អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ បានអំពាវនាវ ឲ្យកូរ៉េខាងត្បូង និងកូរ៉េខាងជើង ធ្វើយ៉ាងណាកុំឲ្យជ្រើសរើសយកវិធីដែលនាំឲ្យស្ថានការតានតឹងកាន់តែខ្លាំងឡើង បន្ទាប់ពីទីក្រុងសេអ៊ូលបានច្រានចោលទទួលយកការដាក់ឱសានវាទរបស់កូរ៉េខាងជើងឲ្យបញ្ឈប់ការចាក់ឧបករណ៍បំពងសំឡេងឃោសនាយ៉ាងកងរំពងនៅតាមបន្ទាត់ព្រំដែន ហើយទីក្រុងព្យុងយ៉ាងបានបញ្ជាឲ្យកងទ័ពប្រុងប្រៀបខ្លួនធ្វើសង្គ្រាមនោះ ។
ប្រទេសទាំងពីរនេះហាក់ដូចជាកំពុងឆ្ពោះទៅរកការផ្ទុះអាវុធសាជាថ្មីទៀត ក្រោយពីកូរ៉េខាងត្បូងបានច្រានចោលការដាក់ឱសានវាទរបស់កូរ៉េខាងជើងឲ្យបញ្ឈប់ការឃោសនាតាមឧបករណ៍បំពងសំឡេងប្រឆាំងរបបទីក្រុងព្យុងយ៉ាង ហើយដែលឱសានវាទនេះផុតកំណត់នៅល្ងាចថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០១៥ ។ កូរ៉េខាងជើងបានព្រមានថា បើកូរ៉េខាងត្បូងមិនបញ្ឈប់ទេ នឹងប្រឈមមុខជាមួយសកម្មភាពរបស់យោធា ។
អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោកស្រី Eri Kaneko បានថ្លែងថា លោកបាន គីមូន អតីតជារដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូងមួយរូប បានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះស្ថានការណ៍វិវឌ្ឍន៍ចុងក្រោយថ្មីៗនេះ យយតថច
។
លោកស្រី Eri Kaneko បានបញ្ជាក់ថា លោកបាន គីមូន បានជំរុញដល់ភាគីទាំងអស់ត្រូវតែប្រកាន់យកជំហរអត់ធ្មត់រៀងៗខ្លួន ចៀសវាងទង្វើដែលនាំឲ្យស្ថានការកាន់តែតានតឹងខ្លាំងឡើង ។ ជាមួយគ្នានេះ លោកបានអំពាវនាវឲ្យភាគីទាំងឡាយប្រកាន់ខ្ជាប់ការងាកមករកកិច្ចពិភាក្សា ដើម្បីកាត់បន្ថយស្ថានការណ៍តានតឹង និង លើកស្ទួយសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ ។
ចាប់តាំងពីសង្គ្រាមកូរ៉េឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ បានបញ្ចប់ទៅវិញតាមរយៈកិច្ចព្រមព្រៀងឈប់បាញ់ ប៉ុន្តែមិនមែនជាសន្ធិសញ្ញាសន្តិភាពនោះ ទីក្រុងព្យុងយ៉ាង និងទីក្រុងសេអ៊ូល ជាញឹកញាប់តែងតែបានផ្ទុះអាវុធដាក់គ្នាបណ្តាលឲ្យទាហានរាប់សិបនាក់ត្រូវបានសម្លាប់ ។ ប៉ុន្តែទោះបីយ៉ាងណា ភាគីទាំងពីរតែងតែបានដកថយមកវិញពីការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំ ៕
ប្រែសម្រួល៖ យ៉ាត