ភ្នំពេញ៖ បុរសមា្នក់បើករថយន្តម៉ាកForuner ទាំងស្រវឹងជោកជាំ រេចង្កូតទៅបុករថយន្តម៉ាក HILUX VIGO ធ្វើឲ្យដាច់កាឡេកង់មុខឡើងលើខឿនសួនច្បារ ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី ២១ ខែសីហា នៅតាមបណ្តោយ ផ្លូវសហព័ន្ធរុស្សី ទល់មុខនាយកដ្ធានដឹកជញ្ជូន ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់រថយន្តបង្កម៉ាកForuner ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 2R 3196 បើកដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងជោក បើកបរក្នុងទិសដៅពីកើតទៅលិចបានបើកទៅបុកពីមុខចំហៀងខាងឆ្វេងរថយន្តម៉ាក HILUX VIGO ពណ៌ក្រហម ពាក់ស្លាកលេខ រដ្ធ 25 2.0374 មានគ្នា៤នាក់ ជាបុរសទាំងអស់ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីលិចទៅកើត ខណៈកំពុងបត់ឆ្វេងឆ្លងផ្លូវចូលនាយកដ្ធានដឹកជញ្ជូន តែមិនទាន់បានឆ្លងផង បណ្តាលរថយន្ត HILUX VIGO ដាច់កាឡេកង់មុខខាងឆ្វេង បើកទៅមុខលែងរួច ចំណែករថយន្តបង្កហួសទៅមុខរេចង្កូតទៅខាង ឆ្វេងឡើង ទៅទុំលើសួនច្បារមុខទីស្តីការគណៈរដ្ធមន្ត្រី ។
ក្រោយកើតហេតុ អ្នកបើករថយន្តបង្កមិនអាចបំភ្លឺបានទេ ដោយសារតែស្រវឹងខ្លាំងពេក ហើយមិនអាចចរចាគ្នាបានក៏ត្រូវសមត្ថកិច្ចជំនាញចរាចរណ៍វាស់វែង យករថយន្តទាំង២ ទៅទុកនៅ អធិការដ្ធាននគរបាល ចរាចរណ៍ជើងគោករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ៕
ដោយ៖ ស រស្មី