ភ្នំពេញ៖ ភាពយន្តកំប្លែងរឿង “កំពូលស៊យឆ្លងភព”នឹងត្រូវចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ខាងមុខនេះហើយបន្ទាប់ពីផលិតអស់ជាច្រើនខែ។ ទោះជាប្រកាសថា ផលិតករមិនមានលទ្ធភាពក្នុងការធ្វើពិធីសម្ពោធព្រោះអស់លុយក្នុងហោប៉ៅទៅហើយក្តីក៏មានអ្នកគាំទ្រលើកទឹកចិត្តសិល្បៈខ្មែរមួយចំនួនបានចេញមុខគាំទ្រនិងស្នើឲ្យមហាជនជួយគាំទ្រភាពយន្តមួយនេះ។
ហើយវណ្ណកម្មមួយនេះ ក៏មានគម្រោងធ្វើពិធីសម្ពោធនៅថ្ងៃទី១៥ មុនថ្ងៃចាក់បញ្ចាំងមួយថ្ងៃ ដើម្បីជូនដំណឹងដល់អ្នកគាំទ្របានដឹងផងដែរ។ ប៉ុន្តែព័ត៌មានផ្លូវការព្រឹកនេះត្រូវបានផលិតករលោក តន់ វុទ្ធី ប្រាប់ថា ភាពយន្តរបស់លោកមិនបានធ្វើពិធីសម្ពោធទេ ព្រោះលោកគ្មានលទ្ធភាព ដោយសារដើមទុនលោកតិច នឹងបានចំណាយអស់ពីហោប៉ៅលើការផលិតយកគុណភាពរឿងឲ្យល្អ ។
គ្រាដែលភាពយន្តរឿង “កំពូលស៊យឆ្លងភព” ចាប់ផ្ដើមផ្សព្វផ្សាយឈុតខ្លីៗនៅលើបណ្ដាញសង្គមហ្វេសប៊ុកមានព័ត៌មានថា រឿងដំបូងរបស់ផលិតកម្ម អូហ្វីម មួយនេះគ្រោងធ្វើពិធីសម្ពោធចាក់បញ្ចាំងនៅថ្ងៃទី១៥ មុនថ្ងៃបញ្ចាំងមួយថ្ងៃ ប៉ុន្តែសម្រាប់ព័ត៌មានផ្លូវការ និងក្ដុកក្ដួលនៅព្រឹកនេះ លោក តន់ វុទ្ធី បានប្រាប់ថា រឿងរបស់លោកមិនបានធ្វើពិធីសម្ពោធ ដើម្បីជូនដំណឹងដល់មហាជនបានដឹងទេ ព្រោះលោកគ្មានលទ្ធភាព គឺអស់ទុនពីខ្លួនតែម្ដង។ ផលិតកររូបនេះបានបន្ថែមថា នៅពេលលោកគ្មានទុនធ្វើពិធីសម្ពោធ ដើម្បីផ្សព្វផ្សាយឲ្យទស្សនិកជនបានដឹងជាព័ត៌មាន លោកពិតជាមានការបារម្ភខ្លាចរឿង “កំពូលស៊យឆ្លងភព” មិនមានអ្នកបានដឹង និងមិនសូវមានបងប្អូនខ្មែរទៅជួយគាំទ្រផងដែរ តែធ្វើម៉េចបើលោកគ្មានជម្រើស។ ផលិតករក្រខ្សត់រូបនេះបន្តថា ទន្ទឹមនឹងការព្រួយបារម្ភនេះលោកគ្មានពាក្យអ្វីក្រៅពីលើម្រាមដៃដប់សុំឲ្យបងប្អូនខ្មែរ ជាពិសេសយុវវ័យដែលតែងចូលរួមគាំទ្រភាពយន្តខ្មែរ សូមចូលរួមជួយលើកទឹកចិត្តលោក ដែលកំពុងប្រឈមនឹងបញ្ហាផ្នែកហិរញ្ញវត្ថុនោះ។
តបទៅនឹងការលើកឡើងនេះដែរ មានអ្នកលេងបណ្តាញទំនាក់ទំនងសង្គមមួយចំនួនបានធ្វើការបញ្ចេញវីដេអូខ្លីដើម្បីស្នើឲ្យអ្នកស្រលាញ់ចូលចិត្តភាពយន្តខ្មែរមេត្តាបន្តជួយលើកទឹកចិត្តផលិតករ សិល្បករ តាមរយៈការចូលរួមទស្សនាដើម្បីឲ្យផលិតករខាងលើបានបន្តស្វែងរកថវិកាបំពេញក្តីសង្ឃឹមសម្រាប់បំពេញក្តីស្រម៉ៃនិងដោះស្រាយបញ្ហាបំណុល។ ពួកគេក៏បានបង្ហាញពីអារម្មណ៍នៃការទន្ទឹងរង់ចាំទស្សនាភាពយន្តមួយនេះថា នឹងអាចជក់ចិត្តដល់កម្រិតណា។ អ្នកលេងហ្វេសប៊ុកម្នាក់លើកឡើងថា “មានតែខ្មែរទេដែលស្រលាញ់ ជួយ និងគាំទ្រស្នាដៃខ្មែរ សូមបើកចិត្តទទួលយកភាពយន្តខ្មែរដែលមិនចម្លងពីគេ និងដើម្បីជំរុញការអភិវឌ្ឍគុណភាពភាពយន្តខ្មែរទៅថ្ងៃមុខ”៕ វឌ្ឍនា