏សកម្មក្នុងទីរួមខេត្តព្រះវិហារ ប៉ុន្តែសមត្ថកិច្ចពុំដែលចាប់បានម្ដងណានោះទេ។ ទើបតែពេលនេះ ប្រហែលដោយ សារធាតុញៀនកើនបន្ទុកពេញកម្រិត លែងខ្លាចអ្វី នាំឲ្យគេហ៊ានប្លន់សម្លាប់អ្នកដ៏ទៃបែបនេះ ៕

...

ដោយ៖ វិបុល

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print