ប្រធានាធិបតីចាំផ្ទះកូរ៉េខាងត្បូង លោក Hwang Kyo ahn នៅថ្ងៃទី២០ ខែមេសាបានបញ្ជាឲ្យកម្លាំងទាហានប្រទេសនេះបង្កើនស្មារតីត្រៀមលក្ខណៈ ធ្វើសង្គ្រាម ទប់ទល់នឹងកូរ៉េខាងជើង ។
សារព័ត៌មានយុនហាប់បានដកស្រង់សម្តី លោក Hwang Kyo ahn មកបញ្ជាក់ ថា «ខ្ញុំសូមអំពាវនាវឲ្យកម្លាំងទាហានតាមដានសកម្មភាពទាំងឡាយ ពិសេសគឺការ ឌឺដងរបស់កូរ៉េខាងជើង ហើយកម្លាំង ទាហានទាំងអស់ត្រូវតែត្រៀមខ្លួនដើម្បី តបត នឹងសត្រូវ»។ លោក ប្រធានាធិបតីចាំផ្ទះកូរ៉េខាងត្បូងបានបញ្ជាក់ទៀតថា កូរ៉េខាងជើង អាចនឹងមានសកម្មភាពឌឺដង គ្រប់ពេលវេលា ពិសេសគឺការសាកល្បងគ្រាប់បែកបរមាណូជាលើកទី៦ នាពេល អនាគតដ៏ខ្លីខាងមុខ។
ការប្រកាសរបស់ប្រធានាធិបតីកូរ៉េខាងត្បូង កើតឡើងចំពេលដែលក្រុមអ្នកឯកទេសបានលើកឡើងថា កូរ៉េខាងជើង អាចសាកល្បងគ្រាប់បែកបរមាណូជាលើកទី៦នៅថ្ងៃទី២៥ខែមេសាខាងមុខ ចំពេលប្រទេសនេះប្រារព្វខួប ៨៥ឆ្នាំថ្ងៃបង្កើតកម្លាំង ទាហាន។
ភាពតានតឹងនៅឧបទ្វីបកូរ៉េ កាន់តែខ្លាំង ឡើង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុង ក្រោយនេះ ក្រោយពេលប្រទេសនេះធ្វើការសាកល្បងមីស៊ីលជាបន្តបន្ទាប់។ អ្វីដែលចាប់អារម្មណ៍បំផុតនោះគឺអាមេរិកបាន បញ្ជូនកម្លាំងទាហាននិងអាវុធទំនើបៗជាច្រើន មកកាន់ឧបទ្វីបកូរ៉េ ក្នុងនោះមាន នាវាផ្ទុកយន្តហោះរួមជាមួយក្រុម នាវា ចម្បាំងជាទ្រង់ទ្រាយ ធំ ព្រមទាំងនាវា មុជទឹក បំពាក់កាំជ្រួចមីស៊ីល៧០០ ដែលអាចកម្ទេចទីតាំងនានារបស់កូរ៉េខាងជើង បានគ្រប់ពេល។
ពាក់ព័ន្ធនឹងស្ថានភាពនៅឧបទ្វីបកូរ៉េ តាមសារព័ត៌មានផ្លូវការកូរ៉េខាងជើង បាន ឲ្យដឹងថា ការបញ្ជូននាវាចម្បាំងអាមេរិក មកក្បែរឧបទ្វីបកូរ៉េរដ្ឋាភិបាលក្រុងព្យុងយ៉ាងបានព្រមាន ថា នឹងធ្វើសង្គ្រាម ព្រោះពេលនេះស្ថានភាពក្នុងតំបន់បានឡើងតានតឹងខ្លាំងគួរឱ្យ ព្រួយបារម្ភ។ ការពង្រាយ កម្លាំងទ័ពអាមេរិក ដែលជាដំណាក់កាលឈានឆ្ពោះទៅដល់ការឈ្លានពាន នេះធ្វើឲ្យកូរ៉េខាងជើងមិនបង្អង់យូរត្រូវតែបញ្ចេញប្រតិកម្មតបទៅនឹងសកម្មភាពបញ្ជូននាវាចម្បាំងអាមេរិក ទៅកាន់ឧបទ្វីបកូរ៉េ ហើយ ព្យុងយ៉ាងរបស់ គីម ជុងអ៊ុន ហាក់ដូចជា មិនប្តូរឥរិយាបថ និងញញើត ចំពោះពាក្យគំរាមរបស់អាមេរិកនោះឡើយ។ “ព្យុងយ៉ាង នឹងចាត់វិធានការតបវិញ ដោយប្រើអាវុធ តែម្តង ប្រឆាំងនឹងអ្នកបង្កហេតុដើម្បីការពារខ្លួន” នេះជាការគូសបញ្ជាក់របស់អ្នកនាំ ពាក្យក្រសួងការបរទេសកូរ៉េខាងជើង ដែលមានចុះផ្សាយក្នុងទំព័រកាសែតផ្លូវការ KCNA ដោយបន្ថែមទៀតថា “សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ត្រៀម ជាស្រេចនឹងធ្វើ គ្រប់សង្គ្រាមដែលអាមេរិកចង់បាន”។
សម្រាប់ ព្យុងយ៉ាង ប្រសិនបើមាន សង្គ្រាម គឺអាមេរិកជាអ្នកទទួលខុសត្រូវ និងត្រូវទទួលនូវផលវិបាកជាមហន្តរាយខ្លាំង អំពីសកម្មភាពអាស្រូវរបស់ខ្លួន។ តាំងពីថ្ងៃសៅរ៍មក កូរ៉េខាងជើង បានប្រឹង សំញែងខ្លួនថាមិនចុះញ៉ម ចាញ់សម្លុតទេ ព្រោះការវាយប្រហាររបស់អាមេ រិកកាន់តែបញ្ជាក់បានអំពីភាពត្រឹមត្រូវនៃការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ៕ ម៉ែវ សាធី