នារីវ័យជំទង់ម្នាក់ត្រូវយុវជន៣នាក់ល្បួងផឹកស្រាស្រវឹងយកទៅរំលោភបូកនៅក្នុងព្រៃ

ចែករំលែក៖

ខេត្តកណ្តាល៖ នារីវ័យ១៦ឆ្នាំម្នាក់ត្រូវបានយុវជន៣នាក់ដែលមានលំនៅឋានជិតគ្នាល្បួងយកទៅផឹកស្រា រហូតបាត់បង់ស្មារតីរួចធ្វើសកម្មភាពរំលោភបូកនៅក្នុងព្រៃក្បែរមាត់ទន្លេយ៉ាងព្រៃផ្សៃ ។ ហេតុការណ៍នេះត្រូវបានបុរសជាឪពុកមាទៅទាន់ពេលកំពុងធ្វើសកម្មភាពធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោរត់គេចខ្លួនបាត់ស្រមោល រីឯនារីរងគ្រោះត្រូវបានបុរសជាឪពុកមាលើកក្មួយស្រីទាំងអាក្រាតកាយទៅផ្ទះ និងបន្តទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ។

ករណីរំលោភបូកនេះបានកើតឡើងកាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ ត្រង់ចំណុចដីឡូត៍របស់ឈ្មោះឡាយ ក្បែរមាត់ទន្លេមេគង្គ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ។

នារីរងគ្រោះមានឈ្មោះ ផ ស.ន អាយុ១៦ឆ្នាំ មុខរបរ ជាអ្នករត់តុលក់បាយនៅស្រុកខ្សាច់កណ្ដាល មានទីលំនៅក្នុងភូមិ/ឃុំកើតហេតុខាងលើនេះ ។ ចំណែកឯជនសង្ស័យមានគ្នា៣នាក់ ទី១-ឈ្មោះ តុន មករា ហៅមាក់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទី២-ឈ្មោះចាប ឡៃអៀង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទី៣-ឈ្មោះ សុង ផាន់ណា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ។ ជនសង្ស័យទាំង៣នាក់នេះមានទីលំនៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល បច្ចុប្បន្នកំពុងរត់គេចខ្លួន ។

មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យទាំង៣នាក់ខាងលើនេះបានបបួលក្មេងស្រីរងគ្រោះទិញស្រាដបផឹក នៅក្បែរចំណុចកើតហេតុ ។ ក្រោយពីក្មេងស្រីរងគ្រោះផឹកស្រាស្រវឹងបាត់បង់ស្មារតីក្រុមជនសង្ស័យទាំង៣នាក់ដែលជាអ្នកជិតខាងគ្នា បានធ្វើសកម្មភាពចាប់ស្រាតសម្លៀកបំពាក់ជនរងគ្រោះចេញធ្វើសកម្មភាពរំលោភ ខណៈកំពុងធ្វើសកម្មភាពនោះបុរសជាឪពុកមាជនរងគ្រោះជិះម៉ូតូតាមរកឃើញ ធ្វើឲ្យក្រុមជនសង្ស័យភ័យស្លន់ស្លោរត់គេចខ្លួនបាត់អស់ បុរសជាឪពុកមាក៏បានលើកក្មួយស្រីទាំងអាក្រាតកាយទៅផ្ទះ រួចដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលមូលដ្ឋាន។

ប្រភពដដែលបានបន្តថា បន្ទាប់ពីទទួលពាក្យបណ្តឹងរួចមកសមត្ថកិច្ចនគរបាលជំនាញយុត្តិធម៌ស្រុកមុខកំពូលបានចុះទៅពិនិត្យកន្លែងកើតហេតុ ដកហូតបានវត្ថុតាងមួយចំនួនរួមមាន អាវដៃវែងក្រណាត់ការ៉ូ ពណ៌ក្រហមខ្មៅ លេខ៩៦ ចំនួន០១ ,ខោក្រណាត់ជើងវែង ពណ៌ខ្មៅ ចំនួន០១ ,ខោលី អូពណ៌ក្រហមលាយស លាយខ្មៅ ក្រឡេក្រ​ឡា ចំនួន០១ ,អាវទ្រនាប់ ពណ៌ផ្កាឈូកមាចំនួន០១ ,ស្បែកជើងផ្ទាត់ លេខ៩កន្លះ ខ្សែរពណ៌ស្លាទុំចំនួន០១គូរជារបស់ជនរងគ្រោះ ។ ក្រម៉ា ពណ៌សលាយក្រហម ចំនួន០១ ,ជុំពាមកៅស៊ូ ដងឈើចំនួន០១ ជារបស់ក្រុមជនសង្ស័យ ។

ដោយឡែកក្រុមជនសង្ស័យទាំង៣នាក់ខាងលើនេះកំពុងរត់គេចខ្លួនចេញពីមូលដ្ឋានដោយមិនដឹងថាទៅទីណានោះទេ បច្ចុប្បន្នសមត្ថកិច្ចនគរបាលជំនាញយុត្តិធម៌កំពុងធ្វើការស្រាវជ្រាវ ដើម្បីចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ។

ក្រោយពីទទួលរងនូវការចាប់រំលោភយ៉ាងព្រៃផ្សៃ ពីសំណាក់ជនសង្ស័យទាំង៣នាក់រួចមកក្មេងស្រីរងគ្រោះមានសភាពឈឺចុកចាប់លើប្រដាប់ភេទ និង ចុកពោះយ៉ាងខ្លាំង ទើបបុរសជាឪពុកមាសម្រេចដឹកក្មួយស្រី បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ៕

kandal-32

...

ដោយ៖ ស្អាងជ័យ 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print