អាជីវករផ្សារក្រមួនតវាសុំឲ្យអាជ្ញាធររៀបចំផ្សារ ឆ្លៀតយកដីចំណីផ្លូវធ្វើអាជីវកម្មនៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ក្រុមអ្នកលក់ដូរបន្លែ ផ្លែឈើនិងលក់សាច់ជ្រូកនៅផ្សារក្រមួន ស្ថិតនៅ ភូមិរោងបន្លែសង្កាត់ស្វាយរៀង ក្រុងស្វាយរៀងបាននាំគ្នាតវ៉ាសុំឲ្យអាជ្ញាធរក្រុងស្វាយរៀងរៀបចំកន្លែង តូប ក្នុងផ្សារ ក្រមួនសារជាថ្មីដើម្បីឲ្យប្រជាពលរដ្ឋក្រីក្រ អ្នកលក់បន្លែ លក់សាច់ជ្រូក មានកន្លែង លក់ដូរទាំងអស់គ្នា ។ មិនតែប៉ុណ្ណោះបាន ចោទប្រកាន់ថា មានអ្នកមានផ្ទះនៅផ្ទះជួរ ទៅចាប់ដី រំលោភយកដីចិញ្ចើមថ្នល់ជាដីសាធារណៈរបស់រដ្ឋធ្វើតូបជួលធ្វើឲ្យអាជីវករដែលលក់ដូរចិញ្ចឹមជីវិតប្រចាំថ្ងៃគ្មាន កន្លែងលក់ ហើយពេលដែលក្រុមអាជីវករតវ៉ាអាជ្ញាធរក្រុងមិនបានដោះស្រាយដោយប្រាប់ថា ពិបាកដោះស្រាយណាស់ ព្រោះ គេចាប់បានមុន។ ការផ្ទុះជម្លោះនិងតវ៉ា នេះកើតឡើង ២ថ្ងៃមកហើយគឺចាប់ពីថ្ងៃទី១៨-១៩ ខែមេសា ឆ្នាំ២០១៧ ពុំទាន់ មានដំណោះស្រាយឡើយ ។

បើតាម អាជីវករម្នាក់ឈ្មោះគង់សាវៀង ភេទស្រីអាយុ៥៤ឆ្នាំ លក់សាច់ជ្រូក មានទីលំនៅភូមិរោងបន្លែសង្កាត់ស្វាយរៀងបាននិយាយទាំងទឹកភ្នែកថា គាត់ជាស្រ្តីមេម៉ាយ ប្តីរបស់គាត់ឈ្មោះពត សាម័យ ជាមន្រ្តីនគរបាលបានស្លាប់សព្វថ្ងៃរស់នៅជាមួយកូនស្រីឈ្មោះពតស្រីម៉ៅ អាយុ២៣ឆ្នាំប្រកប មុខរបរលក់សាច់ជ្រូកបន្តិចបន្តួចនៅផ្សារក្រមួននេះគ្រាន់ចិញ្ចឹមជីវិតប្រចាំថ្ងៃ ។ ស្ត្រី រូបនេះបន្តទៀតថា គាត់បានមកលក់សាច់ជ្រូកនៅផ្សារក្រមួននេះ២០ឆ្នាំមកហើយ តាំងតែពីមិនទាន់កើតជាផ្សារម្លេះ គឺដាក់ លក់សាច់ជ្រូកមួយគ្រែនៅលើចិញ្ចើមថ្នល់ជាប់របងសាលប្រជុំឆ្នេទន្លេ ដោយដាក់ ឆ័ត្រលក់ ។

ក្រោយមកក៏មានឈ្មោះចូវ យុនភេទស្រី ដែលមានផ្ទះនៅផ្ទះជួរ ស្ថិត នៅភូមិរោងបន្លែដែរបានធ្វើតូបខាងក្រោយផ្ទះលើចំណីផ្លូវសម្រាប់លក់ដូរ ហើយបាន ឆ្លងថ្នល់ទៅចាប់ដីលើចិញ្ចើមថ្នល់ម្ខាងទៀត ដែលជាកន្លែងគាត់ដាក់គ្រែលក់សាច់ជ្រូក ១០ឆ្នាំមកហើយនោះ ដោយប្រាប់ថា ជួល ឆត្រ័គេពិបាកលក់ណាស់គាត់សុំធ្វើតូប ហើយជួលមួយថ្ងៃ១៥០០ រៀល ដាក់គ្រែ ពីរ៣០០០រៀល គាត់ (គង់សាវៀង) បាន យល់ព្រមនិងជួលតូបដាក់គ្រែមួយតម្លៃ ១៥០០រៀលក្នុងមួយថ្ងៃស្រាប់តែនៅថ្ងៃ ទី១៨ ខែមេសា ឆ្នាំ២០១៧ឈ្មោះចូវយុននិងកូនបានមកបិតទ្វាតូបរួចយកគ្រែរបស់គាត់ដាក់លក់សាច់ជ្រូកចេញនិងឈប់ ជួលឲ្យគាត់លក់ទៀត តើគាត់ទៅលក់កន្លែង ណា? ពីព្រោះគាត់លក់សាច់ជ្រូកនៅកន្លែងនេះម្ភៃឆ្នាំមកហើយ។

