ខេត្តឧត្តរមានជ័យ៖ នៅយប់ថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ស្ត្រីម្នាក់ត្រូវបានប្តីរបស់ខ្លួន ជាមន្ត្រីនគរបាលបាញ់សម្លាប់គួរឲ្យអណោចអាធ័ម ព្រោះតែភ្លើងប្រច័ណ្ឌគ្មានហេតុផល។ ហេតុការណ៍បាញ់សម្លាប់ប្រពន្ធរបស់ខ្លួន ពីសំណាក់មន្ត្រីនគរបាលជាប្ដីរូបនេះ បានកើតឡើងនៅយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោង។
ប្រជាពលរដ្ឋដែលរស់នៅជិតផ្ទះស្ត្រីរងគ្រោះ បានឲ្យដឹងថា ជនដៃដល់ឈ្មោះ បូរិន ជាមន្ត្រីនគរបាលពាក់ស័ក្តិ៣ ផ្នែកព្រហ្មទណ្ឌ កំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ។ ចំណែក ប្រពន្ធឈ្មោះ ស្រី ពៅ អាយុ២៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុ មានមុខរបរជាបម្រើការងារនៅហាងខារ៉ាអូខេ។
បើតាមប្រជាពលរដ្ឋនិយាយថា ករណីបាញ់ប្រហារប្រពន្ធស្លាប់នេះសង្ស័យកើតឡើងដោយសារតែភ្លើងប្រច័ណ្ឌ ប៉ុន្តែរឿងស៊ីជំរៅ បែបណា ពួកគាត់មិនដឹងច្បាស់នោះទេ ក្រោយកើតហេតុជនដៃដល់ជាប្តី បានរត់គេចខ្លួន តែសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។
ជុំវិញករណីនេះលោក ស៊ុន សាន្ត អធិការក្រុងសំរោងមិនអាចសុំធ្វើអធិប្បាយបានទេ ដោយលោកប្រាប់ថា រវល់ការកូន។ ដោយឡែកលោក ស៊ុយ ហាក់ អធិការរងក៏ពុំអាចសុំការពន្យល់បានដែរ ដោយលោកប្រាប់ឲ្យលោកសួរទៅលោក ឡឹក សុខា ស្នងការរងខេត្ត ទើបដឹងរឿងនេះច្បាស់ព្រោះសំណុំរឿងនៅលើដៃលោក។
លោក ឡឹក សុខា ស្នងការរងទទួលបន្ទុកការិយាល័យព្រហ្មទណ្ឌបានប្រាប់ឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី៩ ខែមីនា ថា នារីរងគ្រោះពីមុនរស់នៅភូមិឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ហើយបច្ចុប្បន្នមកស្នាក់នៅផ្ទះជួលចំណុចភូមិឃុំកើតហេតុ និងជានារីបម្រើការងារខារ៉ាអូខេ។ នៅក្នុងរយៈពេលកន្លងទៅជនសង្ស័យមានទំនាក់ទំនងជាមួយនឹងនារីរងគ្រោះដែលអាចចាត់ទុកជាប្រពន្ធចុង ឬប្រពន្ធលួចលាក់ជាមួយនឹងប្រពន្ធដើម ហើយចុងក្រោយនេះសង្ស័យថាជនសង្ស័យប្រចណ្ឌនឹងប្រពន្ធលួចលាក់ខាងលើនេះក៏បានបាញ់សម្លាប់រួចគេចខ្លួនបាត់តែម្តង។
លោកបញ្ជាក់ថា ករណីនេះសមត្ថកិច្ចជំនាញនិងរូបលោកផ្ទាល់បានដាក់បញ្ជាទៅតាមបណ្តានគរបាលមូលដ្ឋានតាមចាប់ខ្លួនជនដៃដល់ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕ ប៉ែន នួន