ខេត្តសៀមរាប ៖ ឈើគ្រញូងមួយដើមដែលមានអាយុកាលជាង២០០ឆ្នាំត្រូវបានក្រុមជនទុច្ចរិតលួចកាប់នៅក្នុងតំបន់ឧទ្យានអង្គរនោះគឺ អាជ្ញាធរដកហូតនិងប្រគល់ជូនគណៈកម្មការវត្តថ្មីដំរីសែនជ័យ ហើយ ឥឡូវនេះកំណាត់ឈើបានប្រែក្លាយទៅជារូបបដិមា៦អង្គសំខាន់ៗសម្រាប់ទុកឲ្យបងប្អូនពុទ្ធបរិស័ទគោរពបូជានាហើយ ។
គណៈកម្មការវត្តបានឲ្យដឹងថា ឈើ គ្រញូងដែលគេកាប់នោះត្រូវអាជ្ញាធរខេត្តប្រគល់មកឲ្យវត្តថ្មីដំរីសែនជ័យរក្សាទុកហើយក៏បានរកជាងឈើមកឆ្លាក់រូបបដិមាសំខាន់ៗចំនួន៦អង្គ ។ ក្នុងនោះមាន ១-រូបបដិមាព្រះអង្គចេក , ២-រូបបដិមា ព្រះអង្គចម ,៣- រូបបដិមាព្រះអង្គជប់ភ្នំ គូលែន , ៤-រូបបដិមា ព្រះបាទជ័យវរ្ម័នទី៧ ,៥-រូបបដិមាលោកតារាជ និង៦-រូបបដិមា អ្នកតាដំបងគ្រញូង។
ប្រភពបន្តទៀតថា រូបចម្លាក់ទាំងអស់នេះព្រះតេជព្រះគុណចៅអធិការវត្តថ្មីដំរីសែនជ័យគ្រោងរៀបចំពិធីអភិសេក នៅថ្ងៃ១៥កើតពេញបូណ៌មី ត្រូវនឹងថ្ងៃ ទី១២ ខែមីនា រហូតដល់ថ្ងៃទី១៤ខែមីនា ឆ្នាំ២០១៧ខាងមុខនេះ ។
គួររម្លឹកថា ដើមឈើគ្រញូងមួយដើមយ៉ាងធំមានអាយុកាលជាង២០០ឆ្នាំនៅក្នុងឧទ្យានជាតិអង្គរត្រូវបានគេលួចកាត់កាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ២០១៦ស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាបហើយត្រូវបានថ្នាក់ដឹកនាំបញ្ជាឲ្យចាប់ខ្លួន អ្នកជាប់ពាក់ព័ន្ធមួយចំនួនយកទៅផ្តន្ទាទោសផងដែរ ដោយជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនទៅដាក់គុកនោះមានទី១-ឈ្មោះឈរ ថាណាតអគ្គនាយក រងអាជ្ញាធរជាតិអប្សរាទទួលបន្ទុកព្រៃឈើ និង ទី២- លោក ចេវ ផល ប្រធានការិយាល័យគ្រប់គ្រងព្រៃឈើនៃអាជ្ញាធរជាតិ អប្សរា ៕
ប៊ុន រិទ្ធី