កាំជ្រូចមីស៊ីល tomahawk ដល់ទៅ៥៩ ដើមមានតម្លៃ៩០លានដុល្លារ ត្រូវបាន កម្លាំងទាហានអាមេរិកធ្វើជា «កាដូ» ជូន ទៅឲ្យប្រធានាធិបតី ស៊ីរី អាល់អាសាដ។ គោលជំហររបស់អាមេរិកគឺមិនមានលោក អាល់អាសាដ ឡើយនៅក្នុងការស្វែងរក សន្តិភាពនៅក្នុងប្រទេសនេះ។
ក្រុមអ្នកតាមដានស្ថានការណ៍បាន ដាក់សំណួរសួរថា ការវាយប្រហាររបស់ អាមេរិកទៅលើប្រទេសស៊ីរី ហេតុអ្វីបានជាមីស៊ីលការពាររបស់រុស្ស៊ីនៅទីនោះមិន រារាំង? ប្រព័ន្ធការពារមីស៊ីលរបស់រុស្ស៊ី និងស៊ីរីនៅក្នុងទីតាំងយោធា shayrat ដូច ជាបរាជ័យទាំងស្រុង មិនមានកម្លាំងគ្រប់គ្រាន់ក្នុងការរារាំងមីស៊ីលរបស់អាមេរិកនោះទេ។
រយៈចម្ងាយនៃទីតាំងមីស៊ីលការពារ ដែនអាកាសរបស់រុស្ស៊ី S-300, S-400 ដែលជាមីស៊ីលការ វាយស្ទាក់ដ៏ទំនើប បំផុតរបស់រុស្ស៊ីដាក់នៅទីតាំង Tartus និង Hmeymim មានចម្ងាយមិនដល់១០០គីឡូ ម៉ែត្រ ពីទីតាំងយោធាដែលអាមេរិកវាយ ប្រហារ។ ប៉ុន្តែប្រព័ន្ធមីស៊ីលទាំងនោះ ដូច ជាអសមត្ថភាពក្នុងការទប់ស្កាត់ «ភ្លៀងមី ស៊ីល»ពីអាមេរិក។
ប្រការដែលមិនមានការវាយស្ទាក់ពី រុស្ស៊ី ក៏បានធ្វើឲ្យអ្នកអានជាច្រើននិយាយថា តើរុស្ស៊ីខ្លាចអាមេរិកវាយវាយប្រហារលើទីតាំងឈរជើងរបស់រុស្ស៊ីនៅទីនោះដែរ ទើបមិនហ៊ានបញ្ចេញសកម្មភាព? អ្នកវិភាគក៏បានលើកឡើងថា នៅពេល ដែលអាមេរិកកំពុងតែ «ក្តៅស្លឹកត្រចៀក» បើអ្នកណាមួយរារាំងនោះអាមេរិកនឹងមិន ទុកមុខឲ្យឡើយ។ ដូច្នោះហើយទើបរុស្ស៊ី នៅស្ងៀម។
ក្រោយពេលអាមេរិកវាយប្រហារទៅលើទីតាំងទ័ពអាកាសរបស់ស៊ីរី អុីរ៉ង់ និង កម្លាំងគាំទ្ររដ្ឋាភិបាលស៊ីរី បានចេញសេចក្តីប្រកាសរួមថ្កោលទោសការវាយប្រហារ របស់អាមេរិកថា បានដើរហួសបន្ទាត់ ក្រហម។ មេដឹកនាំជាន់ខ្ពស់អុីរ៉ង់ លោក Ali Khamenei បានចាត់ទុកថានេះជាការខុសឆ្គងយ៉ាងធ្ងន់របស់អាមេរិក។
ចំណែកប្រធានាធិបតីអុីរ៉ង់លោក ហាសាន់ រ៉ូហានី បានព្រមានប្រឆាំងនឹង សហរដ្ឋអាមេរិក ប្រសិនបើប្រទេសមហា អំណាចមួយនេះ ហ៊ានវាយប្រហារទៅលើប្រទេសស៊ីរីម្តងទៀត។
យោងតាមសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ ២០១៧ បានឲ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក រ៉ូហានី នៅក្នុងសន្និ សីទសារព័ត៌មាននៅថ្ងៃចន្ទថា «ការវាយប្រហារណាមួយដោយសហរដ្ឋអាមេរិក ឬប្រទេសលោកខាងលិចផ្សេងទៀត គឺ អាចរុញច្រានតំបន់ឲ្យធ្លាក់ចូលក្នុងស្ថានការណ៍ដ៏គ្រោះថ្នាក់មួយ»។
ប្រធានាធិបតីអ៊ីរ៉ង់រូបនេះបានបន្ថែមថា ការវាយប្រហារដោយមីស៊ីលរបស់អាមេរិក ប្រឆាំងនឹងមូលដ្ឋានទ័ពអាកាសស៊ីរីកាល ពីសប្តាហ៍មុន គឺខុសមូលដ្ឋានគោលដៅ ដែលការបាញ់ប្រហារបែរជាផ្តល់ផល ប្រយោជន៍ឲ្យក្រុមភេរវករទៅវិញ។
តំណែងប្រធានាធិបតីស៊ីរីរបស់លោក អាល់អាសាដ គឺពលរដ្ឋស៊ីរី ជាអ្នកសម្រេច។ ប៉ុន្តែ កាដូមីស៊ីល Tomahawk មានតម្លៃ ជាង៩០លានដុល្លារ ដែលអាមេរិកបាន ប្រគល់ឲ្យលោក អាសាដ គឺជាការបញ្ជាក់ យ៉ាងច្បាស់ថា លោក អាល់អាសាដ ត្រូវតែចាកចេញបើចង់បញ្ចប់សង្គ្រាមនៅស៊ីរី៕
ប្រែសម្រួល៖ ម៉ែវ សាធី