ប៉ូលិសឥណ្ឌាបានថ្លែងថា យ៉ាងហោចណាស់មនុស្ស៧នាក់បានស្លាប់ និង៩នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃទី១៨ ខែសីហា នៅពេលដែលបំណែកធ្មមួយបែកចេញពីភ្នំបានបាក់ធ្លាក់មកលើព្រះវិហារមួយស្ថិតនៅភាគខាងជើងប្រទេសឥណ្ឌា ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងស្រុក Manikaran in Kullu ខេត្ត Himachal Pradesh ប្រទេសឥណ្ឌា ។
មន្ត្រីទទួលខុសត្រូវនៅក្នុងតំបន់បានបញ្ជាក់ថា បំណែកថ្មីនេះបានធ្លាក់មក ស្របពេលដែលមានភ្លៀងធ្លាក់ខ្លាំងផងនោះសង្កត់មកលើព្រះវិហារ Sikh ដែលជាទីសក្ការរបស់ប្រជាពលរដ្ឋបណ្តាលឲ្យខូចខាតផ្នែកខ្លះ ព្រមទាំងបណ្តាលឲ្យមានមនុស្សស្លាប់៧នាក់ និងរងរបួស៩នាក់ ។
ប្រភពបន្តថា ជនរងគ្រោះដល់អាយុជីវិតអាចកើនច្រើនជាងនេះ ដោយសារថា នៅមានមនុស្សជាប់គាំងនៅក្រោមគំនរបាក់បែក ដែលព្រះវិហារនេះមានកម្ពស់រហូតដល់៤ជាន់នោះ ។
ពលរដ្ឋឥណ្ឌាតែងតែរងគ្រោះជានិច្ច មិនស្រាកស្រាន្ត បើមិនរងគ្រោះដោយការរញ្ជួយដីទេ គឺរងគ្រោះដោយទឹកជំនន់ ខ្យល់ព្យុះ និងបាក់រលំអគារជាដើម ។
កាលពីថ្ងៃទី១ ខែសីហា កន្លងទៅនេះ នៅភាគខាងជើងឥណ្ឌា រដ្ឋ Manipur ដែលនៅជាប់ព្រំដែនជាមួយមីយ៉ាន់ម៉ានោះ ក៏មានសេចក្តីរាយការណ៍ថា មនុស្ស២០នាក់បានស្លាប់ដោយសារតែភ្លៀងធ្លាក់ខ្លាំងបង្កឲ្យបាក់ដីសង្កត់លើលំនៅឋានប្រជាពលរដ្ឋផងដែរ ៕
ប្រែសម្រួល៖ យ៉ាត