រីឯ ស្ត្រីឈ្មោះចូវ យុន អាយុ៥៨ឆ្នាំ ដែលជាម្ចាស់តូបបាននិយាយថា គាត់បាន ចាប់ដីចំណីផ្លូវនេះ ធ្វើតូបជួលបានជាង១០ ឆ្នាំមកហើយគឺជួលឲ្យមនុស្ស២នាក់ ហើយបានបង់ប្រាក់ឲ្យអាជ្ញាធរក្រុងស្វាយរៀង ក្នុងមួយឆ្នាំ៥ម៉ឺនរៀល បច្ចុប្បន្នគាត់ឈប់ ជួលដោយចង់យកតូបកន្លែងនេះឲ្យកូន លក់ដូរដែរ រីឯខាងក្រោយផ្ទះទុកសម្រាប់ចេញចូលរថយន្ត ។

ចំណែកក្រុមអាជីវករផ្សេងទៀតបាន និយាយថា ដោយមានអ្នកលក់ដូរមកលក់នៅទីនេះច្រើនកើតជាផ្សារក្រោយមកមានអ្នកលក់ដូរចាប់ហួយលក់ខោអាវនិងលក់ ផ្លែឈើ មកចាប់ដីធ្វើតូបលក់ដូរ ស្រាប់តែប្រជាពលរដ្ឋមួយចំនួនដែលមានផ្ទះនៅផ្ទះជួរដែលដីខាងក្រោយផ្ទះ(ចិញ្ចើមថ្នល់) ជាប់ថ្នល់ក៏បានធ្វើតូបជួល ខាងក្រោយផ្ទះនិងឆ្លងថ្នល់ទៅចាប់ដីចំណីផ្លូវរបស់រដ្ឋធ្វើ ជាកម្មសិទ្ធិរួចចាក់ដីធ្វើតូបជួលនិងដាក់ ឆត្រ័ជួលធ្វើឲ្យបាត់បង់កន្លែងលក់ដូររបស់ ពួកគាត់ ដែលមានផ្ទះនៅឆ្ងាយដូចជា អ្នកលក់សាច់ជ្រូក សាច់មាន់ លក់ត្រី លក់បន្លែ ។ ជាពិសេស អ្នកក្រីក្រលក់តាមកញ្ច្រែងកញ្ជើល្អី ត្រូវបង្ខំចិត្ត ជួលកន្លែង គេលក់ (ក្រោយផ្ទះគេ ដីគេចាប់បានមុន)ធ្វើឲ្យពួកគាត់ចំណាយប្រាក់ច្រើនគឺបង់ថ្លៃដី ថ្លៃឆត្រ័ ថ្លៃតូប និងបង់ថ្លៃភាស៊ី ផង ។ ដូច្នេះពួកគាត់ដែលគ្មានកន្លែងលក់ខ្លួនឯងសំណូមពរដល់រាជរដ្ឋាភិបាល និងអាជ្ញាធរមេត្តាអន្តរាគមន៍ឲ្យអាជ្ញាធរខេត្តដោះស្រាយ រៀបចំផ្សារជាថ្មីដើម្បីឲ្យពួកគាត់ដែលមានជីវភាពក្រីក្រមានកន្លែងលក់ដូរស្របច្បាប់ផង ។

ទាក់ទិនករណីការតវ៉ារបស់អាជីវករនេះលោកឈីវ សារ៉ន អភិបាលរងនៃគណៈអភិបាលក្រុងស្វាយរៀងឲ្យដឹងថា រឿង អាជីវករជួល ដី ជួលតូបនោះ គឺជាការព្រមព្រៀងនិងការសម្របសម្រួលគ្នា រវាង ម្ចាស់ដីម្ចាស់តូបជាមួយអ្នកជួល ។ ទោះបី ដីនេះជាចិញ្ចើមថ្នល់ជាដី សាធារណៈរបស់ រដ្ឋពិតមែនក៏ប៉ុន្តែប្រជាពលរដ្ឋគាត់សំអាងថា ពួកគាត់មានផ្ទះជាប់ទីនេះពួកគាត់ចាប់បានមុន ទើបពិបាកដោះស្រាយ។ ហើយបើអ្នកណាម្នាក់មិនសុខចិត្តសូមឲ្យដាក់ពាក្យបណ្តឹងទៅសាលាសង្កាត់ស្វាយរៀងចាំ អាជ្ញាធរដោះស្រាយ ។ ចំពោះអាជីវករ ម្ចាស់ តូបនិយាយថា គាត់បង់ឲ្យអាជ្ញាធរ ក្រុង៥ម៉ឺនរៀលក្នុង១ឆ្នាំនោះ គឺមានបង់ មែនក៏ប៉ុន្តែអ្នកបង់គឺបង់បួនប្រាំតូបប៉ុណ្ណោះ គឺដើម្បីជួយការ ពារសន្តិសុខសណ្តាប់ធ្នាប់ជូនពួកគាត់ហើយនៅឆ្នាំ២០១៧នេះឈប់បង់ហើយ ។

ប្រជាពលរដ្ឋបានរិះគន់ថា ដោយសារតែអាជ្ញាធរក្រុងបានកម្រៃ ទើបបណ្តោយឲ្យអ្នករស់នៅជិតផ្សារក្រមួន មួយចំនួនយកដីសាធារណៈរបស់រដ្ឋធ្វើអាជីវកម្ម ហើយពេលមានជម្លោះគ្មានដំណោះស្រាយ ៕ យឹម សុថាន

IMG-20170420-WA0014 IMG-20170420-WA0015

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print