ក្រុងប៉ោយប៉ែត ៖ លោក វង្ស សារីយកតួនាទីជានគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរបស់ខេត្តបន្ទាយមានជ័យឲ្យឈ្មួញជា ម្ចាស់ឃ្លាំងទំនិញ និងក្រុមអ្នកស៊ីឈ្នួលដឹកទំនិញតាមរថយន្តធុនតូចប្រភេទកាមរីពីប៉ោយប៉ែតទៅខេត្តបន្ទាយមានជ័យដើរ ប្រមូលលុយតាមឃ្លាំងនៅក្នុងក្រុងប៉ោយប៉ែតក្នុង១ឃ្លាំង១៥០ដុល្លារ ហើយឲ្យម្ចាស់ឃ្លាំងកាត់លុយ១៥ដុល្លារពីអ្នកដឹកទំនិញ រថយន្ត១គ្រឿងក្នុង១ខែបន្ថែមទៀតដោយលោកថាយកទៅឲ្យមេបើឈ្មួញជាម្ចាស់ឃ្លាំងនិងអ្នកដឹកទំនិញមិនព្រមបង់ប្រាក់តាមការទាររបស់លោកទេ លោក គំរាមថា នឹងចាប់ឬបិទឃ្លាំងនោះចោល ។ ដោយ សារតែទ្រាំមិនបានពួកគាត់ក៏បានទម្លាយរឿងនេះឲ្យអ្នកសារព័ត៌មានជួយផ្សព្វផ្សាយពីទង្វើរបស់លោក វង្ស សារី ។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់ថា លោក វង្ស សារី នេះមិនមែន ជាមន្ត្រីនគរបាលសេដ្ឋកិច្ចទៀតទេគាត់បានផ្ទេរភារកិច្ច ទៅកាន់ការិយាល័យប្រយុទ្ធ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនហើយ ម៉េចបានជាលេចឮថាដើរប្រមូល លុយកាក់ពីអាជីវករទៀត?
លោកស្នងការបញ្ជាក់ថានេះជាអំពើខុសច្បាប់ ហើយសំណូមពរឲ្យអាជីវករ ម្ចាស់ឃ្លាំងរាយការណ៍មករូបលោកផ្ទាល់ហើយបើមានករណីអ៊ីចឹងមែនលោកនឹងចាត់ការភ្លាម ។
ទោះជាយ៉ាងណានៅវេលាម៉ោង១១និង៤៥នាទីថ្ងៃទី១៣ ខែមីនាឆ្នាំ២០១៧គេបានឃើញនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តមួយក្រុមមានគ្នាប្រហែល៤នាក់ជិះ រថយន្តចំនួន២គ្រឿង១គ្រឿងម៉ាកកាមរីស៊េរីឆ្នាំ១៩៩៥ជ្រុង ពណ៌ស្លាបក្អែក និង១គ្រឿងទៀត ម៉ាកធុនដ្រា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2P-1907 ដែលគេ ស្គាល់ថាជារថយន្តរបស់លោក វង្ស សារី នោះដែលបានផ្ទេរភារកិច្ច ពីនាយរងការិ យាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត មកជានាយរងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនតាំងពីថ្ងៃ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ម៉្លេះ តែបែរជាមក កោសរូសអាជីវករលក់ម៉ូតូឈ្មោះណាជេលីន ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយ ប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យទៅវិញ ក្រោមលេសដើរធ្វើស្ថិតិហាងក្នុងក្រុងប៉ោយប៉ែត ។
ទាក់ទិនរឿងនេះម្ចាស់ហាងខាងលើបានឲ្យអ្នកសារព័ត៌មានដឹងថា នៅក្នុងហាងរបស់លោកមានម៉ូតូអត់ពន្ធចំនួន៣គ្រឿង ដោយមិនចង់មានបញ្ហា លោកក៏បានប្រគល់ស្រោមសំបុត្រឲ្យទៅក្រុមសមត្ថកិច្ចទាំង នោះដើម្បីកុំឲ្យវែងឆ្ងាយ ។
ជុំវិញការចោទប្រកាន់របស់ក្រុមអាជីវករម្ចាស់ឃ្លាំង ក្រុមរថយន្តដឹកទំនិញ និង អ្នកលក់ម៉ូតូ លោក វង្ស សារី តែងបដិសេធជានិច្ចថាលោកមិនដែលធ្វើអីផង ព្រោះលោកត្រូវថ្នាក់លើប្តូរភារកិច្ចទៅកាន់ខាងជួញដូរមនុស្សហើយ តែលោកទទួលស្គាល់ថារថយន្តលោកនិងបានជិះទៅក្រុងប៉ោយប៉ែតនោះមែន ៕ វណ្ណា