ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនស្ត្រីម្នាក់ពីបទចាប់ពង្រត់និងប៉ងសម្លាប់ទារិកាអាយុ៥ខែម្នាក់ តែមិនបានសម្រេច ខណៈដែលស្ត្រីរងការចោទប្រកាន់ខាងលើបានយកទារករុំបិទមាត់ដាក់ក្នុងថង់ផ្លាស្ទីកពណ៌ខ្មៅ ជាកូនមិត្តភក្តិនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ យកមកបោះចោលនៅគំនរសំរាមមួយកន្លែងក្នុងសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ នៅវេលាទៀបភ្លឺ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ។
ស្ត្រីដែលរងការចោទប្រកាន់ខាងលើនោះ ឈ្មោះ យិន សុធារ៉ា អាយុ៣៣ឆ្នាំ មុខរបរបោកអ៊ុត ស្នាក់នៅផ្ទះលេខ៥D ផ្លូវលំភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតភូមិវាលស្បូវឃុំវាលស្បូវស្រុកកៀនស្វាយខេត្តកណ្តាល។
មន្រ្តីនគរបាលខណ្ឌសែនសុខនិយាយថាជនជាប់ចោទខាងលើត្រូវបានឃាត់ខ្លួនតាមបណ្តឹងរបស់ស្ត្រីម្នាក់ជាម្តាយទារិការងគ្រោះ និងជាដើមបណ្តឹងផង ឈ្មោះ មាស សុវណ្ណា អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះលេខ១៧Fផ្លូវបេតុងក្រុម៤ភូមិទ្រុងមាន់សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមការរៀបរាប់របស់ម្តាយទារិកា បានប្រាប់សមត្ថកិច្ចឲ្យ ដឹងថា មុនពេលកន្លងមកគាត់និងស្ត្រីសង្ស័យ ជាមិត្តភក្តិគ្នា ហើយតែងតែចេញចូលផ្ទះគាត់ដូចបងប្អូនអីចឹង ។ នៅយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ មុនកើតហេតុស្ត្រីខាងលើ ក៍បានមកលេងផ្ទះគាត់ជាធម្មតាដូចសព្វដង លុះដល់យប់ជ្រៅបន្តិចមិនចាំម៉ោងស្ត្រីសង្ស័យបានត្រឡប់ទៅផ្ទះបាត់ដោយមិនបានប្រាប់ គាត់ឲ្យដឹងទេ ។ ពេលនោះគាត់ក៏មិនចាប់អារម្មណ៍ថា បាត់កូនឡើយ ព្រោះកូនដាក់ឲ្យដេកនៅបន្ទប់ឡៅតឿឯគាត់ដេកលេងនៅលេងខាងក្រោម រហូតដល់យប់បន្តិចខណៈដែលគាត់ឡើងទៅមើលកូនក្នុងបន្ទប់ទើបដឹងថា “បាត់កូន” ហើយក៏ ភ្ញាក់ផ្អើលតែម្តងនិងនាំគ្នាមក ប្តឹងអាជ្ញាធរ ភូមិ និងដើរស្វែងរកកូន ដែល កំពុងបាត់នោះ។
បន្ទាប់មកប្រជាពលរដ្ឋដែលមានផ្ទះក្បែរនិងផ្ទះម្តាយទារិការងគ្រោះបានប្រាប់សមត្ថកិច្ចថានៅម៉ោងប្រហែល៩យប់ថ្ងៃទី៩ ខែមីនា ខណៈដែលគាត់កំពុងតែឈរនៅខាងក្រោយផ្ទះស្រាប់តែឃើញមានគេចងថង់ខ្មៅរូតពីលើវេរ៉ង់ដាក្រោយផ្ទះរបស់ជនរងគ្រោះចុះមកក្រោមផ្នែកខាងក្រោយផ្ទះ តែពេលនោះគាត់ឆ្ងល់ថាហេតុអ្វីបានជាគេដាក់ថង់សំរាមមកចោលខាងក្រោយដូច្នេះ? ក្នុងអំឡុងពេលនោះគាត់ជាប់រវល់និយាយទូរស័ព្ទមិនបានចាប់អារម្មណ៍ ទេ តែមួយសន្ទុះក្រោយមកស្រាប់តែបាត់ថង់ខ្មៅខាងលើ…ពេលនោះគាត់ស្មានតែខ្មោចលងភ័យលោះព្រលឹង។ លុះដល់យប់បន្តិចស្រាប់តែឮសំឡេងភ្ញាក់ផ្អើលថា “បាត់ទារិកា” ដែលមានផ្ទះទល់ខ្នងគ្នាគាត់ក៏យករឿង នេះទៅ ប្រាប់ដល់ឳពុកម្តាយទារិកាខាងលើដើម្បីធ្វើការពិចារណា ស្រាវជ្រាវ ។
បុរសម្នាក់ឈ្មោះតែ វុទ្ធី អាយុ៣២ឆ្នាំជាសាក្សី និងជាអ្នករកឃើញទារក នោះបានបានប្រាប់សមត្ថកិច្ចថា នៅយប់ថ្ងៃកើតហេតុ ពូរបស់គាត់បានផ្តល់ពត៌មានតាមទូរស័ព្ទមកប្រាប់ថា អ្នកជិតខាងគ្នាជាមួយគាត់ត្រូវគេលួចកូនបាត់ ហើយបានពឹងពាក់គាត់អោយជួយតាមដាននិងឃ្លាំមើលស្ត្រីម្នាក់ដល់ផ្ទះដែលមានការសង្ស័យពីម្តាយទារកនោះ។
នៅពេលនោះគាត់មានគ្នា២នាក់ក៍ទៅលួចសម្ងំឃ្លាំចាំមើលផ្ទះស្ត្រីសង្ស័យ មែនរហូតដល់ម៉ោងប្រហែល៤ទៀបភ្លឺ ៗបានឃើញស្ត្រីសង្ស័យជិះម៉ូតូចេញពីផ្ទះនៅ។
ពេលនោះគាត់បានជិះតាមពីក្រោយមិនឲ្យដឹងខ្លួនទេ ហើយបានឃើញស្ត្រីសង្ស័យជិះម៉ូតូមកឈប់ក្បែរគំនរសំរាមមួយកន្លែងនៅភូមិត្រពាំងល្វា សង្កាត់ កាកាប ខណ្ឌពោធិសែនជ័យ ។
សាក្សីរូបនោះបានឲ្យដឹងទៀតថាពេលនោះគាត់ក៏ជិះម៉ូតូទៅហួសបន្តិចហើយឃើញស្ត្រីសង្ស័យជិះម៉ូតូចេញទៅវិញទើបគាត់ បត់ម៉ូតូមកកន្លែងគំនរសំរាមដែលជាកន្លែងស្ត្រី ខាងលើឈប់ស្រាប់តែឃើញទារិកាត្រូវគេរុំស្កុតមាត់និងច្រកក្នុងស្បោងខ្មៅយកមកប្លុងចោល
នៅមិនទាន់ស្លាប់ទេ ហើយគាត់ក៏ស្រាយនិងយកទាល្លិកាខាងលើប្រគល់អោយឪពុកម្តាយវិញ។ រហូតដល់ម៉ោង៣រសៀលថ្ងៃដដែល ឳពុកម្តាយទារិកា បាននាំខ្លួនជនសង្ស័យមកប្រគល់ឲ្យសមត្ថកិច្ចដើម្បីសាកសួរចាត់ការតាមច្បាប់។
នៅចំពោះមុខសមត្ថកិច្ចស្ត្រីជាជនសង្ស័យមិនបានឆ្លើយសារភាពអ្វីឡើយ ដោយនាងនិយាយថា មិនដឹងរឿងអ្វីទេ ហើយនាងត្រូវបានគេចោទប្រកាន់ទេ។
តែក្រោយមកទើបនាងសារភាពថា នាងស្រលាញ់ទារិកានេះខ្លាំងពេក ទើបចង់បានយកទៅចិញ្ចឹម។ ចំណែកសមត្ថកិច្ចវិញបានអះអាងថា ជាការឆ្លើយដោះសាររបស់ស្រ្តីរូបនេះទេ តាម ពិតគេមានបំណងចាប់ជំរិតយកលុយពីម្តាយឪពុកទារិការងគ្រោះ ឬយកនាងទៅលក់ព្រោះស្រ្តីសង្ស័យបានជំពាក់លុយគេដល់៨ពាន់ដុល្លារដោយសារលេង ល្បែងក៏បែកគំនិតធ្វើបែបនេះ ។
យ៉ាងនេះក៏ដោយស្ត្រីសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំសាកសួរស្រាវជ្រាវបន្ត មុនពេលបញ្ជូនខ្លួនទៅតុលាការតុលាការ ៕ តុង សីហា