ខេត្តបាត់ដំបង៖ ស្រ្តីម្នាក់ត្រូវបានរថយន្តដឹកស្រូវធុនធំបុកកិនស្លាប់ក្រោយពីគេដឹកបញ្ជូនទៅដល់មន្ទីរពេទ្យខណៈដែលរថយន្តបង្កបានបើកជែងគោយន្តហើយទៅបុកស្រ្តីរងគ្រោះកំពុងជិះកង់លើចិញ្ចើមថ្នល់តែម្នាក់ឯង។
ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ស្រ្តីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ គួប តាវី អាយុ៥០ឆ្នាំ រស់នៅភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល។
ជុំវិញបញ្ហានេះ បើតាមប្រភពព័ត៌មានសាក្សីឃើញហេតុការណ៍ប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញស្រ្តីរងគ្រោះបានជិះកង់ចេញពីវត្តជ្រោយស្តៅ ក្នុងទិសដៅពីជើងមកត្បូង លុះមកដល់កន្លែងកើតហេតុស្រាប់តែមានរថយន្តដឹកផ្ទុកស្រូវធុនធំមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ3B ៩៣៧៧ បានធ្វើដំណើរស្របទិសគ្នាហើយបើកប្រជែងគោយន្ត១គ្រឿង ក៏ជ្រុលទៅបុកនិងកិនស្រ្តីរងគ្រោះ ទទួលរងរបួសធ្ងន់ បន្ទាប់មកស្រ្តីរងគ្រោះត្រូវបានគេដឹកតាមរថយន្តរបស់មន្ទីរពេទ្យ យកទៅសង្រ្គោះជីវិតនៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល នៅពេលដល់មន្ទីរពេទ្យស្រ្តីរងគ្រោះបានស្លាប់ តែម្តង។ក្នុងហេតុការណ៍នេះ អ្នកបើករថយន្តបង្កត្រូវបានគេស្គាល់ឈ្មោះ តិ ម៉ាប់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើ សមត្ថកិច្ចប្រាប់ឱ្យដឹងថាមូលហេតុបង្កឡើងដោយ រថយន្តបបើកជែងមិនប្រុងប្រយ័ត្ន។ នៅកន្លែងកើតហេតុក្រោយពីសមត្ថកិច្ចវាស់វែងតាមជំនាញរួចហើយ ក៏បាននាំយក រថយន្តបង្កនិងកង់ជនរងគ្រោះមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោលដើម្បីទុកចាត់ការតាមផ្លូវច្បាប់។ចំណែកអ្នកបើករថយន្តបង្កសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ឃាត់ខ្លួន យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
ដោយ៖ សំ វិច្ឆិកា