មន្រ្តីរាជការនៅអគ្គនាយកដ្ឋានកាំកុងត្រូលបានបញ្ជាក់កាលពីពេលថ្មីៗនេះថា រឿងអាស្រូវរបស់លោក ម៉ក់ ពេជ្ជរិទ្ធ បានកើតមានតាំងពីលោកក្លាយជាអគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូលមកម្ល៉េះតែថ្នាក់លើហាក់មិនខ្វល់នឹងការរិះគន់ឡើយ។
ប្រភពដដែលបានបញ្ជាក់ថា ករណីនេះក្រសួងពាណិជ្ជកម្មមិនត្រូវមើលរំលងពីទង្វើអសកម្មរបស់លោក ម៉ក់ ពេជ្ជរិទ្ធ និងបក្ខពួកនោះទេ។ ការត្រួតពិនិត្យទំនិញគ្រប់ប្រភេទនិងបង្ក្រាបអំពើក្លែងបន្លំជាបញ្ហារសើបជាងគេរបស់ជំនាញកាំកុងត្រូលព្រោះមិនបានខិតខំប្រឹងប្រែងបង្ក្រាបរាល់ទំនិញម្ហូបអាហារដែលហូរចូលពីប្រទេសជិតខាងធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋឲ្យបានល្អឡើយ។
ក្រុមឈ្មួញបានបង្ហើបថា នៅតាមមាត់ច្រកទ្វារព្រំដែនសព្វថ្ងៃនេះមិនត្រឹមតែមានករណីនាំចូលទំនិញគេចពន្ធចូលកម្ពុជានោះទេតែក៏មានករណីនាំចូលទំនិញខូចគុណភាពដែលទំនិញទាំងនោះត្រូវបានប្រទេសគេមិនអនុញ្ញាតឲ្យប្រើប្រាស់ឡើយ។ ការបំពេញការងារមិនត្រឹមត្រូវរបស់លោក ម៉ក់ ពេជរិទ្ធ ជាច្រើនឆ្នាំកន្លងមកបានបង្កឲ្យប្រជាពលរដ្ឋខ្មែរទទួលរងផលប៉ះពាល់ដូចជាជំងឺ ក្រពះ ពោះវៀន ទឹកនោមផ្អែម និងរងគ្រោះថ្នាក់ដល់អាយុជីវិតក៏មាន។
បញ្ហាទាំងនោះផ្ដើមចេញពីបញ្ហាចំណីអាហារដែលនាំចូលខ្វះការត្រួតពិនិត្យហើយអាហារទាំងនោះភាគច្រើនខូចគុណភាពទៀងផង៕