ខេត្តបាត់ដំបង+បន្ទាយមានជ័យ៖ ២ថ្ងៃជាប់គ្នាខេត្តចំនួន២ គឺខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបងកើតមានអគ្គិភ័យជាបន្តបន្ទាប់បណ្តាលឲ្យលំនៅឋានប្រជាពលរដ្ឋ ៤ខ្នងឆេះអស់ទាំងស្រុង កើតឡើងចំនួន៤លើក នៅខេត្តបន្ទាយមានជ័យ២លើក និងខេត្តបាត់ដំបង២លើក។ អគ្គិភ័យនេះមិនបង្កឱ្យរងរបួសនិងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ ប៉ុន្តែលំនៅឋាននិងទ្រព្យសម្បត្តិប៉ុណ្ណោះ ។
អគ្គិភ័យនោះបានកើតឡើងគ្រាដែលអាជ្ញាធរនិងសមត្ថកិច្ចបានផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់នៅរដូវប្រាំងហួតហែងដែលមានបញ្ហាប្រឈមទៅនឹងអគ្គិភ័យងាយនិងកើតឡើង។
នៅខេត្តបន្ទាយមានជ័យ អគ្គិភ័យកើតឡើង២ករណីផ្សេងគ្នាផ្ទះថ្មប្រក់ដំបូលក្បឿង១ខ្នងទំហំ៨ម៉ែត្រគុណ១៣ម៉ែត្រ ស្ថិតនៅឃុំសំរោងស្រុកអូរជ្រៅ និងផ្ទះ១ខ្នងទៀតធ្វើអំពីឈើប្រក់ស័ង្កសី ទំហំ៧ម៉ែត្រគុណ៨ម៉ែត្រស្ថិតក្នុងឃុំសំបួរ ស្រុកមង្គលបុរីត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង១ខ្នង និង១ខ្នងទៀត ឆេះអស់ស្ទើរទាំងស្រុង កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៧ បណ្តាលឱ្យរងការខូចខាតទ្រព្យសម្បត្តិមាសប្រាក់គ្រឿងអលង្ការនៅក្នុងផ្ទះយ៉ាងសន្ធឹកសន្ធាប់។ អគ្គិភ័យនេះកើតឡើងត្រូវបានក្រុមអ្នកពន្លត់អគ្គិភ័យប្រើប្រាស់រថយន្តបាញ់ទឹកពន្លត់អគ្គិភ័យប្រចាំនៅស្នងការដ្ឋាននគរបាលខេត្តក៏បានចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ដើម្បី ទប់ស្កាត់មិនឱ្យរាលដាលទៅឆាបឆេះផ្ទះប្រជាពលរដ្ឋជិតខាង ។
ម្ចាស់ផ្ទះរងគ្រោះនៅស្រុកអូរជ្រៅត្រូវបាគេស្គាល់ឈ្មោះនួន ខេល ភេទប្រុសអាយុ៣៦ឆ្នាំ និងប្រពន្ធឈ្មោះ ហេវ រ៉ូប៉ី អាយុ៣៤ឆ្នាំ ចំណែកម្ចាស់ផ្ទះរងគ្រោះនៅស្រុកមង្គលបុរីឈ្មោះ សូ ជីន ភេទប្រុស អាយុ៣៧ឆ្នាំ ។ អគ្គិភ័យខាងលើសមត្ថកិច្ចសន្និដ្ឋានថាកើតឡើងដោយទុស្សេចរន្តអគ្គិសនី។
ដោយឡែកនៅខេត្តបាត់ដំបងគេរាយការណ៍ឱ្យដឹងថា អគ្គិភ័យកើតឡើង២ករណីផ្សេងគ្នាទៅលើផ្ទះធ្វើអំពីឈើប្រក់ស័ង្កសី១ខ្នង ទំហំ៨ម៉ែត្រគុណ១០ម៉ែត្រ ស្ថិតក្នុងភូមិរាមសេនា ឃុំល្វា ស្រុកបវេលខេត្តបាត់ដំបង កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ ត្រូវឆេះអស់ទាំងស្រុង ខណៈដែលម្ចាស់ផ្ទះមិននៅ ។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះ សោម ម៉ៅ ភេទស្រី អាយុ៧០ឆ្នាំ អគ្គិភ័យនេះបង្កឱ្យឆេះប្រាក់ខ្មែរប្រាក់ថៃ និងគ្រឿងអលង្ការមួយចំនួនផងដែរ។ អគ្គិភ័យនេះត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា កើតឡើងដោយទុស្សេចរន្តអគ្គិសនី ។
នៅខេតត្តបាត់ដំបងនោះដែរផ្ទះ១ខ្នងទៀតធ្វើអំពីឈើប្រក់ស័ង្កសីទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិចារ ឃុំអន្លង់រុន ស្រុកថ្មគោល បង្កឡើងដោយផ្ទុះកំប៉ុងហ្គាសដាំបាយ។ អគ្គិភ័យនោះ ក៏រាលដាលទៅឆេះរោងគោដំបូលស្បូវទំហំ៤ម៉ែត្រ៧ម៉ែត្របន្ថែមទៀត។អគ្គិភ័យបណ្តាលឱ្យរងការខូចខាតទ្រព្យសម្បត្តិមាសប្រាក់មួយចំនួនផងដែរ។ ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ សាញ់ ផាត ភេទប្រុសអាយុ៥១ឆ្នាំ៕ សំ វិច្ឆិកា