យ៉ាងហោចណាសក៏មានមនុស្ស១០០នាក់ស្លាប់ និងជាង៤០០នាក់រងរបួសនៅក្នុងហេតុការណ៍វាយប្រហារដោយអាវុធគីមីនៅក្នុងខេត្ត Idlib ប្រទេសស៊ីរីកាលពីថ្ងៃទី៤ ខែមេសា។
អង្គការសិទ្ធិមនុស្សស៊ីរីបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគីមី កើនឡើងជាង១០០នាក់ ក្នុងនោះមានកុមារ១១នាក់ ផងដែរ។ ការវាយប្រហារដោយអាវុធគីមីខាងលើធ្វើឲ្យជនរងគ្រោះជួបបញ្ហា ផ្លូវដក ដង្ហើម ក្អួត ឈាមហូរចេញតាមច្រមុះ រហូត ដល់ស្លាប់។
មន្ត្រីសុខាភិបាលក្នុងតំបន់បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ដែលអាចមានអ្នកស្លាប់ កើនឡើងជាបន្តបន្ទាប់ ក្នុងពេលដែលអ្នក រងរបួសធ្ងន់ជាច្រើនស្ថិតក្នុងការសង្គ្រោះ បន្ទាន់នៅឡើយ។ នៅពេលនេះរដ្ឋាភិបាលស៊ីរីមិនទាន់មានប្រតិកម្មអ្វី ជុំវិញការវាយ ប្រហារខាងលើនោះឡើយ ហើយក៏មិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ថាជាសកម្មភាពរបស់ខ្លួនផងដែរ។
តាមអង្គការសិទ្ធិមនុស្សស៊ីរី ជាតិគីមី ពុល ខាងលើបានទម្លាក់ពីយន្តហោះចុះទៅកាន់ស្រុក Khan Sheikhun ស្ថិតនៅ ខេត្ត Idlib។ ក្រុមអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា ជាតិគីមីពុលដែលវាយប្រហារនោះ គឺជា សារធាតុសរសៃប្រសាទ Sarin ។
នេះមិនមែនជាលើកទី១ ដែលប្រើ ប្រាស់អាវុធគីមី ក្នុងការវាយប្រហារនៅស៊ីរី ចាប់តាំងពីសង្គ្រាមស៊ីវិល អូសបន្លាយរយៈ ពេល៦ឆ្នាំកន្លងមក ។ អង្គការហាមប្រាមប្រើប្រាស់អាវុធគីមី របស់អង្គការ សហប្រជាជាតិ OPCW បានបញ្ជាក់ថា កន្លងមកជាតិគីមី sarin ត្រូវបានប្រើប្រាស់វាយប្រហារទៅលើគោលដៅនៅក្នុងប្រទេសស៊ីរី។
ការវាយប្រហារខាងលើធ្វើឲ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លាំង។ អង្គការសហប្រជាជាតិបានកោះប្រជុំជាបន្ទាន់ មួយដើម្បី ថ្កោលទោសទៅលើការវាយ ប្រហារខាងលើ។ ក្រៅពីនេះប្រទេសជាច្រើនជុំវិញពិភពលោកក៏បានថ្កោលទោសផងដែរ។
ប្រធានគណៈកម្មាធិការ សហគមន៍ អឺរ៉ុបទទួលបន្ទុក កិច្ចការបរទេស លោក Federica Mogherini បាន ប្រកាសថា ការវាយប្រហារខាងលើ ជាសោកនាដកម្ម ហើយ ត្រូវតែបើកការស្រាវជ្រាវ ឲ្យតម្លា ភាពស្វែងរកអ្នកដែលវាយប្រហារខាងលើ។
ចំណែករដ្ឋាភិបាលទីក្រុងឡុង របស់ លោកស្រី Theresa May បានថ្កោលទោស ការវាយប្រហារខាងលើ ។ លោកស្រីMay បានបញ្ជាក់ថា « យើងថ្កោលទោសយ៉ាង ខ្លាំងដល់ការវាយប្រហារដោយអាវុធគីមី។ អង់គ្លេសសូមអំពាវនាវដល់ អង្គការ ហាមប្រើប្រាស់អាវុធគីមីជួបប្រជុំជាបន្ទាន់ និងបើកការស្រាវជ្រាវពីបញ្ហាខាងលើនេះជា បន្ទាន់។
ក្រៅពីនេះនៅមានមេដឹកនាំជាច្រើនទៀតជុំវិញពិភពលោកបានថ្កោលទោស ក្នុងនោះមាន បារាំង ទួរគី អុីស្រាអែល ជាដើម។
ចំណែកសេតវិមានវិញក៏បានថ្កោលទោសដោយបញ្ជាក់ថាពិភពលោក មិនអាចមើលរំលងហេតុការណ៍ខាងលើបានឡើយ។ អាមេរិកសន្យាថានឹងរួមជាមួយប្រទេសសម្ពន្ធមិត្តវាយប្រហារកម្ចាត់ក្រុមភេរវកម្មឲ្យទាល់តែវិនាសអន្តរធាន៕
ប្រែសម្រួល៖ ម៉ែវ សាធី