ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងកាលពីថ្ងៃទី២១ ខែសីហាបានផ្សព្វផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឲ្យកងទ័ពជួរមុខត្រៀមលក្ខណៈនៅក្នុងការធ្វើសង្គ្រោម ខណៈដែលស្ថានការណ៍តានតឹងជាមួយកូរ៉េខាងត្បូងកំពុងតែពុះកញ្ជ្រោលខ្លាំងឡើងដល់កម្រិតកំពូល ក្រោយការផ្ទុះអាវុធធុនធ្ងន់ដាក់គ្នាឆ្លងកាត់តំបន់ព្រំដែន ។
ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA បានផ្សព្វផ្សាយ ការចេញបញ្ជាខាងលើនេះរបស់លោក គីម ជុងអ៊ុន កើតឡើងបន្ទាប់ពីការកោះប្រជុំបន្ទន់មួយកាលពីរសៀលថ្ងៃទី២០ ខែសីហា របស់គណៈកម្មការយោធាដ៏មានឥទ្ធិពល និងស្ថិតក្រោមអធិបតីភាពរបស់លោក គីម ជុងអ៊ុននោះ ។
អំឡុងពេលកិច្ចប្រជុំនេះ លោកគីម ជុងអ៊ុន បានបញ្ជាឲ្យកម្លាំងយោធាទាំងអស់ត្រៀមលក្ខណៈធ្វើសង្គ្រាមដែលចាប់ផ្តើមនៅវេលាម៉ោង៥ល្ងាច(ម៉ោងនៅក្នុងតំបន់) ថ្ងៃទី២១ ខែសីហា ។
ទីភ្នាក់ងារព័ត៌មានដដែលនេះបានដកស្រង់ប្រសាសន៍របស់លោក គីម ជុងអ៊ុន មកផ្សព្វផ្សាយបន្តទៀតថា កងទ័ពទាំងអស់ ត្រូវបំពាក់អាវុធយោធូបករណ៍ឲ្យបានគ្រប់គ្រាន់ និងត្រៀមលក្ខណៈឲ្យរួចរាល់នៅក្នុងការធ្វើប្រតិបត្តិការ តាមបែបសង្គ្រាមរវាងប្រទេសធុនតូច ។
ការកោះប្រជុំបន្ទាន់របស់គណៈកម្មាធិការយោធាកូរ៉េខាងជើងបានកើតឡើង បន្ទាប់ពីកូរ៉េទាំងពីរបានផ្ទុះអាវុធធុនធ្ងន់ឆ្លងកាត់តាមបន្ទាត់ព្រំដែនកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ ហើយបើទោះបីគ្មានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់បាត់បង់ជីវិតមនុស្សក៏ពិតមែន ប៉ុន្តែវាបានរុញច្រានស្ថានការណ៍តានតឹងនៅតាមបន្ទាត់ព្រំដែនឲ្យពុះកញ្ជ្រោលឡើងដល់កម្រិតកំពូល ។
កូរ៉េខាងជើងបានព្រមានដល់កូរ៉េខាងត្បូងឲ្យបញ្ឈប់ការចាក់ឧបករណ៍បំពងសំឡេងឃោសនានៅតាមបន្ទាត់ព្រំដែននោះក្នុងរយៈពេល៤៨ម៉ោង បើមិនដូច្នោះទេ កូរ៉េខាងត្បូងនឹងទទួលរងការឈឺចាប់ជាក់ជាមិនខាន ។ ការទុកឱកាសឲ្យកូរ៉េខាងត្បូងនោះនឹងផុតកំណត់នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ ។
ក្រសួងការពារជាតិកូរ៉េខាងត្បូងបានច្រានចោល និងមិនខ្លាចចំពោះការគំរាមកំហែងរបស់កូរ៉េខាងជើងនេះឡើយណ ហើយថា ខ្លួននៅតែបន្តចាក់ឧបករណ៍បំពងសំឡេងឃោសនាជាដដែល ៕
ប្រែសម្រួល៖ យ៉ាត