ខេត្តសៀមរាប៖ ផ្ទះពលរដ្ឋចំនួនមួយខ្នងត្រូវបានដួលរាបដល់ដី និងប៉ើងតំបូលផ្ទះអស់៦ខ្នងទៀតនៅស្រុកវ៉ារិន បន្ទាប់ពីមានខ្យល់កន្ត្រាក់បានបក់បោកយ៉ាងខ្លាំង នៅវេលាម៉ោង ១៦និង៤០នាទីល្ងាច ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅភូមិស្វាយស ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប ។
លោកវរៈសេនីយ៍ទោ ណុប សារ៉ាក់អធិការនគរបាលស្រុកវ៉ារិន បានបានឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម លោកបានដឹកនាំកម្លាំងនគបាលស្រុកចំនួន១៥នាក់ ចុះទៅជួយជួសជុល និងជួយរៀបចំឥវ៉ាន់ដែលរងការខូចខាត និងជួយចងតង់ជូនពួកគាត់ ព្រោះរដូវនេះជារដូវវស្សា ពួកគាត់មានការលំបាក ។
លោកបន្តថា នៅល្ងាចថ្ងៃទី១៩ ខែសីហា មានខ្យល់បក់បោកយ៉ាងខ្លាំងនៅក្នុងភូមិស្វាយស ធ្វើឲ្យផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន១ខ្នងដួលរាបដល់ដី និងប៉ើងតំបូលផ្ទះអស់៦ខ្នង ប៉ុន្តែនៅក្នុងហេតុការណ៍នោះ មិនមានអ្នករងរបួសនោះទេ ។
លោកបន្តថា នៅព្រឹកថ្ងៃទី២០ ខែសីហា កម្លាំងនគរបាលស្រុកវ៉ានរិនបានបន្តចុះជួយជួសជុលទៀត ដើម្បីឲ្យពលរដ្ឋទទួលបានភាពកក់ក្តៅ ។ លោកបន្ថែមថា ផ្ទះពលរដ្ឋដែលដួលរលំនោះមានឈ្មោះហាប់ វន់ អាយុ៤៤ឆ្នាំ ប្រពន្ធឈ្មោះ ដាស ឈី អាយុ៣៨ឆ្នាំ ។
លោកបន្ថែមថា ផ្ទះប៉ើងដំបូលទាំង៦ខ្នងនោះ មានទី ១ ឡឹក ឆុល អាយុ៤១ឆ្នាំ ទី២ ហ៊ឹម ណុល អាយុ៤៤ឆ្នាំ ទី៣ ឈ្មោះ ឡាយ ទំ អាយុ៣៧ឆ្នាំ ទី៤ ឈ្មោះរី ផរ អាយុ៥៥ឆ្នាំ ទី៥ ឡែម ឡើម អាយុ៤០ឆ្នាំ ទី៦ ធន់ សំបឿន អាយុ៣៧ អ្នកទាំងនោះជាពលរដ្ឋរស់នៅភូមិស្វាយស ឃុំស្វាយស ស្រុកវ៉ារិន ។
បច្ចុប្បន្ននេះពលរដ្ឋកំពុងនាំជួសជុលផ្ទះឡើងវិញ ហើយពួកគាត់ក៏បានទទួចឲ្យអាជ្ញាធរដែនដីជួយដល់គ្រួសាររបស់ពួកគាត់ផង ព្រោះពេលនេះពួកគាត់ត្រូវការជំនួយ និងមានអ្នកលើកទឹកចិត្ត ៕
ដោយ៖ និរន្ដរ៍